អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការនាំចេញ​សព្វាវុធ​ចិន​ច្រើន គំរាមកំហែង​ឥទ្ធិពល​អាមេរិក លើ​ពិភពលោក
17, Apr 2015 , 4:00 pm        
រូបភាព

បច្ចុប្បន្ននេះ​ចិន បាន​បន្ត​ផលិត​សព្វាវុធល្អៗ និងទំនើបៗ ដោយ​នាំ​ចេញទៅ កាន់​ទីផ្សារ អន្តរជាតិ​ឥត​ដាច់។ សព្វាវុធ​របស់​ចិន​ច្រើនសន្ធឹក​សន្ធាប់​នៅលើ​ទីផ្សារ​អន្តរជាតិ អាច​គំរាមកំហែង​ដល់ អំណាច​និង​ឥទ្ធិពល​របស់​ក្រុង​វ៉ាស៊ីនតោន​ដែល​ធ្លាប់មាន​ក្នុង​ពិភពលោក។ ហើយ ក្នុង​រយៈពេល១០ឆ្នាំ​ទៀត​សព្វាវុធ​ចិន​កាន់កាប់​ទីផ្សារ​ពិភពលោក បង្កអោយមាន​អស្ថិរភាព ទៀតផង​ក៏មាន។


កញ្ញា ខនចំប៉ា លម្អិតព័ត៌មាននេះ



ការកើនឡើង​នៃ​តួនាទី​របស់​ក្រុង​ប៉េកាំង​ក្នុង​ទីផ្សារ​សព្វាវុធ​អន្តរជាតិ អាច​ថា​ជា​សញ្ញា​ល្អ​ក៏បាន ឬ​អាច​ថា​ជា​រឿង​គួរអោយ​បារម្ភ​ក៏​ថា​បាន។ អ្នកវិភាគ​ចាប់ផ្តើម​ផ្តោតលើ​ផលប៉ះពាល់ ដែល​កើត ចេញពី​ការកើនឡើង​នៃ​នាំចេញ​សព្វាវុធ​ទំនើប​របស់​ចិន ទៅកាន់​កាន់​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក។

កាល​មុន​ចិន​ធ្លាប់​នាំចេញ​តែ​សព្វាវុធ​ធុនស្រាលៗប៉ុណ្ណោះ ប៉ុន្តែ​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ក្រុង​ប៉េ កាំ​ង អាច​អភិវឌ្ឍន៍​សមត្ថភាព​ផលិត​សព្វាវុធ​បាន​យ៉ាង​រហ័ស រហូត​ហ៊ាន​នាំចេញ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ធុន​ធំ​ទៀត។ គេ​សង្កេតឃើញ​ចិន​ព្យាយាម ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ដើម្បី ពង្រឹង​វិស័យ​យោធា ធ្វើ​ទំនើបកម្ម​ការផលិត​អាវុធ ដោយ​បង្កើន​ការស្រាវជ្រាវ​លើ​ការផលិត​សព្វាវុធ​ជំនាន់​ថ្មី​ក្នុងស្រុក និង​ចំណាយ​តិច។ សព្វាវុធ​ចិន​មានគុណ​ភាពល្អ ហើយ​បើ​និយាយ​ពី​តម្លៃ​វិញ គឺ​ថោក​ជាង​សព្វាវុធ​ដែល​ផលិត​ដោយ​បណ្តា​ប្រទេស​លោកខាងលិច។

ដូចដែល​បានឃើញ​ស្រាប់​ហើយ ចិន​ស្រាប់តែ​សម្រេច​លក់​ប្រភេទ​យន្តហោះ​ឈ្លបយកការណ៍​គ្មាន​មនុស្ស​បើក ទៅកាន់​អា​ហ្រិ្វ​ក និង​មជ្ឈិមបូព៌ា​ថែមទៀត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅក្នុង​ឆ្នាំ ២០១២ ចិន​បាន​ចុះហត្ថលេខា​លក់​នាវាចម្បាំង​ទៅអោយ​ប្រទេស​នី​ហ្សេ​នៅ​អាហ្វ្រិក​ខាងលិច​និង​បន្ទាប់មក​ស្រាប់តែ​សុខចិត្ត​លក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស ទៅអោយ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ថែមទៀត។ លោកខាងលិច​ជាពិសេស​សហភាព​អឺរ៉ុប ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​ឃើញ​តួ​ក​គីរ​ត់ទៅ​ទិញ​សព្វាវុធ​ពី​ចិន ហើយ​ចិន​អាច​ផលិត​និង​ហ៊ាន​លក់​ចេញ​សព្វាវុធទំនើបៗបែបនេះ​ទៀត។

យ៉ាងណាក៏ដោយ គេ​អះអាងថា សព្វាវុធទំនើបៗច្រើនបែប​ដែល​ផលិត​ក្នុងប្រទេស​ចិន ដែល​បញ្ជូនទៅ​លក់​ក្នុង​ទីផ្សារ​អន្តរជាតិ អាច​បង្កអោយមាន​ការ​ព្រួយបារម្ភ​ច្រើនជាង​សញ្ញា​វិជ្ជមាន។ អត្ថបទ​វិភាគ​មួយ​ដែល​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​គោលនយោបាយ​អន្តរជាតិ បាន​អះអាងថា តួនាទី​ដ៏​ធំ​របស់​ចិន ក្នុងការ​នាំចេញ​សព្វាវុធ​គ្រប់​ធុន ពី​ធុន​តូច​ដល់​ធុន​ធំ នឹង​ធ្វើអោយប៉ះពាល់​ដល់​ឥទ្ធិពល និង​អំណាច​របស់​សហរដ្ឋអាមេរិក ក្នុង​នយោបាយ​អន្តរជាតិ។

ប្រទេសតូចៗនៅ​អាហ្វ្រិក មជ្ឈិមបូព៌ា ឬ​នៅ​អាស៊ី មានលទ្ធភាព​ទិញ​សព្វាវុធ​ទំនើប​ដែលមាន​តម្លៃ​សមរម្យ​ពី​ក្រុង​ប៉េកាំង​ដើម្បី​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន។ ដូច្នេះ​សហរដ្ឋអាមេរិក​ដែល​តែង​អន្តរាគមន៍​នៅក្នុង​ជម្លោះ​នៅក្នុង​ប្រទេស​នានា​ទូទាំង​ពិភពលោក​នោះ ច្បាស់​ជា​មិនអាច​ធ្វើតាម​ចិត្ត​ដូច​មុន​បានឡើយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ សព្វាវុធ​ដែលមាន​តម្លៃថោក និង​មាន​គុណភាព​របស់​ចិន និង​ឥណ្ឌា អាច​នឹង​ធ្វើអោយប៉ះពាល់​ដល់​ការនាំចេញ​របស់​បណ្តា​ប្រទេស​នាំ​ស​ពា្វ​វុ​ធ​ចេញ​ដូចជា​សហភាព​អឺរ៉ុប អាមេរិក និង​រុស្ស៊ី​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com