ពីនេះ ពីនោះ
ទស្សនៈ​នៃ «ការគិត​ខុសគ្នា» រវាង​​អ្នកមាន និង​អ្នកក្រ!
14, Mar 2015 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ


និយាយ​អំពី​លក្ខណៈ​របស់​អ្នកមាន និង​អ្នកក្រ គឺ​គ្មានអ្វី​ខុសប្លែក​ទេ។ អ្នកមាន និង​អ្នកក្រ​មាន​រូបរាង ដៃ ជើង មុខមាត់ ថ្លើម ប្រ​ម៉ាត់ ខួរក្បាល និង​បេះដូង...ដូច​តែ​គ្នា ហើយ​ក៏មាន​ពេលវេលា២៤ម៉ោង​ក្នុង​មួយថ្ងៃ​ដូចគ្នា​ដែរ។ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​លទ្ធផល​ខុសគ្នា គឺ​ដោយសារតែ​ការគិត​ឬ​គំនិត​ខុសគ្នា។



អ្នកក្រ​គិតថា៖ «ខ្ញុំ​មិន​ចង់​មានបាន​អ្វី​ទេ សុំ​ត្រឹមតែ​ហូប​ទៅបាន​ហើយ»។
អ្នកមាន​គិតថា៖ «ខ្ញុំ​មិន​ចង់បាន​ត្រឹមតែ​ហូប​ទេ តែ​ខ្ញុំ​ចង់​មានបាន​រហូតដល់​សល់​ទៀតផង»។

ការ​ចង់មានចង់បាន​ត្រឹមតែ​រស់ គឺ​គ្រាន់តែ​ជា​លេស​ដោះសារ​នៃ​មនុស្ស​ខ្ជិល​តែប៉ុណ្ណោះ គ្មាន​បុគ្គល​ណា​អាច​កម្រិត​នូវ​ចំណង់​របស់ខ្លួន​បានទេ លុះត្រាតែ​បុគ្គល​នោះ​អត់​មាន​តណ្ហា​តែម្តង។ ការនិយាយ​បែបនេះ គឺ​និយាយ​ឲ្យ​តែ​ពីរោះ​ស្តាប់​តែប៉ុណ្ណោះ។ នៅលើ​លោក​នេះ​គ្មាន​ជន​ណា​ចង់បាន​តិច​ទេ។ ការចង់បាន​ដើម្បី​តែមួយ​រស់ គឺជា​គំនិត​អាត្មានិយម​ដែល​កើតមក​ប្រាថ្នា និង​ធ្វើ​កិច្ចការងារ​ដើម្បី​តែ​ខ្លួនឯង មិន​គិត​ចង់​ជួយ​អ្នកដទៃ។ យើង​មិន​អាចជួយ​អ្នកដទៃ​បាន​ដោយ​មិនទាន់​ជួយ​ខ្លួនឯងបាន​នោះទេ។ នៅពេល​អ្នក​ប្រាថ្នា​ចង់បាន​ត្រឹម​តែមួយ​រស់​មានន័យថា អ្នកមាន​ចំណង់​តូច​ណាស់ ហើយ​ការចង់បាន​តូច​ពេក​វា​នឹង​នាំ​ឲ្យ​គំនិត​របស់​អ្នក​គ្មាន​មហិច្ឆតា។ គិត​តូច ធ្វើ​តូច ប្រាកដជា​បាន​តូច។ គិត​ធំ ចង់បាន​ធំ ធ្វើ​ឲ្យ​ធំ ប្រាកដជា​បាន​ធំ។

មនុស្ស​យើង​មាន​សមត្ថភាព​ខ្ពស់ ធំ គឺ​អាស្រ័យទៅលើ​ការខិតខំ​ប្រឹងប្រែង ហើយ​វា​ចាប់ផ្តើម​ចេញមក​ពី​ការគិត​ធំ ចង់បាន​ច្រើន​ជាមុនសិន។ ការចង់បាន​ច្រើន​ហើយ​សល់ ទើប​អាចជួយ​អ្នកដទៃ​បាន។ កើតជា​មនុស្ស​កុំ​ប្រាថ្នា​សុំ​ត្រឹមតែ​បី​ពេល ត្រូវ​ប្រាថ្នា​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​មនុស្ស​ច្រើន​ទៀត ព្រោះ​មាន​មនុស្ស​ច្រើនណាស់​កំពុង​អត់ឃ្លាន មាន​មនុស្ស​ច្រើនណាស់​ដែល​កំពុង​រង់ចាំ​ជំនួយ ខណៈពេល​យើង​ហូប​ឆ្អែត៕

ប្រភព៖ ដកស្រង់​ពី​សៀវភៅ​រលាស់​ខ្លួន​ពី​ក្រ​ទៅ​មាន


© រក្សាសិទ្ធិដោយ thmeythmey.com