អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា​កំណែទម្រង់​បោកប្រាស់​និង​ប្រជាធិបតេយ្យ​ក្លែងក្លាយ?
16, Apr 2015 , 3:00 pm        
រូបភាព

រយៈពេល​ជាង៤ឆ្នាំ​ហើយ​ដែល​មី​យ៉ាន់​ម៉ា​ចាប់ផ្តើម​បើកទ្វារ​ទទួលយក​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក ក្រោយ​ស្ថិតក្រោម​ការកាន់កាប់​ដោយ​របប​យោធា​អស់​ប្រហែល៥ទសវត្ស។ ការបង្ខំចិត្ត​កំណែទម្រង់​នយោបាយ សេដ្ឋកិច្ច បានធ្វើអោយ​មី​យ៉ាន់​ម៉ា​រីកមុខ​រីក​មាត់​លើ​ឆាក​អន្តរជាតិ បានទទួល​ជំនួយ លំហូរ​អ្នកវិនិយោគ រួច​ផុតពី​ទណ្ឌកម្ម​លោកខាងលិច​ដែល​រួមរឹត​សេដ្ឋកិច្ច​ថែម​ទៀតផង។ ប៉ុន្តែ​បើទោះជា​រយៈពេល​បី​បួន​ឆ្នាំ​ហើយក៏​ដោយ ដំណើរ​នៃ​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​នៅ​មី​យ៉ាន់​ម៉ា កាន់តែ​យឺតទៅៗ ហើយ​ថែមទាំង​អាច​នឹង​ដើរ​ថយក្រោយ​វិញ​ក៏​ក៏​ថា​បាន។ បញ្ហា​នេះ​ស្ថែ​ង​ឡើង​តាម ការស្ទាក់ស្ទើរ​មិន​កែ​រដ្ឋធម្មនុញ្ញ ការប្រើ​កម្លាំង​បង្ក្រាប​សិស្ស​និស្សិត សកម្មជន​សិទ្ធិមនុស្ស ចាប់ខ្លួន​កាត់ទោស​អ្នក​រិះគន់​រដ្ឋាភិបាល​និង​យោធា រួមទាំង​ព្រងើយកន្តើយ​ការរំលោភ​សិទ្ធិ​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​និង​ជនជាតិភាគតិច​ផ្សេងទៀត​ផងដែរ។បច្ចុប្បន្ននេះ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​អាច​នឹង​ប្រើប្រាស់​ជម្លោះ​រវាង​កម្លាំង​រដ្ឋាភិបាល​និង​ក្រុម​ជនជាតិភាគតិច​នៅ​រដ្ឋ​សាន​ដើម្បី​ពន្យារពេល​ការបោះឆ្នោត​និង​ជា​លែស​មិន​កែ​រដ្ឋធម្មនុញ្ញ​ផង។


សូម​ស្តាប់​ការពន្យល់​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​នឹង​បញ្ហា​នេះ!



មី​យ៉ាន់​ម៉ា​ជា​រដ្ឋ​សហព័ន្ធ​ដោយសារតែ​ប្រទេស​នោះ​សម្បូរ​ដោយ​ជនជាតិភាគតិច​រស់នៅ​ចម្រុះ​គ្នា។ ប្រទេស​នេះ​ស្ថិតនៅក្រោម​របប​ដឹកនាំ​តាមបែប​យោធានិយម​ផ្តាច់ការ​អស់​រយៈពេល​ជិត៥ទសវត្ស​ពោល​ចាប់តាំងពី​ក្រោយ​មាន​រដ្ឋប្រហារ​យោធា​ឆ្នាំ ១៩៦២ មកម្ល៉េះ។ យ៉ាងណាមិញ​របប​យោធានិយម​ត្រូវបាន​គេ​ផ្តាស់​ប្តូរ​មកជា​របប​ស៊ីវិល​វិញ​ដោយ​មិន​ព្រៀងទុក​កាលពី​ឆ្នាំ ២០១១ ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ដែល​គេ​ជឿថា​ជា​អ្នក​កំណែទម្រង់​និយម​លោក ថេ​ន សេន។

គ្រាន់តែ​ប្រកាស​កែទម្រង់​នយោបាយ សេដ្ឋកិច្ច បើកទ្វារ​ទទួលយក​ប្រជាធិបតេយ្យ​បែប​លោកខាងលិច​ភ្លាម អ្នក​វិនិយោគិន កកកុញ​គ្នា​ចូលទៅ​វិនិយោគ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​លោកខាងលិច​ក៏​សម្រេច​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​មី​យ៉ាន់​ម៉ា​ជា​បន្តបន្ទាប់​គ្នា​ទៀត។ សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​ដែល​ធ្លាប់​រួមរឹត​ដោយ​ទណ្ឌកម្មសេដ្ឋកិច្ច ត្រលប់​មកជា​រីកលូតលាស់​គួរអោយកត់សម្គាល់ ហើយ​មី​យ៉ាម៉ា​បានប្រែក្លាយ​ខ្លួន​ពី​រដ្ឋ​ឯកោរ​ដូច​កូរ៉េខាងជើង មកជា​រដ្ឋ​ដែល​មានមុខ​មាន​មាត់​នៅលើ​ឆាក​អន្តរជាតិ​ទៅវិញ។ អ្វីដែល​គួរអោយ​មោទន មី​យ៉ាន់​ម៉ា​បាន​ក្លាយខ្លួនជា​ប្រធាន​អាស៊ាន​ដំបូង​បំផុត​តាំងពី​ក្លាយជា​សមាជិក​អាស៊ាន​កាលពី​ឆ្នាំ២០១៤ ។  រដ្ឋាភិបាល​លោក ថេ​ន សេន ហាក់ដូចជា​ប្រឹងប្រែង​ណាស់​ដើម្បី​ជួយ​អោយ​កំណែទម្រង់​នយោបាយ​អាច​ដើរ​ទៅមុខ​បាន​រហ័ស និង​ជំ​រុញអោយ​សហគមន៍​អន្តរជាតិ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​អោយអស់​នៅពេល​ខាងមុខ។

យ៉ាងណាក៏ដោយ​រយៈពេល ជាង​បួន​ឆ្នាំ​មកហើយ​ដំណើរការ​កំណែទម្រង់  និង​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​ស្រាប់​កាន់តែ​យឺតយ៉ាវទៅៗ ហើយ​អាច​នឹង​ដើរ​ត្រលប់​ក្រោយ​វិញ​ផង​ក៏​ថា​បាន។ មី​យ៉ាន់​ម៉ា​នៅ​ប្រឈមមុខ​ជាមួយ​បញ្ហា​យ៉ាងច្រើន​ទៀត ប៉ុន្តែ​អ្វីដែល​គួរអោយ​ព្រួយបារម្ភ​ក្នុង​បរិបទ​នយោបាយ​មី​យ៉ាម៉ា​បច្ចុប្បន្ន​គឺ​ឆន្ទៈ​នយោបាយ​របស់​អ្នកដឹកនាំ​ប្រទេស​នេះ។ បើ​គិត​អោយ​ដិតដល់​កំណែទម្រង់​នយោបាយ​មី​យ៉ាន់​ម៉ា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទំនង​ជាការ​បំភាន់​ភ្នែក​សហគមន៍​អន្តរជាតិ ឬ​ហៅ​ម្យ៉ាងទៀត​បាន​ថា​ជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដើម្បីអោយ​ខ្លួន​អាច​រួច​ផុតពី​ទណ្ឌកម្មសេដ្ឋកិច្ច​និង​ចេញ​ផុតពី​ភាព​ឯកោរ​ប៉ុណ្ណោះ។​ក្រៅពីនេះ​អ្នកវិភាគ​មួយចំនួន​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​ចាប់ផ្តើម​ប្រើប្រាស់​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​ក្រុម​ជនជាតិភាគតិច ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​សហគម​ន៍​អន្តរជាតិ និង​អាច​យក​ជម្លោះ​នេះ​ជា​លែស​ពន្យារ​ការបោះឆ្នោត​ផង។ យ៉ាងណាក៏ដោយ មាន​មូលហេតុ​ច្រើន​ដែល​បញ្ជាក់ថា​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ាន់​ម៉ា​មិន​ពិតប្រាកដ​ដូចដែល​មេដឹកនាំ​ប្រទេស​នេះ​ធ្លាប់​អះអាង​ឡើយ។

ទីមួយ​គឺ​បញ្ហា​សិទ្ធិមនុស្ស។ បើ​មើល​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​មិនមាន​ភាពល្អប្រសើរ​សោះ។ ការគំរាមកំហែង រំលោភបំពាន​សិទ្ធិសេរីភាព​សារព័ត៌មាន សិទ្ធិសេរីភាព​បញ្ចេញមតិ​នៅតែ​កើតមានឡើង​ឥត​ឈប់។ អាជ្ញាធរ​នៅតែ​ប្រើប្រាស់​អំណាច​របស់ខ្លួន​ចាប់ចង់ បង្ក្រាប​វាយដំ កាត់ទោស​រាល់​អ្នកណា​ដែល​ហ៊ាន​រិះគន់​របប​ដឹកនាំ​ស៊ីវិល​បច្ចុប្បន្ន ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​សេរីភាព​សារព័ត៌មាន​នៅតែ​ស្ថិតក្រោម​គំនៀប​និង​ការ​រឹតត្បិត​ខ្លាំង។ ដូចដែល​ឃើញស្រាប់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​នៅ​ចាប់ខ្លួន​អ្នកសារព័ត៌មាន ឃុំខ្លួន​អ្នកនយោបាយ​និង​សកម្មជន​សិទ្ធិមនុស្ស​ជាដើម ហើយ​អ្វីដែល​គួរអោយ​ភ្ងា​ក់​ផ្អើល​គឺ​កាលពី​សប្តាហ៍​មុន​កង​ម្លាំ​ង​មី​យ៉ាន់​ម៉ា​បាន​បង្ក្រាប​សិស្ស​និស្សិត​ដែល​ទាមទារ​ការកែទម្រង់​វិស័យ​អប់រំ​យ៉ាង​ព្រៃផ្សៃ​ជាទីបំផុត។

ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​នេះ​ដដែល រដ្ឋាភិបាល​ក្រុង​ណៃ​ពី​ដ៏ នៅតែ​ធ្វើ​មិនដឹងមិនលឺ ព្រងើយកន្តើយ​ចំពោះ​ការធ្វើ​ទុក​បុក​ម្នេញ និង​ការ​បំពារបំពាន​សិទ្ធិ​ជនជាតិភាគតិច​នៅតាម​បណ្តា​រដ្ឋ។ នោះ​គឺ​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ដែល​រស់នៅ​មិនមាន​សញ្ជាតិ មិនត្រូវ​ដ្ឋា​ភិ​បាល​ទទួលស្គាល់ និង​ស្ថិតក្រោម​ការរើសអើង រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ប្រជាជន​ភាគច្រើន​និង​អាជ្ញាធរ។ ទោះ​មានការ​រិះគន់ និង​ស្នើអោយ​គោរព​សិទ្ធិមនុស្ស​ក្តី ក៏​មី​យ៉ាន់​ម៉ា​នៅ​រក្សា​ការស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនលឺ ពេលខ្លះ​ខឹងច្រឡោត​តោតតូង​នឹង​ការរិះគន់​ទៀត។

ចំណុច​ទី២ គឺ បញ្ហានយោបាយ។បញ្ហា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅតែ​ជា​កង្វល់​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា និង​សហគមន៍​អន្តរជាតិ។ បើ​គ្មាន​ការកែប្រែ​រដ្ឋធម្មនុញ្ញ​បន្សល់​ពី​របប​សឹក​ឆ្នាំ២០០៨ទេនោះ កំណែទម្រង់​កន្លងមក​គ្មាន​ន័យ​អ្វី​ទាំងអស់ ដ្បិត​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​នៅតែ​គ្មាន​លទ្ធភាព​ឈរឈ្មោះ​ជា​ប្រធានាធិបតី។ និយាយ​ដល់​មាត្រា​ដែល​ត្រូវ​កែប្រែ​ក្នុង​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា គេ​ច្បាស់​ជា​នឹកឃើញ​ដល់​មាត្រា ៥៩ ដែល​ចែង​ហាមប្រាម​រាល់​ជន​ដែល​មានកូន​ឬ​សហព័ទ្ធ​មាន​សញ្ជាតិ​បរទេស​មិនអោយ​ឈរឈ្មោះ​សម្រាប់​តំណែង​ប្រមុខរដ្ឋ​ឡើយ។ រដ្ឋាភិបាល​បច្ចុប្បន្ន​បានន​បញ្ជាក់​ហើយ​ថា អ្វី​គ្រប់យ៉ាង​ស្ថិតនៅក្នុង​កណ្តាប់ដៃ​សភា ប៉ុន្តែ​សភា​នៅតែ​ស្ថិតក្រោម​ឥទ្ធិពល​យោធា​ដ​ដែរ។ ម្យ៉ាង​ដើម្បី​សម្រេច​កែប្រែ​រដ្ឋធម្មនុញ្ញ​បាន វា​តម្រូវអោយមាន​សម្លេង​គាំទ្រ​ក្នុង​សភា ៧៥ភាគរយ បូករួម​ជាមួយ​ប្រជាមតិ​ក្នុងចំណោម​ប្រជាជន​មី​យ៉ាន់​ម៉ា​ផងដែរ។ កន្លងមក​រដ្ឋា​ភិ​បា​លោក ថេ​ន សេន បានអនុញ្ញាត​អោយមាន​ប្រជាមតិ​លើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ ក្នុង​ខែឧសភា​ខាងមុខនេះ ប៉ុន្តែ​សញ្ញា​វិជ្ជមាន​តិចតួច​ប៉ុណ្ណោះ​ដែល​បង្ហាញថា ការកែប្រែ​រដ្ឋធម្មនុញ្ញ​អាចធ្វើ​ទៅបាន​មុន​បោះឆ្នោត​សកល​ឆ្នាំ ២០១​​៥ ។

បញ្ហា​មួយទៀត​គឺ​យោធា​នៅតែមាន​តួនាទី​ចម្បង​និង​មាន​ឥទ្ធិពល​ខ្លាំង​លើសលុប​ថែមទៀត​ក្នុងការ​ដឹកនាំ​ប្រទេស​និង​ការសម្រេចចិត្ត​ផ្នែក​នយោបាយ។ មកទល់​ថ្ងៃ​សុក្រ​នេះ​រឿង​ដែល​គួរអោយ​ចាប់អារម្មណ៍​មួយ​កើតឡើង​ដោយ ប្រធានាធិបតី ថេ​ន សេន បានប្រកាស​ជា​សាធារណ​ថា​យោធា​នៅតែមាន​នាទី​សំខាន់​ក្នុងសម័យ​អន្តរកាល​នយោបាយ​មី​យ៉ាន់​ម៉ា​និង​ជំរុញ​អោយ​មី​យ៉ាន់​ម៉ា​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​នោះ។  នេះ​បញ្ជាក់ថា​ឥទ្ធិពល​យោធា​មិនទាន់​សាបរលាប​នោះឡើយ​ក្នុង​បរិបទ​នយោបាយ​អតីត​ដែន​អាណានិគម​អង់គ្លេស​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com