តើ​អ្នកណាខ្លះ​ជា​អ្នក​ជះឥទ្ធិពល​ក្នុងសង្គម?
ជាតិ
បទវិភាគ
តើ​អ្នកណាខ្លះ​ជា​អ្នក​ជះឥទ្ធិពល​ក្នុងសង្គម?
28, May 2020 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
 ជាទូទៅ​ឥទ្ធិពល​ជះ​ពី​មនុស្ស​ចាស់​ទៅ​ក្មេង ពី​អ្នក​ជំនាន់​មុន​ទៅ​ជំនាន់​ក្រោយ ពី​អ្នកចេះដឹង​ទៅ​អ្នក​ល្ងង់ ពី​អ្នក មាន​ទៅ​អ្នកក្រ ពី​ប្រទេស​ធំ​ទៅ​ប្រទេស​តូច...។ ឥទ្ធិពល អាច​ល្អ​ផង និង​អាក្រក់​ផង អាស្រ័យ​លើស​ភាព​ខាង​សីលធម៌​និង​ផលប៉ះពាល់​របស់​វា។ អាស្រ័យហេតុនេះ អ្នកមាន​ឥទ្ធិពល ឬ​អ្នក​ជះឥទ្ធិពល​គួរ​បង្កើត​ឥទ្ធិពល​យ៉ាងណា​ដើម្បី ឱ្យ​អ្នកទទួល​ផលប៉ះពាល់ ឬ​សង្គម​ទទួលបាន​ការរីកចម្រើន និង សុខដុមរមនា។


   
ឥទ្ធិពល​គឺជា​អំណាច ឬ​កម្លាំង​ដែលមាន​អានុភាព​ទៅ​អ្វីមួយ ឬ​ទៅលើ​មនុស្ស។ អ្វីមួយ​ដែល​អាចមាន​ឥទ្ធិពល អាចជា​មនុស្ស ឬអ្វី​មួយ ដូចជា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ច្បាប់​រដ្ឋ អំណាច​នយោបាយ គោលការណ៍ រប​កក​គំហើញ​ខាង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការបង្កើត​ថ្មី ទ្រឹស្ដី មនោគមវិជ្ជា ទេពកោសល្យ សង្គ្រាម អាវុធយុទ្ធភណ្ឌ លុយ និង​កត្តាផ្សេងៗជាច្រើន​ទៀត។   

យោងតាម​ច្បាប់ធម្មជាតិ ទឹក​ហូរ​ពី​ទី​ខ្ពស់​មក​ទី​ទាប ឬ​ពីលើ​មកក្រោម ហេតុនេះ ប្រសិនបើ​ទឹក​ខាងលើ​តិច ការហូរ​ចុះក្រោម​ក៏​តិច​ដែរ បើ​ទឹក​ខាងលើ​មានកករ មាន​ជាតិពុល មាន​មេរោគ នាំឱ្យ​ទឹក​ដែល​ហូរ​ចុះមក​ខាងក្រោម​ក៏មាន​សភាព​ដូចគ្នា​ដែរ។

យោងតាម​ក្រិ​ត្យ​ក្រម​សង្គម ឥទ្ធិពល​ជះ​ពី​មនុស្ស​ចាស់​ទៅ​ក្មេង, ពី​អ្នក​ជំនាន់​មុន​ទៅ ជំនាន់ ក្រោយ, ពី​អ្នកធំ​ទៅ​អ្នកតូច, ពី​អ្នកមាន​ទៅ​អ្នកក្រ, ពី​ប្រទេស​ធំ​ទៅ​ប្រទេស​តូច, ពី​ប្រទេស ខ្លាំង​ទៅ​ប្រទេស​ខ្សោយ, ពី​ប្រទេស​អភិវឌ្ឍ​ទៅ​ប្រទេស​ក្រីក្រ, ពី​អ្នក​ជោគជ័យ​ឬ​អ្នក​ល្បីល្បាញ ទៅ​អ្នក​បរាជ័យ​ឬ​អ្នក​មិន​ល្បីល្បាញ, ពី​អ្នកចេះដឹង​ទៅ​អ្នក​ល្ងង់...ចុះបើ​មនុស្ស​ចាស់​ខូច អ្នកធំ មិនល្អ អ្នកមាន​មិន​ស្មោះត្រង់ ប្រទេស​ធំ​មិន​គោរព​ច្បាប់...នាំឱ្យ​ក្មេង អ្នកតូច អ្នកក្រ ប្រទេស​តូច និង​អ្នកទន់ខ្សោយ​ក៏​ទទួល​ឥទ្ធិពល​មិនល្អ​ទាំង​នោះដែរ។ 

ជា​ការពិតណាស់ ក្នុង​គ្រួសារ​មួយ ប្រសិនបើ​ឪពុកម្ដាយ​ជា​មនុស្ស​មាន​សីលធម៌​ល្អ សម្ដី​ទន់​ភ្ល​ន់ គ្រប់គ្រង​គ្រួសារ​បានល្អ មាន​ទំនួល​ខុសត្រូវ ដោះស្រាយ​បញ្ហា​ប្រកបដោយ ហេតុផល ក៏​នាំឱ្យ​កូន​ភាគច្រើន​ក្នុង​គ្រួសារ​នេះ​ទទួលបាន​គំរូ​ល្អ​នេះដែរ។ ផ្ទុយទៅវិញ បើ​ឪពុកម្ដាយ មាន​ទម្លាប់​អាក្រក់ មាន​ឥរិយាបថ​មិនល្អ កូន​របស់​ពួកគេ​ក៏​ទទួលយក​គំរូ​មិន ល្អ​នោះដែរ។ ពិត​ហើយ​ថា ដូង​មួយ​ធ្លាយ​មាន​តក់​មាន​នាឡិ ដែល​មានន័យថា មិនមែន​កូន ទាំងអស់​សុទ្ធតែ​ទទួលយក​ឥទ្ធិពល​ទាំងស្រុង​ពី​ឪពុកម្ដាយ​នោះទេ កូន​ខ្លះ​បាន​ក៏​ទទួល ឥទ្ធិពល​ពី​អ្នកជិតខាង ពី​មិត្តភក្ដិ និង​ពី​សង្គម​ផងដែរ។

ដូចគ្នា​ដែរ ក្នុង​ក្របខណ្ឌ​ការដឹកនាំ​និង​ការគ្រប់គ្រង មន្ត្រី​ថ្នាក់ក្រោម តិច​ឬ​ច្រើន​តែងតែ​ទទួល​ឥទ្ធិពល​ពី​អ្នកដឹកនាំ​ជាន់ខ្ពស់​របស់ខ្លួន ទាំង​វិស័យ​សាធារណៈ សង្គម​ស៊ីវិល និង​ឯកជន។ ភាគច្រើន ប្រសិនបើ​ថ្នាក់លើ​របស់គេ​ធ្វើការ​ហ្មត់ចត់ គោរព​វិន័យ គោរព​ច្បាប់...ពួកគេ​ក៏​ប្រព្រឹត្ត​ទៅតាម​នោះដែរ។ ប្រសិនបើ​មាន​អ្នក​មិន​ប្រព្រឹត្ត​តាម ក៏មាន​មិន​ច្រើន​ដែរ។

ក្នុង​កម្រិត​ទំនាក់ទំនង​អន្តរជាតិ ប្រទេស​តូច ប្រទេស​ក្រីក្រ ប្រទេស​ទន់ខ្សោយ តែងតែ​យក​គំរូ​ដឹកនាំ​តាម​ប្រទេស​ធំ ប្រទេស​អភិវឌ្ឍ និង​ប្រទេស​ខ្លាំង លើ​វិស័យ​ជាច្រើន​ដូចជា នយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា ច្បាប់...។ ឧ​ទា​ហរណ៍ ប្រទេស​កម្ពុជា ដែលជា​ប្រទេស​ទន់ខ្សោយ​មួយ បានទទួល​ឥទ្ធិពល​ពី​បារាំង វៀតណាម ចិន អាមេរិក​ជាដើម លើ​វិស័យ​ជាច្រើន។  

ម្យ៉ាងទៀត ទាំង​ក្របខណ្ឌ​ការគ្រប់គ្រង​សង្គម ទាំង​ក្របខណ្ឌ​ការគ្រប់គ្រង​រដ្ឋ អ្នកមានចំណេះដឹង​ខ្ពស់ អ្នកមាន​ឥទ្ធិពល និង​អ្នកគ្រប់គ្រង​គឺជា​អ្នកបង្កើត​ប្រពៃណី ទំនៀម​ទ​ម្លាន់ សាសនា សីលធម៌ និង​ច្បាប់ សម្រាប់​គ្រប់គ្រង​សង្គម​និង​រដ្ឋ។ ក្នុងការ​បង្កើត​នេះ ពួកគេ​បាន​បញ្ចូល​គំនិត ទស្សនៈ ចំណោះ​ដឹង បទពិសោធ ឆន្ទៈ និង​បំណងប្រាថ្នា​របស់ខ្លួន​ទៅក្នុង​និយាម​សង្គម​និង​បទដ្ឋាន​គតិយុត្ត​នេះ​ផងដែរ។ ដូចគ្នា​ដែរ ក្នុង​កម្រិត​អន្តរជាតិ ប្រទេស​មហាអំណាច​បាន​ចង​គ្នា​ជា​ក្រុម អង្គការ និង​ស្ថាប័ន​អន្តរជាតិ​នានា ដូចជា អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សហ​គមន៍​អាស៊ាន អង្គការ​ណា​តូ តុលាការ​យុ​ត្តិ​ធម៌​អន្តរជាតិ...ដែល​តិច​ឬ​ច្រើន​ស្ថាប័ន​ទាំងនេះ មាន​ឥទ្ធិពល​មកលើ​ពិភពលោក។

ជា​សន្និដ្ឋាន ភាគច្រើនបំផុត ឥទ្ធិ​ព​ពិតជា​ជះ​ពីលើ​មកក្រោម និង​ពី​ខ្លាំង​ទៅ​ខ្សោយ​ប្រាកដ​មែន ហើយ​ឥទ្ធិពល​នេះ​ត្រូវបាន​អ្នកខ្សោយ​ទទួលយក​ជា​លក្ខណៈ​សង្គម។ ប៉ុន្តែ ក៏មាន​ករណី​តិចតួច​ដែរ​ដែលមាន​ការជះឥទ្ធិពល​ពីក្រោម​ទៅលើ ឬ​ពី​ខ្សោយ​ទៅ​ខ្លាំង ហើយ​ការជះឥទ្ធិពល​នេះ​ទៀតសោត ភាគច្រើន​មាន​លក្ខណៈ​ជា​បុគ្គល មិនមាន​លក្ខណៈ​ជា​សង្គម​ទេ។ ឧទាហរណ៍ ពេលដែល​ប្រទេស​បារាំង​និង​វៀតណាម ចូលមក​គ្រប់គ្រង​ប្រទេស​កម្ពុជា នាំឱ្យ​អ្នកដឹកនាំ អ្នកគ្រប់គ្រង និង​សង្គម​ខ្មែរ​ទទួលយក​ឥទ្ធិពល​របស់​បារាំង​និង​វៀតណាម​ជា​លក្ខណៈ​សង្គម ប៉ុន្តែ ក៏មាន​ជនជាតិ​បារាំង​និង​វៀតណាម​ខ្លះ បាន​ទទួលយក​ឥទ្ធិពល​របស់​សង្គម​ខ្មែរលើ​ជ្រុង​ណាមួយ ជា​លក្ខណៈ​បុគ្គល​ដែរ។  

ដូច្នេះ បើ​ចង់ឱ្យមាន​ឥទ្ធិពល​ល្អ​នៅក្នុង​សង្គម ស្ថាប័ន​ជាតិ និង​អន្តរជាតិ លុះត្រាតែ​អ្នក​ជះឥទ្ធិពល​នានា ដូចជា ឪពុកម្ដាយ អ្នកមានចំណេះដឹង អ្នកដឹកនាំ អ្នកនយោបាយ ប្រទេស​មហាអំណាច ប្រទេស​ខ្លាំង ស្ថាប័ន​អន្តរជាតិ ធ្វើ​គំរូល្អៗ និង​កសាង​អ្វីដែលល្អៗ ដើម្បីឱ្យ​អ្នកទទួល​ឥទ្ធិពល​ទទួលបាន​អ្វីដែលល្អៗដែរ។ បើ​មិន​ដូច្នេះ​ទេ សង្គម​ខ្មែរ ក៏ដូចជា​ពិភពលោក​ទាំងមូល នឹង​បន្ត​ទទួលយក​ឥទ្ធិពល​មិនល្អ និង​នៅតែមាន​សភាព​ស្មុគស្មាញ​ដូច​សព្វថ្ងៃនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម