ពីនេះ ពីនោះ
គន្លឹះ​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​មាន​ស្មារតី និង​គោលជំហរ​រឹងមាំ!
17, Mar 2015 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ
 


មនុស្ស​មួយចំនួន​តែងតែ​គិតថា ខ្លួនឯង​ជា​មនុស្ស​ទន់ជ្រាយ​ងាយ​នឹង​បាក់​ទឹកចិត្ត មិន​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន និង​ខ្លាច​ការ​កម្លា ឬ​ការ​បំភ័យ​របស់​អ្នកដទៃ​ជាដើម។ មនុស្ស​ប្រភេទ​នេះ​មិនអាច​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយទៅជា​មនុស្ស​រឹងមាំ​បានទេ។ តើ​គួរ​ធ្វើ​បែបណា ទើប​ក្លាយជា​មនុស្ស​ដែលមាន​ស្មារតី​រឹងមាំ​បាន?



១. ត្រូវ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង៖ គឺ​ត្រូវ​គិតថា ត្រូវតែ​ចេះ​រៀបចំខ្លួន ឬ​ធ្វើ​ឲ្យ​ខ្លួនឯង​រឹងមាំ​ទើប​អ្នកដទៃ​គោរព និង​ឲ្យ​តម្លៃ។ ការធ្វើ​បែបនេះ គឺ​ធ្វើ​ឲ្យ​អ្នកដទៃ​មើល​មក​អ្នក​ថា ជា​មនុស្ស​ម្នាក់​ដែល​មិន​ងាយ​នឹង​បាក់​ទឹកចិត្ត ហើយក៏​ជាម​នុស្ស​ដែលមាន​ស្មារតី និង​គោលជំហរ​រឹងមាំ​ទៀតផង។

២. ត្រូវមាន​ទំនុកចិត្ត និង​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន៖ គឺ​អ្នក​ត្រូវ​គិតថា​គេ​អាច​ធ្វើបាន ខ្ញុំ​ក៏​អាចធ្វើ​បានដែរ យ៉ាងហោចណាស់​ក៏ត្រូវ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ថា ប្រសិនជា​ខ្ញុំ​ធ្វើ​មិន​បានល្អ​ដូច​គេ ក៏​ខ្ញុំ​អាច​ធ្វើបាន​ប្រហាក់​ប្រែល​នឹង​គេ​ដែរ។

៣. ត្រូវមាន​ការតាំង​ចិត្ត​ខ្ពស់៖ គឺ​ត្រូវ​គិតថា​គ្នាន​នរណាម្នាក់​ធ្វើ​អ្វី​ល្អឥតខ្ចោះ​នោះទេ ហើយក៏​គ្មាន​នរណាម្នាក់​ជោគជ័យ​ដោយ​មិន​ធ្លាប់​បរាជ័យ​នោះដែរ ជាងនេះទៅទៀត ក៏​គ្មាន​នរណាម្នាក់​មិន​ធ្លាប់​បាក់​ទឹកចិត្ត ឬ​បាក់​ស្មារតី​នោះឡើយ។ ដូច្នេះ​អ្នក​ត្រូវតែមាន​ការតាំង​ចិត្ត​ធ្វើ​វា​ម្តងបន្តិចៗ រហូត​ក្លាយជា​មនុស្ស​ដែលមាន​ស្មារតី​រឹងមាំ​ពិតប្រាកដ៕


© រក្សាសិទ្ធិដោយ thmeythmey.com