ពីនេះ ពីនោះ
អនិច្ចា​រាស្ត្រ​ខ្មែរ
14, Mar 2015 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
                                        អនិច្ចា​រាស្ត្រ​ខ្មែរ


                    ប​ទៈ ពាក្យ៧

-អនិច្ចា​រាស្ត្រ​ខ្មែរ​ច្រើន​ជំនាន់        ដែល​កើតមក​ទាន់​ភ្លើងសង្គ្រាម
ប្រាថ្នា​ឲ្យ​ស្រុក​បាន​ស្ងប់ស្ងៀម        មិន​ចង់ឃើញ​ឈាម​ខ្មែរ​ហូរ​ទៀត។
-ជាច្រើន​ទសវត្ស​ខ្មែរ​រង​ទុក្ខ        ចម្បាំង​ក្នុងស្រុក​អាប់ឱន​ជាតិ
ស្រាយ​មិនចេះ​អស់រឿង​វិវាទ        មួយ​ហើយ​មួយទៀត​មិនចេះចប់។
-ពីមុន​ខំប្រឹង​ដេញ​ពួក​យួន        ដល់​ចិតប្រាំបួន​រឿង​យួន​ស្ងប់
បិទ​ច្រក​មិន​ឲ្យ​ស្ដេច​ត្រឡប់        មក​ភប់ប្រសព្វ​លើទឹក​ដី។
-នាំគ្នា​ជេរ​ស្ដេច ចិន​ប៉េកាំង        ថា​ជា​ពួក​ខ្មាំង​អ​តិរ្ថិយ
ជួយ​ពួក​ប៉ុលពត​ឲ្យ​ប្រល័យ        រាស្ត្រ​ខ្មែរ​ប្រុស​ស្រី​អស់​រាប់លាន។
-ដល់​ឆ្នាំ​កៅ​បី​ស្ដេច​ចូល​ស្រុក        ស្ងាត់​ដូច​គេ​ចុក​លែង​បៀតបៀន
ពាក្យ​ដៀល​ប្រមាថ​ក៏​លែងមាន        គ្មាន​អ្នកណា​ហ៊ាន​ចេញ​វាចា។
-អត់​ពី​ស្តេច​តា​រឹតតែ​យ៉ាប់        គេ​ឆ្ការ​គេ​កាប់​អស់​ព្រឹក្សា
អភិវឌ្ឍន៍ សម្បទាន​ខ្លាំង​អស្ចារ្យ    គ្មាន​សល់​ត្រង់ណា​ជម្រក​សត្វ។
-ដល់​ពួក​ចិន យួន​ចូល​ពេញ​ស្រុក    រាស្ត្រ​ខ្មែរ​ជួប​ទុក្ខសោក​វិបត្តិ
គេ​រឹប​យក​ដី​ដេញ​រាស្ត្រ​ខ្ចាត់        អ្នកធំ​ស្ងៀមស្ងាត់​ធ្វើ​ព្រងើយ។
-រឿង​ចិន សៀម យួន​ធ្វើបាប​ខ្មែរ    មិនអាច​កែប្រែ​ប្រវត្តិ​ឡើយ
សត្រូវ​បាន​ក្លាយជា​មិត្ត​ហើយ        ចុះ​ម្តេច​ខ្មែរ​អើយ​ខ្វះ​សាម​គ្គា។
-បត់បែន​ខ្លាំងពេក​រាស្ត្រ​មិន​យល់    តែ​នៅតែ​ឆ្ងល់​ឥត​គណនា
ខ្មែរ​នៅតែ​ទាស់​ហែកហួរ​គ្នា        មូលហេតុ​គឺជា​រឿង​អ្វី​ដែរ?
-ជនរងគ្រោះ​ពិតជា​អ្នកណា?        អ្នក​កើប​ដុល្លារ​ឬ​រាស្ត្រ​ខ្មែរ?
អ្នកណា​បំផ្លាញ​អ្នកណា​ថែ?        ឬ​អ្នក​គិតតែ​ប្រយោជន៍​ខ្លួន?៕

និពន្ធ​ដោយៈ ព្រុំ គឹម​ជឿន, កែសម្រួលៈ វិឆ័យ សុ​ភី





© រក្សាសិទ្ធិដោយ thmeythmey.com