អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូនជី​អាយុ៧៥ឆ្នាំ​ត្រូវ​ចោរ១២នាក់​រួមគ្នា​ចាប់រំលោភ​នៅ​ឥណ្ឌា
15, Mar 2015 , 11:18 am        
រូបភាព
ដោយ:
ប៉ូលិស​ឥណ្ឌា​បាន​ប្រាប់អោយដឹង​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា មាន​ដូនជី​អាយុ៧៥ឆ្នាំ​ម្នាក់ ត្រូវបាន​ចោរ១២នាក់​រួមគ្នា​ចាប់រំលោភ។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស២នាក់ ហើយ​ដូនជី​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ។


ហេតុការណ៍ ចាប់រំលោភ​ដូនជី បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា។ ចោរ១២នាក់​បាន​ចូលទៅ​ទី​ស្នាក់នៅ​របស់​ដូនជី ហើយ​បាន​រួមគ្នា​ចាប់រំលោភ​គាត់។ ជាថ្មី​ម្តងទៀត ប្រជាជន​ខឹងសម្បារ​ជាខ្លាំង​ចំពោះ​ហេតុការណ៍​ចាប់រំលោភ​ឥត​ស្វាង​ក្នុងប្រទេស។ ពួកគេ​បាននាំគ្នា​ចុះ​បាតុកម្ម​តាម​ដងផ្លូវ និង​បាន​បិទ​ផ្លុ​វ​ដែល​ស្ថិតនៅ​ជិត​ទី​ស្នាក់នៅ​របស់​ដូនជី​រងគ្រោះ។ ពួកគេ​ទាមទារ​អោយ​អាជ្ញាធរ​ចាត់វិធានការ​ប្រឆាំងនឹង​បទឧក្រិដ្ឋ។ លោកស្រី Mamata Banerjeeជា​ប្រធាន​រដ្ឋ​Paschimbanga នៅ​ភាគ​ឦសាន បាន​សន្យា​ចាត់វិធានការ​ធ្ងន់ធ្ងរ​និង​ឆាប់រហ័ស​ចំពោះ​បញ្ហា​នេះ។ 

ហេតុការណ៍​នេះ​បានកើត​ឡើង​មួយ​សប្តាហ៍ ក្រោយ​អាជ្ញាធរ​ហាមឃាត់​ការចាក់ផ្សាយ​ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍​BBC ស្តីពី​ស្ថានភាព​ស្ត្រី​ក្នុងស្រុក​ឥណ្ឌា។ ភាពយន្ត​នេះ​មាន​ចំណងជើង​ថា India's Daughter ផ្តោត​ការចាប់អារម្មណ៍​លើ​និស្សិត​ស្រី​ឥណ្ឌា​មួយរូប ដែល​ត្រូវបាន​ជនពាល៤នាក់​រួមគ្នា​ចាប់រំលោភ និង​វាយ​ធ្វើបាប​រហូតដល់​ស្លាប់ កាលពី​ចុងឆ្នាំ២០១២ នៅ​ក្រុង​ញូ​វ​ដេល្លី។ រដ្ឋអំណាច ឥណ្ឌា​ហាម​មិនអោយ​ចុះផ្សាយ​ភាពយន្ត​ឯកសារ​នេះ ក្នុង​ហេតុផល​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ។ ប៉ុន្តែ រដ្ឋអំណាច​បាន​រង​ការ​រិះគន់ថា ហាមប្រាម​ការផ្សាយ​នេះ គឺ​ដើម្បី​មុខមាត់​របស់​ឥណ្ឌា ក្នុង​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ។

ក្រោយ​ហេតុការណ៍​ចាប់រំលោភ​និស្សិត​ស្រី​កាលពី​ចុងឆ្នាំ២០១២មក រដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​ច្បាប់​ទាក់ទង​នឹង​បទឧក្រិដ្ឋ​ចាប់រំលោភ យ៉ាង​ទូលំទូលាយ​ដើម្បី​ព​ន្លឿ​ន​ការកាត់ទោស និង​ដាក់ទោស​ជនល្មើស​អោយ​កាន់តែ​ធ្ងន់។ ប៉ុន្តែ បណ្តា​ក្រុម​ការពារ​សិទ្ធិ​ស្ត្រី​បាន​លើកឡើងថា យោងតាម​ភាពជាក់ស្តែង ដំណើរការ​កំណែទម្រង់​នេះ​មិនល្អ​ប្រសើរ​ប៉ុន្មាន​ឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com