ពីនេះ ពីនោះ
ហេតុផលដែលនាំអោយមានអំពើពុករលួយ…
× ប្រសិនបើគេនិយាយពីអំពើពុករលួយ ប្រទេសណាក៏មានដែរ។ នៅប្រទេសបារាំង អាមេរិក ជប៉ុន ចិន កូរ៉េ វាក៏នៅតែមានអំពើពុករលួយដែរ តែកម្រិតអំពើពុករលួយអាចតិចជាងនៅក្នុងប្រទេសកម្ពុជា។ មូលហេតុ គឺដោយសារ ប្រទេសទាំងនោះ មានច្បាប់ ហើយច្បាប់ត្រូវបានគេអនុវត្តតឹងរ៉ឹងបំផុត។ នៅកម្ពុជា ច្បាប់មានមែន តែការអនុវត្តត្រូវធ្វើឡើងដោយទន់ភ្លន់បំផុត ពីព្រោះ ម្យ៉ាង កម្រិតអំពើពុករលួយវាទូលំទូលាយពេក ម្យ៉ាងទៀត មន្ត្រីប្រឆាំងអំពើពុករលួយសាកល្បងអប់រំផង និងគំរាមចាប់ផង។ ការអប់រំមានហើយ ហើយការចាប់ខ្លួនក៏ចេះតែមានជាបន្តបន្ទាប់ដែរ ចុះហេតុអ្វីបានជានៅតែមានមន្ត្រីខ្លះបន្តពុករលួយ?
ចម្លើយទី១ គឺថា ពុករលួយមិនចេះឆ្អែតទេសម្រាប់មន្ត្រីអាក្រក់មួយចំនួននោះ។ ម្យ៉ាងទៀត ពុករលួយបានលុយភ្លាម ស្រួលជាងធ្វើអាជីវកម្មផ្សេងៗ និងទី២ មន្ត្រីខ្លះ ខំប្រឹងពុករលួយនឹងគេដែរ ពីព្រោះ ពួកគេគិតថា បើមិនយកខ្លះ ចុះពេលចាស់ចូលនិវត្តន៍ទៅ បានប្រាក់មកពីណាចាយនឹងគេ? ពេលឈឺបានប្រាក់ពីណាយកមកព្យាបាល បើប្រាក់ខែតិចម្លឹង? ឧទាហរណ៍មួយចំនួនបង្ហាញថា អ្នកស្មោះត្រង់ខ្លះអត់ចេះពុករលួយទាល់តែសោះ។ តែ ពេលចាស់ទៅគ្មានប្រាក់ដើម្បីព្យាបាល ពួកគេសុខចិត្តដេកស្លាប់នៅលើកន្ទេល។
ដូច្នេះ ជាលក្ខណៈសន្យានុម័ត មុននឹងចាប់មន្ត្រីពុករលួយទាំងអស់ តើគេគួរបំពេញក្រពះពួកគេជាមុនសិន និងអប់រំពួកគេជាមុនឬទេ?
© រក្សាសិទ្ធិដោយ thmeythmey.com