សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
នយោបាយអន្តរជាតិ
ចុងក្រោយអាមេរិកសម្រេចសហការជាមួយធនាគារថ្មីរបស់ចិន
×
សហរដ្ឋអាមេរិកគ្រោងនឹងចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)ដែលដឹកនាំដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។សេចក្តីថ្លែងការណ៍ប្រកាសពីការសហការនេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរិះគន់សម្ពន្ធ័មិត្តរបស់ខ្លួនរួមមានអាល្លឺម៉ង់អ៊ីតាលីបារាំងអង់គ្លេសបានចូលជាសមាជិករបស់AIIB កាលពីពេលកន្លងទៅនេះ។
ម្សិលមិញនេះរដ្ឋបាលរបស់លោកប្រធានាធិបតីប៉ារ៉ាក់អូប៉ាម៉ាបានបញ្ជាក់ថាសហរដ្ឋអាមេរិកគ្រោងនឹងដឹកនាំស្ថាប័នរួមមានមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោក (World Bank)និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីសហការជាមួយនឹងធនាគារធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលដឹកនាំដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។
បើយោងតាមNathan Sheetsអនុរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុអន្តរជាតិអាមេរិកស្វាគមន៍នូវពហុស្ថាប័នថ្មីដើម្បីរឹតបន្តឹងចំណងសហប្រតិបត្តិការហិរញ្ញវត្តុអន្តរជាតិ។លោកបន្ថែមទៀតថាកិច្ចសហការរវាងធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ីជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ពន្ធ័អាស៊ីគឺមិនមែនជាប្រកួតប្រជែងគ្នានោះទេតែវានឹងជួយបំពេញឲ្យគ្នាទៅវិញទៅមកដើម្បីធានាឲ្យបានគុណភាពខ្ពស់និងបទដ្ឋានអន្តរជាតិទៀតផង។
យ៉ាងណាមិញអ្វីដែលគួរកត់សម្គាល់នោះមុនពេលដែលសហរដ្ឋអាមេរិកប្រកាសគោលជំហគាំទ្រធនាគារដែលដឹកនាំដោយចិននេះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រតិកម្មនិងរិះគន់យ៉ាងខ្លាំងទៅលើសម្ពន្ធ័មិត្តរបស់ខ្លួនដែលបានប្រកាសចូលរួមជាមួយធនាគារ AIIB រួមមានអ៊ីតាលីបារាំងអង់គ្លេសអាល្លឺម៉ង់។ក្នុងនោះលោកទទូចឲ្យរដ្ឋាភិបាលទាំងអស់ពិនិត្យឡើងវិញឲ្យបានម៉ត់ចត់នូវគោលការណ៍សំខាន់របស់ AIIBមុនពេលក្លាយជាសមាជិកពេញសិទ្ធិ។ហើយចុងក្រោយនោះ សហរដ្ឋអាមេរិកខ្លួនឯងក៏បានសម្រេចចូលរួមដែរ។
គួររម្លឹកផងដែរធនាគារវិនិយោគហេដ្ឋារចនាសម្ពន្ធ័អាស៊ី(AIIB) គឺជាស្ថាប័នហិរញ្ញមួយដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលទីក្រុងប៉េកាំងនិងផ្តើមដំណើរការតាំងពីឆ្នាំ២០១៤កន្លងទៅនេះ។ធនាគារនេះដែរបង្កើតក្នុងគោលបំណងដើម្បីបង្កើនការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅលើវិស័យមួយចំនួនដូចជាការដឹកជញ្ជូនថាមពលទូរគមនាគមន៍និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងទៀត។
ដោយសារតែដំណើរការនៃធនាគារនេះមានការវិវត្តន៍យ៉ាងរលូនក្រោមការដឹកនាំដោយចិននិងបណ្តាប្រទេសម្ភៃប្រាំមួយនៅអាស៊ីនិងមជ្ឈិមបូព៌ាផ្សេងទៀតអាល្លឺម៉ង់បារាំងអង់គ្លេសនិងអ៊ីតាលីលុចហ្សាំប៊ួរនិងស្វ៊ីសបានព្រមព្រៀងនឹងចូលរួមវិនិយោគនៅក្នុងធនាគារនេះដែរ។
ដោយឡែកនៅសល់តែជប៉ុននិងកូរ៉េខាងត្បូងដែលជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនិងសម្ពន្ធ័មិត្តរបស់អាមេរិកពីរប្រទេសប៉ុណ្ណោះដែលមិនមានសកម្មភាពណាមួយជាមួយនឹងធនាគារវិនិយោគហេដ្ឋារចនាសម្ពន្ធ័៕
© រក្សាសិទ្ធិដោយ thmeythmey.com