ពីនេះ ពីនោះ
កំប្រុក​ពណ៌ អាចមាន​ជីវិត​រហូត​ដល់​អាយុ២៧ឆ្នាំ
28, Mar 2015 , 12:06 pm        
រូបភាព
ដោយ: ថ្មីៗ
 

ភិនភាគ៖ កំប្រុក​ពណ៌​មាន​ប្រវែង​ក្បាល-ដងខ្លួន ១៩០-២៣០ម.ម កន្ទុយ​មាន​ប្រវែង​ពី២២៥-២៤០ម.ម និង​មាន​ទម្ងន់៣០០ក្រាម។ វា​មាន​មាឌ​មធ្យម និង​មានការ​ប្រែ​ពណ៌​ពីស​ទៅ​ពណ៌​ទឹកក្រូច ឬ​ខ្មៅ និង​ពណ៌​ចម្រុះ​គ្នា។ ប្រភេទ​នេះ​ភាគច្រើន​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​ភាគ​និរតី ហើយ​ភាគច្រើន​មាន​ពណ៌​ក្រហម​ទឹកក្រូច។ ចំពោះ​ភូមិភាគ​ខាងជើង ប្រភេទ​នេះ​មាន​ពណ៌​ក្រហម​ត្នោត​ដោយ​បង្កង់​ពណ៌​ស​នៅ​គល់​កន្ទុយ។



ជីវសាស្ត្រ៖ ប្រភេទ​នេះ​ច្រើន​រស់​នៅលើ​ដើមឈើខ្ពស់ៗ ដែលមាន​ទីជម្រកផ្សេងៗគ្នា​ជាច្រើន​នៅតាម​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃរបោះ និង​ចម្ការ។ វា​ធ្វើ​សម្បុក​ពី​មែកឈើតូចៗ និង​ស្លឹកឈើ នៅលើ​មែកឈើធំៗ ឬ​នៅក្នុង​ប្រហោង​ឈើ។ ចំណីអាហារ​ប​ស់វា​រួមមាន​ផ្លែឈើ​គ្រាប់​ផ្លែឈើ ធញ្ញជាតិ និង​សត្វល្អិត។ វា​ជា​សត្វ​រហ័សរហួន និង​ផ្លាស់​ទី​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយ​បាន​យ៉ាង​រហ័ស។ វា​អាចមាន​ជីវិត​រស់នៅរ​ហូត​ដល់​អាយុ២៧ឆ្នាំ។ សត្វ​ញី​មាន​ដោះ​ពីរ​គូ និង​មានកូន​ម្តង​ពី១-២ក្បាល។

រប៉ាយ​រស់នៅ៖ នៅ​ប្រទេស​កម្ពុជា​វា​មាននៅ​ក្នុង​ខេត្តកោះកុង ពោធិសាត់ មណ្ឌល​គី​រី ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព និង​តំបន់​ព្រៃ​ការពារ នៃ​ខេត្តព្រះវិហារ។ ប្រភេទ​នេះ​មាន​វត្ត​មាននៅ​ប្រទេស​ភូមា ថៃ និង​វៀតណាម​ភាគខាងត្បូង។

ស្ថានភាព​អភិរក្ស៖ កំប្រុក​ពណ៌​មាន​ដង់ស៊ីតេ​រស់នៅ​ច្រើន​បង្គួរ និង​មាន​អត្រា​បន្ត​ពួជ​ឆាប់រហ័ស និង​រងគ្រោះថ្នាក់​តិចតួច​ពី​មជ្ឈដ្ឋាន​ដែល​វា​រស់នៅ៕



© រក្សាសិទ្ធិដោយ thmeythmey.com