អន្តរជាតិ
ស្ថានភាព​សុខភាព​លោក​លី​ខ្វាន់​យូរ កាន់តែ​ធ្ងន់ធ្ងរ​ទៅ
21, Mar 2015 , 1:59 pm        
រូបភាព
រដ្ឋាភិបាល​សឹង្ហ​បុរី​បានអោយដឹងថា​ស្ថានភាព​សុខភាព​នាយករដ្ឋមន្ត្រី​ទីមួយ​របស់​សឹង្ហ​បុរី​លោក លី ខ្វាន់​យូរ កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន។ ស្ថាបនិក​សឹង្ហ​បុរី​រូបនេះ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​តាំងពីដើម​ខែកុម្ភៈ​មកម្ល៉េះ ដែល​គេ​ដឹងថា​លោក​មាន​បញ្ហា​សួត។


ថ្ងៃ​សៅរ៍​នេះ​រដ្ឋាភិបាល​សិង្ហ​បុរី​បានអោយ​ប្រកាស​អោយដឹងថា សុខភាព​លោក លី​ខ្វាន់​យូរ កាន់តែ​ធ្ងន់ធ្ងរ​ទៅហើយ​នៅពេលនេះ។ មន្ត្រី​រដ្ឋាភិបាល​សឹង្ហ​បុរី​បានអោយដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ស្ថានភាព​សុខភាព​របស់​មន្ត្រី​កំពូល​សឹង្ហ​បុរី​នេះ​កាន់តែ​វិ​វត្ត​នៅ​រក​ភាព​ធ្ងន់ធ្ងរ បើទោះបីជា​លោក​ទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​ពេទ្យ​ជំនាញ​ក៏ដោយ។ លោក លី ខ្វាន់​យូរ ត្រូវបាន​គេ​បញ្ជូនមក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​តាំងពី​ថ្ងៃ ៥កុម្ភៈ​មកម្ល៉េះ ប៉ុន្តែ​គេ​មិនឃើញ​សញ្ញា​ណាមួយ​បញ្ជាក់ថា​សុខភាព​លោក​កាន់តែ​ល្អប្រសើរ​នោះឡើយ។

លោក លី​ខ្វាន់​យូរ មាន​បញ្ហា​សួត​ធ្ងន់ធ្ងរ និង​កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​នៅឡើយ ប៉ុន្តែ​ដោយសារ​លោក​មាន​វ័យ​ចំណាស់ ទើបបានជា​ស្ថានភាព​សុខភាព​លោក​មិនមាន​ភាព​ធូរស្រាល​សោះ។ លោក លី​ខ្វាន់​យូរ កើត​នៅក្នុង​ឆ្នាំ១៩២៣ ដែល​គិត​មកទល់​ពេលបច្ចុប្បន្ន​មាន​វ័យ ៩១ ឆ្នាំ​ហើយ។ លោក​មានឈ្មោះ​ល្បី​រន្ទឺ​ខ្លាំង​ដោយសារតែ​ក្នុង​ឆ្នាំ ១៩៦៥ លោក​បានសម្រេច​បង្កើត​រដ្ឋ​ដ៏​តូច​មួយ​ដោយ​ខ្លួនឯង ដោយ​ប្រកាស​ឯករាជ្យ​ចេញពី​ម៉ាឡេស៊ី។ លោក​បាន​កាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​ពេល​បី​ទសវត្ស​ន៍ ដែល​លោក​បាន​ផ្លាស់ប្តូរ​ប្រទេស​គ្មាន​ធនធានធម្មជាតិ​អ្វីដែល​អាច​ពឹងផ្អែក​បាន​នោះ​ទៅជា​រដ្ឋ​មួយ​ដែល​អ​ភ​វ​ឌ្ឍ​ខ្លាំង​បំផុត​មួយ និង​មាន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រជាជនម្នាក់ៗច្រើនជាង​បណ្តា​ប្រទេស​អឺរ៉ុប​ខ្លះ​ផង។

គួរ​បញ្ជាក់ថា នៅក្នុង​ឆ្នាំ ១៩៩០ លោក Goh Chok Tong បាន​ឡើងកាន់តំណែង​ជំនួស​លោក លី ខ្វាន់​យូរ ហើយ​រហូតដល់​ក្នុង​ឆ្នាំ ២០០៤ ទើ​បានកូន​ប្រុស​របស់លោក​គឺ លោក លី សៀន​ឡុង ឡើងកាន់តំណែង​វិញ​ម្តង។ បើទោះបីជា​លោក​មិន​កាន់កាប់​តំណែង​កំពូល​របស់​រដ្ឋ​ក្តី លោក លី ខ្វាន់​យូរ នៅតែ​បន្ត​ធ្វើជា​ទីប្រឹក្សា​ពិសេស​របស់​អ្នកនយោបាយ​សឹង្ហ​បុរី​រហូតមកទល់​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​ក៏​តែងតែ​រង​ការរិះគន់​ដោយសារ​លោក​មាន​ផ្នត់គំនិត​ផ្តាច់ការ រឹតត្បិត​សិទ្ធិសេរីភាព​សារព័ត៌មាន និង​ធ្វើទុក្ខបុកម្នេញ​រាល់ដៃ​គូប្រជែង​ផ្នែក​នយោបាយ​ថែម​ទៀតផង៕


© រក្សាសិទ្ធិដោយ thmeythmey.com