អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ដំឡើង​សាច់ដុំ​កំចាត់​អំពើពុករលួយ
26, Mar 2015 , 7:55 pm        
រូបភាព
ដោយ:


នៅ​ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋអំណាច​អ៊ុយ​ក្រែ​ន​បាន​ដកហូត​តំណែង​មន្ត្រីធំៗបន្តកន្ទុយ​គ្នា​ជាច្រើន​នាក់ ក្នុង​សំណុំរឿង​ពុករលួយ។ ប្រធាន​និង​អនុប្រធាន​ទទួលបន្ទុក​គ្រប់គ្រង​ស្ថានភាព​អាសន្ន ត្រូវបាន​ប៉ូលិស​ដាក់​ខ្នោះ នៅ​ពីមុខ​កាមេរ៉ា​អ្នកសារព័ត៌មាន​តែម្តង។



ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋអំណាច​អ៊ុយ​ក្រែ​ន​បាន​ដកតំណែង​មន្ត្រីសំខាន់ៗជាច្រើនរូប។ មន្ត្រី​ចំបង​ទី១ គឺ​មហាសេដ្ឋី​Igor Kolomoïskiជា​អភិបាល​តំបន់ឧស្សាហកម្ម Dnipropetrovskស្ថិតនៅ​ជិត​តំបន់​បះបោរ​Donetsk។ លោក Kolomoïskiអាយុ៥២ឆ្នាំ ជាប់ចោទ​ពីបទ​មាន​កងកម្លាំង​ផ្ទាល់ខ្លួន។ មហាសេដ្ឋី​រូបនេះ ត្រូវគេ​ស្គាល់​ថា​ជា​អ្នករកស៊ី​បាន​ផលចំណេញ​ច្រើន​ក្នុងស្រុក ក្រោយពេល​អ៊ុយ​ក្រែ​ន​ទទួលឯករាជ្យ​ក្នុង​ឆ្នាំ១៩៩។ លោក​Kolomoïskiជាប់​ឈ្មោះ​ជា​អភិបាល​តំបន់​Dnipropetrovskក្នុង​ឆ្នាំ២០១៤ ទទួល​ភារកិច្ច​បិទ​បញ្ចប់​កម្លាំង​បះបោរ​ក្រុម​ផ្តាច់​ទឹកដី​និយម។ លោក​បាន​បង្កើត​និង​ឧបត្ថម្ភ​កងកម្លាំង​ស្ម័គ្រ​ចិត្តច្រើន​នាក់ អោយ​ចូលរួម​ប្រយុទ្ធ​ជាមួយ​កងទ័ព​អ៊ុយ​ក្រែ​ន ប្រឆាំងនឹង​ក្រុម​បះបោរ​ភាគ​ខាងកើត។

ក្នុង​សប្តាហ៍​មុន តំណាងរាស្ត្រ​អ៊ុយ​ក្រែ​ន​បាននាំគ្នា​បោះឆ្នោត​គម្រោង​ច្បាប់​មួយ មាន​ទិសដៅ​កែប្រែ​ការរៀបចំ​ក្រុមប្រឹក្សា​រដ្ឋបាល​សហគ្រាស​រដ្ឋ ដើម្បី​កាត់បន្ថយ​អំណាច​របស់​ម្ចាស់​ភាគហ៊ុន​មួយចំនួន​តូច។ យោងតាម​សារព័ត៌មាន​អ៊ុយ​ក្រែ​ន ដោយសារ​ច្បាប់​នេះ​ប៉ះពាល់​ប្រយោជន៍​ខ្លួន លោក​Kolomoïskiបា​នប​ញ្ចូ​ន​ក្រុម​ប្រដាប់អាវុធ​រុំ​មុខ​ជិត អោយ​ចូលទៅ​លុកលុយ​សហគ្រាស​ប្រេង​រដ្ឋ​ចំនួន២ ដែលមាន​ភាគហ៊ុន​លោក​នៅ​ទីនោះ។ តែ​ប៉ុន្មាន​ម៉ោង ក្រោយ​ការដកហូត​តំណែង​លោក​Kolomoïskiក្នុងពេល​កំពុង​ប្រជុំ​គណៈរដ្ឋមន្ត្រី រដ្ឋអំណាច​អ៊ុយ​ក្រែ​ន​បាន​បញ្ជា​អោយ​ចាប់ខ្លួន លោក​Serguiï Botchkovskiនិង​លោក​VassylStoïetskiជា​ប្រធាន​និង​អនុប្រធាន​ផ្នែក​គ្រប់គ្រង​ស្ថានភាព​អាសន្ន ដាក់​ខ្នោះ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​តែម្តង។ មន្ត្រី​ទាំង២នេះ​ជាប់​ចោទថា ពុករលួយ ដោយបាន​ទិញ​ទំនិញ​សាធារណៈ ក្នុងតម្លៃ​ថ្លៃ​ជាង​តម្លៃ​ទីផ្សារ។ ក្នុង​រឿងនេះ មន្ត្រី​ទាំង២ក៏​ធ្លាប់បាន​ទិញ​ប្រេង​ពី​ក្រុមហ៊ុន​រុស្ស៊ី​Loukoïlដែរ។ បន្ទាប់មកទៀត មន្ត្រី​គ្រប់គ្រង​ផ្លូវដែក​ភាគ​និរតី​ប្រទេស​មួយរូប​ក៏ត្រូវ​ដកតំណែង​ចេញ​ដែរ។

គេ​រំពឹងថា អ៊ុយ​ក្រែ​ន​ដកតំណែង​មន្ត្រីធំៗបន្ត​គ្នា ដើម្បី​បិទ​បញ្ចប់​ការរិះគន់​កន្លងមក​ថា​ប្រធានាធិបតី​ប៉ូ​រ៉ូ​ឆិ​ន​កូ​គ្មាន​សមត្ថភាព​គ្រប់គ្រង​អ្វី​ទាំងអស់។ លើសពីនេះ អ៊ុយ​ក្រែ​ន​ប្រហែល​ចង់យក​ចិត្ត​អាមេរិក ដើម្បី​អាច​ទទួលបាន​អាវុធ​ធុន​ធ្ងន់​ប្រើ។ កាលពី​ថ្ងៃ​អង្គារ សភា​អាមេរិក​បាន​បោះឆ្នោត​បង្ខំ​អោយ​លោក​អូ​បា​ម៉ា ផ្តល់​អាវុធ​ធុន​ធ្ងន់​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន៕


© រក្សាសិទ្ធិដោយ thmeythmey.com