សុខភាព
អន្តរជាតិ
ក្មេងដែលចូលចិត្តញ៉ាំអាហារ fast food ធ្វើឲ្យខួរក្បាលដំណើរការយឺត
×
ការសិក្សារបស់អ្នកវិទ្យាសាស្ត្រក្នុងពេលថ្មីៗនេះ បានបង្ហាញថា កុមារដែលចូលចិត្តញ៉ាំអាហារប្រភេទងាយចំអិន(fast food) ដូចជា ភីហ្សា បឺហ្គ័រ មាន់បំពង ឬនំផ្សេងជាច្រើនប្រភេទទៀត នឹងអាចជះឥទ្ធិពលធ្វើឲ្យខួរក្បាលមិនសូវមានការវិវត្ត ដូចក្មេងដែលញ៉ាំអាហារធម្មតា។ នេះបើយោងតាមការផ្សាយរបស់កាសែត The Telegraph។
បើតាមប្រភពដដែលនេះ លោកវេជ្ជបណ្ឌិត Kelly Purtell មកពីសាកលវិទ្យាល័យ Ohio State Universityបានដឹកនាំការសិក្សាមួយនៅសហរដ្ឋអាមេរិក ស្ដីពីផលប៉ះពាល់នៃការបរិភោគអាហារfast food ។ លោកបានឲ្យដឹងថា ក្រោយការសិក្សាស្រាវជ្រាវរួចមក យើងបានរកឃើញថា ក្មេងៗដែលចូលចិត្តញ៉ាំអាហារfast food គឺធ្វើឲ្យពួកគេខ្សោយមុខវិជ្ជា គណិតវិទ្យា ដែលជាមុខវិជ្ជាមួយប្រើប្រាស់ខួរក្បាលច្រើនជាងគេដើម្បីគិត និងវិភាគនោះ។
សាស្ត្រាចារ្យខាងលើនេះ បានធ្វើការសិក្សាទៅលើក្មេងៗដែលជាសិស្សសាលា ចំនួន ៨៥០០ នាក់ នៅក្នុងសហរដ្ឋអាមេរិក ដោយធ្វើតេស្ដសមត្ថភាពរបស់គេក្នុងមុខវិជ្ជាចំនួន ៣ គឺ គណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន ហើយជាលទ្ធផល ៥២ ភាគរយនៃក្មេងទាំងនោះ គឺខ្សោយមុខវិជ្ជាគណិត។
នៅពេលធ្វើតេស្ដនោះពួកគេទាំងនោះ ក៏ត្រូវឆ្លើយសំណួរផងដែរថា តើពួកគេចូលហាងដែលលក់អាហារ fast foodដូចជា McDonald’s Pizza Hut Burger King និង KFC ប៉ុន្មានដងក្នុងមួយសប្ដាហ៍? ចម្លើយគឺពួកគេទៅញ៉ាំអាហារ fast food ជាប្រចាំ គឺរហូតដល់ទៅ ៣ ដងក្នុងមួយសប្ដាហ៍។
ការសិក្សានេះបានឲ្យដឹងទៀតថា អាហារfast food គឺខ្វះជាតិដែក ដែលធ្វើឲ្យការវិវត្តរបស់ខួរក្បាលក្មេង មិនមានដំណើរការល្អ។ ម្យ៉ាងទៀតអាហារប្រភេទនេះ គឺងាយនឹងធ្វើឲ្យពួកគេធាត់ ព្រោះជាប្រភេទអាហារសំបូរជាតិស្ករ និងប៉ះពាល់ដល់ស្បែកទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com