ជាតិ
អ្នកកាសែត​ឆ្នើម​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជាង១ពាន់​ដុល្លារ និង​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស
18, Mar 2015 , 1:32 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) និង អង្គការ​តម្លាភាព​កម្ពុ​ជា (TI Cambodia) បាន​សហការគ្នា​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម​ស្តីពី​ការសរសេរ​អត្ថបទ​បង្ហាញ​ពី​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា។ អត្ថបទ​លេខ១ដែល​ចាត់ទុកថា​ជា​អត្ថបទ​ល្អ​បំផុត​នឹងត្រូវ​ទទួល​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ១.២០០ដុល្លារ​អាម៉េរិក និង​មានឱកាស​ទៅ​ចូលរួម​សន្និសីទ​លើក​ទី១៦ ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​ខែកញ្ញា​ឆ្នាំ២០១៥ខាងមុខនេះ។



ការប្រកួត​យកពានរ​ង្វាន់​នេះ​មាន​គោលបំណង​លើកទឹកចិត្ត​អ្នកសារព័ត៌មាន​កម្ពុជា​ឱ្យមាន​ការសរសេរ​ពី​អំពើពុករលួយ​នៅក្នុង​ប្រទេស​ឲ្យ កាន់តែ ច្រើនឡើង ក៏ដូចជា​ផ្តល់ជូន​ស្នា​ដៃដល់​ភាពក្លាហាន​និង​ការប្តេជ្ញាចិត្ត​របស់​អ្នកសារព័ត៌មាន​ដែល​បាន​លាតត្រដាង​ពី​ការរំលោភបំពាន​ផ្នែក​អំណាច។

ការប្រកួត​នេះ​គឺ​បើកទូលាយ​ដល់​អ្នកសារព័ត៌មាន​ក​ម្ពុ​ជា​ដែលមាន​ស្ថាប័ន​ពិតប្រាកដ និង​អ្នកសារព័ត៌មាន​កម្ពុជា​មិនមាន​ស្ថាប័ន​ពិតប្រាកដ​ធ្វើការ​ដោយ​ឯករាជ្យ  (Freelance Journalists) ទាំង​នៅ​ផ្នែក​បោះពុម្ពផ្សាយ (កាសែត និង​ទស្សនា​វ​ដ្តី) និង​តាម​រលកអាកាស (វិទ្យុ និង​ទូរទស្សន៍) ព្រមទាំង​អ្នកសារព័ត៌មាន​អន​ឡាញ/គេហទំព័រ (Online/Website)  និង​អ្នកសរសេរ​ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ ប្លុក (Blog)។

អត្ថបទ​ដែល​នឹងត្រូវ​ដាក់ចូល​ប្រកួតប្រជែង​ត្រូវតែ​បរិយាយ​អំពី​អំពើពុករលួយ​ដែល​អាច ជា​អត្ថបទ​ស៊ើបអង្កេត ឬ​លាតត្រដាង​ពី​ផលប៉ះពាល់​នៃ​អំពើពុករលួយ​រប​ស់បុ​គ្គល របស់​ក្រុម ឬ​របស់​ស្ថាប័ន ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ទាំង បុគ្គល​និង​សង្គម។ ថ្ងៃទី ១៥ ខែមិថុនា គឺជា​ថ្ងៃ​ផុត កំណត់​សម្រាប់​ការដាក់​អត្ថបទ​ចូលរួម​ប្រកួតប្រជែង ហើយ​អត្ថបទ​នោះ​ត្រូវតែ ជា​អត្ថបទ ដែល​ត្រូវបាន​ផ្សាយ​នៅ​ចន្លោះ​ពីថ្ងៃ​ទី១ ខែមករា ឆ្នាំ២០១៥ ដល់​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៥ ។

រង្វាន់​រួមមាន៖
- អត្ថបទ​លេខ១ដែល​ចាត់ទុកថា​ជា​អត្ថបទ​ល្អ​បំផុត​នឹងត្រូវ​ទទួល​រង្វាន់​ជា​ទឹកប្រាក់​ចំនួន១.២០០ដុល្លារ​អាម៉េរិក និង​មានឱកាស​ទៅ​ចូលរួម​សន្និសីទ​លើក​ទី១៦ ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​ខែកញ្ញា​ឆ្នាំ២០១៥ខាងមុខនេះ។
- អត្ថបទ​លេខ២ ទទួល​រង្វាន់​ទឹកប្រាក់​ចំនួន ៩០០ដុល្លារ​អាម៉េរិក
- អត្ថបទ​លេខ៣ ទទួល​រង្វាន់​ទឹកប្រាក់​ចំនួន ៦០០ដុល្លារ​អាម៉េរិក
- អត្ថបទ​លេខ៤ ទទួល​រង្វាន់​ទឹកប្រាក់​ចំនួន ៤០០ដុល្លារ​អាម៉េរិក
- អត្ថបទ​លេខ៥ ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន ២០០ដុល្លារ​អាមេរិក។

ព័ត៌មាន​លម្អិត
ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់នូវ​ព័ត៌មាន ដែល​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រួមគ្នា ប្រឆាំងនឹង​ការរំលោភបំពាន​ផ្នែក​អំណាច និង​ការ​សូកប៉ាន់។ អំពើពុករលួយ​អាច​ត្រូវបាន​ដោះស្រាយ​នៅពេលដែល​បញ្ហា​នេះ​ត្រូវបាន​គេ​រកឃើញ។

 ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ប្រទេស​កម្ពុ​ជាមាន​ភាព​សកម្ម​ខ្លាំងណាស់ ហើយ​ស្របពេល​ជាមួយគ្នានេះ​ផងដែរ ក៏មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​មួយចំនួនទៀត​បាន​រាយ​ការណ៍​ជា​ញឹកញាប់​អំពី​បញ្ហា​អភិបាលកិច្ច និង​អំពើពុករលួយ ដោយ​បង្ហាញ​ពី​ទស្សនៈ​អព្យាក្រឹត​របស់ខ្លួន។ ទោះជា​យ៉ាងណាក៏ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ភាគច្រើន​ត្រូវបាន​គេ​មើលឃើញថា ហាក់ដូចជា​រង​ឥទ្ធិពល​ទាំង​ផ្ទាល់​ផង​និង​ដោយ​ប្រយោល​ផង​ពី​អ្នកមានអំណាច​និង​ទ្រព្យសម្បត្តិ ហើយ​ពួកគេ​ត្រូវបាន​បង្ក្រាប​ដោយ​ផ្លូវច្បាប់ ខណៈដែល​អ្នកសារព័ត៌មាន​ខ្លះទៀត​បានទទួល​រង​ការបង្ក្រាប​លើ​រាងកាយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែលនាំឱ្យ​ពួកគេ​មិនសូវ​ហ៊ាន​រាយការណ៍​ពី បញ្ហា​រសើប។

អ្នកសារព័ត៌មាន​ត្រូវការ​សេចក្តីក្លាហាន​និង ការប្តេជ្ញាចិត្ត​ដើម្បី​រាយការណ៍​ពី​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា។ ហេតុនេះហើយ​បានជា ក.អ.ក និង​អង្គការ​តម្លាភាព​កម្ពុជា​បាន​សហការគ្នា​រៀបចំ​ការប្រកួតប្រជែង​នេះ​ឡើង ដើម្បី​លើកទឹកចិត្ត​អ្នកសារព័ត៌មាន​ឲ្យ​លាតត្រដាង​ពី​ការរំលោភបំពាន​ផ្នែក​អំណាច​ដែលជា​ប្រយោជន៍​ផ្ទាល់ខ្លួន ក៏​ដូច​បង្ហាញ​ពី​ផលវិបាក​នៃ​ទង្វើ​នេះ​ដល់​សាធារណៈជន រួមទាំង​ជា​ជម្រុញឱ្យមាន​ការពិភាក្សា​ពី​បញ្ហា​នេះ។

លក្ខខណ្ឌ​ក្នុងការ​ចូលរួម

ការប្រកួត​នេះ​គឺ​បើកចំហ​ជាទូទៅ​សម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​គ្រប់រូប​ទាំង​អ្នកសារព័ត៌មាន​មាន​ស្ថាប័ន​ពិតប្រាកដ និង​អ្នកសារព័ត៌មាន​មិនមាន​ស្ថាប័ន​ពិតប្រាកដ​ដែល​ធ្វើការ​ដោយ​ឯករាជ្យ រួមទាំង​អ្នកសរសេរ​ព័ត៌មាន​តាម​ប្លុក​ដែលជា​ជនជាតិខ្មែរ ។

អ្នកចូលរួម​ប្រកួតប្រជែង​ត្រូវតែ​ផ្ដល់​អត្ថបទ​ដែលមាន​លក្ខណៈសម្បត្តិ​ដូចខាងក្រោម​នេះ៖
ជា​អត្ថបទ​ដែល​បាន​សរសេរ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​បោះពុម្ព ផ្សាយ​តាម​រលកអាកាស ឬ​បង្ហោះ​លើ​អន​ឡាញ/គេហទំព័រ ឬក៏​ប្លុក​នៅក្នុង​ចន្លោះ​ចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៥ ដល់​ថ្ងៃទី១៥ខែមិថុនា​ឆ្នាំ ២០១៥ ។ អត្ថបទ​ត្រូវ​ផ្តោតលើ​បញ្ហា​ដែល​ទាក់ទង​ទៅនឹង​ប្រភេទ​នៃ​អំពើពុករលួយ​ដែល​ផ្ដល់​និយមន័យ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ថា ជាការ​រំលោភបំពាន​ដោយ​ប្រើ​អំណាច​ដែល​គេ​ប្រគល់ឱ្យ ដើម្បី​ផលប្រយោជន៍​ឯកជន  ដែល​រួមបញ្ចូល​ទាំង​អំពើពុករលួយ​តូចតាច​ផង។ អត្ថបទ​ត្រូវ​ផ្តោតលើ​ហេតុការណ៍​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​អនុញ្ញាត​ឱ្យមាន​អ្នកនិពន្ធ​ពីរ​អ្នក។

លក្ខខណ្ឌ​វិនិច្ឆ័យ
គណៈកម្មការ​វិនិច្ឆ័យ​ដែល​ត្រូវបាន​ជ្រើសតាំង​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា និង​អង្គការ​តម្លាភាព​កម្ពុជា​រួមមាន​សមាជិក៥រូប៖
- ៣រូប​ជា​អ្នកសារព័ត៌មាន​ដែលមាន​បទពិសោធន៍​ក្នុង​អាជីព​ជាង១០ឆ្នាំ
- ១រូប​ជា​តំណាង​មកពី​អង្គការ​តម្លាភាព​កម្ពុជា
- ១រូប​ជា​តំណាង​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ

គុណភាព​បច្ចេកទេស​ស្របតាម​អត្ថបទ​ព័ត៌មាន ៥០%

• ចំណងជើង  (៥%)
• សេចក្តី​ផ្ដើម (៥%)
• តួ​សេចក្តី  លំហូរ​ព័ត៌មាន  គុណភាព​នៃ​ការ​សម្រង់​សម្តី  ភាព​អាច​ជឿ​ទុក​ចិ​ត្ដនៃ​ប្រភពព័ត៌មាន  ភស្តុតាង
    ភាពត្រឹមត្រូវ​ផ្នែក​អក្ខរាវិរុទ្ធ  វេយ្យាករណ៍ ការពិត ជម្រៅ​នៃ​ការស្រាវជ្រាវ និង​ការវិភាគ (៣៥%)
• សេចក្តី​បញ្ចប់ (៥%)។

ខ្លឹមសារ៖ តម្លៃសង្គម​និង​ផលប៉ះពាល់​នៃ​រឿង ៥០%

នៅ​ចំណុច​នេះ គណៈវិនិច្ឆ័យ​នឹងដាក់​ពិន្ទុ​តាម៖
ភាព​ជាប់​ពាក់ព័ន្ធ​នៃ​អត្ថបទ ៖ ត្រូវតែ​ផ្តោតទៅលើ​រឿងរ៉ាវ​ដែល​ទាក់ទង​ទៅនឹង អំពើពុករលួយ​និង ផលវិបាក​របស់​វា​នៅលើ បុគ្គល ឬ សង្គម
ភាព​ស៊ើបអង្កេត​នៃ​អត្ថបទ ៖ មាន​ភាព​ស៊ើបអង្កេត​ត្រូវបាន​គេ​ផ្ដល់​តម្លៃ  បើទោះបីជា​វា​មិនត្រូវ​បាន​គេ​តម្រូវ​ក៍ដោយលក្ខណៈពិសេស​នៃ​វិធីសាស្ត្រ​សរសេរ
ឥទ្ធិពល​នៃ​អត្ថបទ៖  សក្តានុពល​ដែល​អត្ថបទ​មួយ​នេះ​អាចជួយ​ជម្រុញឱ្យមាន​ការជជែក​ពិភាក្សាគ្នា និង​អាចធ្វើ​ឱ្យមាន ការផ្លាស់ប្តូរ​នៅក្នុង​សង្គម ឬ​អាច​នាំឱ្យមាន​ការផ្លាស់ប្តូ​រគោល​នយោបាយ​សាធារណៈ​ថ្នាក់ស្រុក តំបន់ ជាតិ ឬក៏​អាច នាំទៅដល់​ការផ្តន្ទាទោស​នៃ​ជន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ។

លក្ខខណ្ឌ​ចូលរួម​ប្រកួតប្រជែង
អត្ថបទ​ដែល​នឹងត្រូវ​ដាក់ចូល​ប្រកួតប្រជែង​ត្រូវតែ​ភ្ជាប់​មកជា​មួយ​នូវ​សំណុំបែបបទ​ទទួល​ពាក្យ ផ្ញើ​មកកាន់​ការិយាល័យ ក.អ.ក ផ្ទះ​លេខ120 ផ្លូវ​លេខ472 សង្កាត់​ទួល​ទំពូង1 ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ សូម​ទំនាក់ ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ (+៨៥៥) ២៣ ២២៤ ០៩៤។
សំណុំបែបបទ​ទទួល​ពាក្យ​អាច​ទាញយក​តាមរយៈ http://ticambodia.org/index.php/whatwedo/event/call-for-entries-journalism-award-for-outstanding-reporting-on-corruption

អត្ថបទ​ដែល​បាន​សរសេរ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​បោះពុម្ព ឬ អន​ឡាញ (Online) ត្រូវដាក់​ជូន​ជា​ច្បាប់​ចម្លង​ជា​ក្រដាស​ជាមួយ​សំណុំបែបបទ​ទទួល​ពាក្យ។ សម្រាប់​អត្ថបទ​វិទ្យុ និង​ទូរទស្សន៍​ត្រូវមាន​សរសេរ​ស្គ្រី​ប (Script) ហើយ​អត្ថបទ​រឿង​ត្រូវ​ដាក់ជូន​ក្នុង ស៊ី​ឌី ឌី​វី​ឌី ឬ flash drive។

ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ការប្រកួតប្រជែង​នេះ  លក្ខខណ្ឌ​វិនិច្ឆ័យ និង​លក្ខខណ្ឌ​ចូលរួម​ប្រកួតប្រជែង សូម​ទាក់ទង
- លោក គី សុខ​លីម សមាជិក​គណកម្មាធិកា​រ​នាយក ក.អ.ក តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៨៦២ ៥០៩
- លោក លី ពិជ័យ មន្ត្រី​កម្មវិធី​យុវជន នៃ​កម្មវិធី​ជម្រុញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ និង​យុវជន តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៣៩៧ ៨៩៩ ឬ ០៩៧ ៦ ៨៨៨៨ ២៥  ឬ តាមរយៈ​សារ​អេ​ឡិ​ក​ត្រូ​និក [email protected]
- លោក ជេ​ត សន មន្ត្រីរដ្ឋបាល ក.អ.ក តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៨៩៥ ៨៥៣

ចំណាំ៖ លោក ជេ​ត សន មាន​តួនាទី​ទទួល​អត្ថបទ​បេក្ខជន​ប្រឡង​ទាំងអស់​នៅ​ក្លិប​អ្នកកាសែត​កម្ពុជា។



© រក្សាសិទ្ធិដោយ thmeythmey.com