អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ព្រមាន​ចាត់វិធានការ​ឆ្លើយតប​នឹង​មី​យ៉ាន់​ម៉ា​រឿង​បញ្ហា​នៅតាម​ព្រំដែន
16, Mar 2015 , 4:22 pm        
រូបភាព
ដោយ:

នាយករដ្ឋមន្ត្រី​ចិន​លោក​Li Keqiangបាន​ព្រមាន​នឹង​ចាត់វិធានការ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយនឹង​មី​យ៉ាន់​ម៉ា។សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​ក្រោយពី​មានការ​បំផ្ទុះ​គ្រាប់បែក​ពី​យន្តហោះ​របស់​មី​យ៉ាន់​ម៉ា​នៅក្នុង​ដែន​អធិបតេយ្យ​របស់​ចិន​ហើយ​បាន​បណ្តាល​ឲ្យ​ជនស្លូតត្រង់​បួន​នាក់​សា្ល​ប់។



ក្រោយពី​មានការ​បំផ្ទុះ​គ្រាប់បែក​ដោយ​យន្តហោះ​មី​យ៉ាន់​ម៉ា​នៅក្នុង​ដែន​អធិបតេយ្យ​របស់​ចិន​និង​បាន​បណ្តាល​ឲ្យ​ប្រជាជន​ស្លូតត្រង់​ស្លាប់​បួន​នាក់លោក​នាយករដ្ឋមន្ត្រី​ចិន​Li Keqiangបាន​ប្រតិកម្ម​យ៉ាងខ្លាំង​ហើយ​បាន​ព្រមាន​ថា​នឹង​ចាត់វិធានការ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបំពាន​នេះ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ។

នៅក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ​បញ្ហា​សន្តិសុខ​នៅតាម​ព្រំដែន​ចិន​និង​មី​យ៉ាន់​ម៉ា​បាន​ក្លាយជា​ចំណុច​ច​ម្រោ​ង​ចម្រាស់​រវាង​រដ្ឋាភិបាល​ទាំងពីរ។ក្នុងនោះ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ចោទ​រដ្ឋាភិបាល​ចិន​ដែល​បាន​ជួយ​ផ្គត់ផ្គង់​នូវ​ក្រុម​ឧទ្ទាម​ដែល​កំពុងតែ​ផ្ទុះ​ជម្លោះ​ជាមួយនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា។ក៏ប៉ុន្តែ​ចិន​បាន​បដិសេធ​មិន​ទទួលស្គាល់​លើ​ការចោទប្រកាន់​នេះ។
យ៉ាងណាមិញ​ក្រោយពី​ប្រជាជន​ចិន​បួន​នាក់​បាន​ស្លាប់​និង​ជាច្រើន​នាក់​បាន​របួស​ដោយសារ​ការ​បំផ្ទុះ​ដោយ​យន្តហោះ​នៅ​ព្រំដែន​ចិន​នោះ​រដ្ឋាភិបាល​ទីក្រុង​បេ​កាំ​ង​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​ការឈ្លានពាន​នេះ។ក្នុងនោះ​លោកនាយក​រដ្ឋមន្ត្រី​Li Keqiangបានបញ្ជាក់​នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​របស់​សភា​ថា​រដ្ឋាភិបាល​នឹងធ្វើ​ការទទួល​ខុស​និង​មាន​សមត្ថភាព​ក្នុង​ការធានា​សន្តិសុខ​និង​ការពារ​ប្រជាជន​ដែល​រស់​នៅតាម​បណ្តា​យ​ព្រំដែន។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ទៀតថា​រដ្ឋាភិបាល​នឹង​បញ្ជូន​កងទ័ព​ទៅតាម​ព្រំដែន​ប្រទេស​ទាំងពីរ​ប្រសិនបើ​ទាហាន​មី​យ៉ាន់​ម៉ា​នៅតែ​បំពាន​អធិបតេយ្យ​របស់ខ្លួន។
ទាក់ទិន​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នេះដែរ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានធ្វើ​ការសុំ​អភ័យទោស​ទៅកាន់​រដ្ឋាភិបាល​ចិន​លើ​ការស្លាប់​នោះ តែ​បាន​បដិសេធចោល​នូវ​ការទទួលខុសត្រូវ​លើ​ឧបទ្ទវហេតុ​នោះ។ក្នុងនោះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ការផ្ទុះ​គ្រាប់បែក​នោះ​គឺ​ស្ថិតនៅក្នុង​អធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា​នោះទេ។លោក​បន្ថែមទៀតថា​ប្រសិនបើ​មានការ​បាញ់ប្រហារ​ណាមួយ​នោះ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នឹង​ផ្តល់ដំណឹង​ទៅកាន់​រដ្ឋាភិបាល​ចិន​ជាមុន។

គួរបញ្ជាក់​ផងដែរ​គិត​ចាប់ពី​ខែកុម្ភៈ​មកដល់ពេលនេះ​ការបាញ់ប្រហារ​រវាង​ក​ង​កម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​និង​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ដែល​ជាប់​ព្រំប្រទល់​ជាមួយនឹង​ចិន​នៅ​មិនទាន់មាន​កិច្ចព្រមព្រៀង​ស្តី​បទ​ឈប់​បាញ់​ណាមួយ​ត្រូវបាន​ធ្វើឡើង​ឡើយ។ដូច្នេះ​ការចោទប្រកាន់​គ្នា​រវាង​ចិន​និង​មី​យ៉ាន់​ម៉ា​ក៏​មិន​ផង​អាច​បញ្ចប់​ផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com