អន្តរជាតិ
ក្រុម​ឆ្វេងនិយម​ជ្រុល​តួ​ក​គី​អុកឡុក​ប៉ូលិស​ធ្វើឲ្យ​​រដ្ឋាភិបាល​វិលមុខ
03, Apr 2015 , 1:52 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​សប្តាហ៍​នេះ អំពើហិង្សា​បានធ្វើអោយ​កក្រើក​ក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​សារជាថ្មី។ ថ្ងៃ​អង្គារ សកម្មជន​ឆ្វេងនិយម​ជ្រុល២នាក់​បាន​ចាប់​រដ្ឋអាជ្ញា​មួយរូប​ធ្វើជា​ចំណាប់ខ្មាំង ធ្វើអោយ​ប៉ូលិស​បើក​ប្រតិបត្តិការ​បណ្តាលអោយ​ស្លាប់​ទាំង​ជន​ជ្រុលនិយម ទាំង​រដ្ឋអាជ្ញា។





 ថ្ងៃ​ពុធ​ប៉ូលិស​បាន​បាញ់សម្លាប់​ស្ត្រី​ភេរវជន​ម្នាក់ ដែល​ចង់​បំផ្ទុះ​គ្រាប់បែក​នៅ​ស្នាក់​ការខ្លួន។ ម្សិលមិញ នៅតាម​ក្រុង​ជាច្រើន ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជាង៣០នាក់ ដែល​ជាប់​សង្ស័យថា​ជា​សកម្មជន​ក្រុម​ឆ្វេង​ជ្រុលនិយម។ នៅ២ខែ​មុនពេល​បោះឆ្នោត​សភា​ក្រុម​ឆ្វេងនិយម​ជ្រុល​ខុសច្បាប់​មកពី​រណសិរ្ស​បដិវត្ត​រំដោះប្រជាជន (DHKP-C) បាន​អុកឡុក​ប៉ូលិស​ធ្វើអោយ​រដ្ឋាភិបាល​លោក​អ៊ែរ​ដូ​ហ្កា​ន ក្តៅក្រហាយ​យ៉ាងខ្លាំង។ ក្រុម​នេះ​ចង់​សងសឹក​អោយ​ក្មេងប្រុស​ម្នាក់​ឈ្មោះ​Berkin Elvanដែល​បាន​ស្លាប់ ដោយសារ​ត្រូវ​គ្រាប់បែក​បង្ហូរទឹកភ្នែក​របស់​ប៉ូលិស ពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ២០១។ថ្ងៃ​អង្គារ​កន្លងទៅ នៅ​តុលាការក្រុង​អ៊ី​ស្តង់​ប៊ូល សកម្មជន​ជ្រុលនិយម២នាក់​បាន​ចាប់​រដ្ឋអាជ្ញា​ម្នាក់​ធ្វើជា​ចំណាប់ខ្មាំង អស់​ច្រើន​ម៉ោង។

 រដ្ឋអាជ្ញា​រូបនោះ ទទួលបន្ទុក​ក្នុង​សំណុំរឿង​មរណភាព​ក្មេងប្រុស​Elvan។ ក្រុម​ជ្រុលនិយម​បាន​គំរាម​សម្លាប់​រដ្ឋអាជ្ញា បើ​ប៉ូលិស​មិន​ចេញមុខ​សុំទោស​ចំពោះ​មរណភាព​ក្មេងប្រុស​Elvan ជា​សាធារណៈ​ទេ។ តែ​ប៉ូលិស​បាន​បើក​ប្រតិបត្តិ​ការសម្លាប់​សកម្ម​ជន​ជ្រុលនិយម​ទាំង២នាក់។ រដ្ឋអាជ្ញា​តួ​ក​គី​ក៏បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​នេះដែរ។  ការ​គំរាម​ថ្ងៃ​អង្គារ​មិនទាន់​ចប់​ស្រួល​ផង​នៅ​ថ្ងៃ​ពុធ​ស្ត្រី​ភេរវជន​មកពី​ក្រុម​ឆ្វេងនិយម​ជ្រុល​ម្នាក់​បំពាក់​កាំភ្លើង​ស្វ័យប្រវត្តិ និង​មាន​គ្រាប់បែកដៃ២គ្រាប់​បាន​បន្តសកម្មភាព​វាយប្រហារ​ប៉ូលិស​អ៊ី​ស្តង់​ប៊ូល​ជាថ្មី។

 តែ​ត្រូវ​ប៉ូលិស​បាញ់សម្លាប់។ហេតុការណ៍២ថ្ងៃ​ជាប់​គ្នា​នេះ​មិនបាន​ធ្វើអោយ​រដ្ឋាភិបាល​លោក រី​សេប​តៃ​យី​ព អ៊ែរ​ដូ​ហ្កា​ន នៅ​ស្រណុកចិត្ត​ទេ។ រដ្ឋា​ភី​បាល​ស្អុយឈ្មោះ​កន្លងមក​ច្រើន​ហើយ​ដោយសារ​រឿងអាស្រូវ​ពុករលួយ។ ឥឡូវ ក្រុម​ជ្រុលនិយម​ចាប់​ផ្តើមចេញ​អុកឡុក​បង្ក​ហិង្សា​ទៀត។ ទាំងនេះ​សុទ្ធតែជា​សញ្ញា​មិនល្អ​ដល់​ការបោះឆ្នោត​សភា នៅ​ថ្ងៃ៧មិថុនា​ខាងមុខ។ សូម​រំលឹកថា ក្រុម​ឆ្វេងនិយម​រណសិរ្ស​បដិវត្ត​រំដោះប្រជាជន(DHKP-C)នេះ ត្រូវបាន​តួ​ក​គី​អាមេរិក និង​សហភាព​អឺរ៉ុប​ចាត់ទុកថា​ជា​ក្រុម​ភេរវជន។

 តាំងពី​ឆ្នាំ១៩៩០មក ក្រុម​ជ្រុលនិយម​ខុសច្បាប់​មួយ​នេះ​បាន​បង្ក​ភេរវកម្ម​ជាច្រើន ប្រឆាំង​រដ្ឋអំណាច។ ក្រុម​នេះ​ក៏បាន​គំរាម​សងសឹក​អោយ​ក្មេងប្រុស​Elvan ដែល​បាន​របួសធ្ងន់​រហូត​ស្លាប់ ដោយសារ​គ្រាប់បែក​ទឹកភ្នែក​របស់​ប៉ូលិស​ដែរ។ ការអុកឡុក​របស់​ក្រុម​ឆ្វេងនិយម​ជ្រុល
 ធ្វើអោយ​រដ្ឋាភិបាល​កាន់តែ​ខឹងសម្បារ។ នៅ​ចំពោះមុខ​ហេតុការណ៍២ថ្ងៃជាប់ៗគ្នា​ក្នុង​សប្តាហ៍​នេះ រដ្ឋអំណាច​តួ​ក​គី​បាន​ចោទ​ក្រុម​ជ្រុលនិយម ថា​បាន​ឃុ​ប​ខិត​រៀបចំ​ផែនការ​ទំលាក់​រដ្ឋាភិបាល មុនពេល​បោះឆ្នោត។

 នាយករដ្ឋមន្ត្រី​តួ​ក​គី លោក Ahmet Davutoglu បាន​គំរាម​ដាច់​ម៉ាត់ មិន​អត់ឱន​ដល់​ជន​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ឡើយ។ រដ្ឋអំណាច​តួ​ក​គី​នៅ​មិនទាន់​បាត់​ក្រពុលមុខ ក្នុង​រឿង​បាតុកម្ម​ប្រឆាំង​គម្រោង​កំទេច​ឧទ្យាន​Gezi ក្រុង​អ៊ី​ស្តង់​ប៊ូល​នៅឡើយ​ទេ។ បាតុកម្ម​នេះ​មានការ​ចូលរួម​ពី​មនុស្ស​គ្រប់​ស្រទាប់​រាប់សែន​នាក់​នៅ​ទូទាំងប្រទេស កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៣ ប្រៀបបាន​នឹង​បដិវត្ត​អារ៉ាប់​ដូច្នោះ​ដែរ។ ប៉ូលិស​បាន​បង្ក្រាប​ក្រុមបាតុករ ធ្វើអោយ​មនុស្ស​រាប់រយ​នាក់​រងរបួស។ បាតុកម្ម​បាន​ស្ងប់​ទៅវិញ ក្រោយ​រដ្ឋអំណាច​តួ​ក​គី​បាន​សុំទោស​ក្រុមបាតុករ។

 ប៉ុន្តែ​ខ្មោច​បាតុកម្ម​បាន​តាម​មក​លង​រដ្ឋាភិបាល​ម្តង​ទៀតហើយ ព្រោះ​ក្រុម​ឆ្វេងនិយម​ជ្រុល​បាន​គំរាម​សងសឹក​អោយ​ក្មេងប្រុស​Elvan ដោយសារ​គ្រាប់បែក​ទឹកភ្នែក​របស់​ប៉ូលិស។ក្មេងប្រុស​រូបនេះ  បាន​ក្លាយជា​និមិត្តរូប​នៃ​ការប្រើ​អំណាច​ហួសហេតុ​របស់​បក្ស​អភិរក្សនិយម​របស់លោក​តៃ​យី​ព អ៊ែរ​ដូ​ហ្កា​ន ដែល​កាន់អំណាច​ជាង១០ឆ្នាំ​មកនេះ។ ដោយសារ​រឿងរ៉ាវ​អស់នេះ នាយករដ្ឋមន្ត្រី​Davutoglu បាន​ខឹង​រហូតដល់​ចាត់ទុក​ក្រុមបាតុករ និង​ក្រុម​ជ្រុលនិយម​ថា​ជា​ក្រុម​តែមួយ​ទៀតផង។ក្រៅពី​ការអុកឡុក​របស់​ក្រុម​ឆ្វេងនិយម​ជ្រុល
 នៅមាន​រឿង​របស់​សហ​គម​ន៍​ភាគតិច​និកាយ​អា​ឡូ​វី​ទៀត។

 សហគមន៍​នេះ​មិន​ពេញចិត្ត​រដ្ឋាភិបាល​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​របប​ដឹកនាំ​ស៊ី​រី​របស់លោក​អាសាដ ដែល​កាន់​និកាយ​អា​ឡូ​វី​ដូច​ខ្លួន​នោះទេ។ កំហឹង​ក្រុមបាតុករ ការ​គំរាម​របស់​ក្រុម​ជ្រុលនិយម ការខកចិត្ត​របស់​ប្រជាជន ហិង្សា​ដែល​អាច​ផ្ទុះឡើង​គ្រប់ពេល គឺជា​លទ្ធផល​ចេញពី​នយោបាយ​រដ្ឋាភិបាល​ខ្លួនឯង​នេះហើយ។ អស់​ច្រើន​ឆ្នាំ​មកនេះ បក្ស​កាន់អំណាច​របស់លោក​អ៊ែរ​ដូ​ហ្កា​ន បាន​ពឹងពាក់​សមាជិក​ចលនា​ហ្គូ​ឡិន ក្នុង​ជួរ​ប៉ូលិស និង​តុលាការ អោយជួយ​កាត់បន្ថយ​អំណាច​កងទ័ព​ក្នុង​ឆាកនយោបាយ។ តែ​ក្រោយមក លោក​អ៊ែរ​ដូ​ហ្កា​ន​បាន​ព្យាយាម​ផ្សះផ្សា​ជាមួយ​កងទ័ព​វិញ ព្រោះ​លោក Fethullah Gülen ដែល​ដឹកនាំ​ចលនា​ហ្គូ​ឡិន កំពុង​ក្លាយជា​ដៃគូ​ប្រជែង​របស់លោក។
 
អ្វីដែល​ហួស​ជ្រុល​នោះ​គឺ​រដ្ឋាភិបាល​បានផ្តល់​អំណាច​ធំធេង​ដល់​ប៉ូលិស​រួចហើយ​ទើបបានជា​ប៉ូលិស​ធ្វើអោយ​ប្រជាជន​ខឹងសម្បារ។

 ប៉ុន្មាន​ឆ្នាំ​មកនេះ សេរីភាព​បញ្ចេញ​មតិយោបល់ សេរីភាព​សារព័ត៌មាន​ត្រូវបាន​រឹតបន្តឹង។ ស្ថានភាព​សិទ្ធិមនុស្ស​ក៏​មិនល្អ។

 ពេលនេះ​បក្ស​កាន់អំណាច​របស់លោក​អ៊ែរ​ដូ​ហ្កា​ន ខ្លាច​បញ្ហា​ទាំងនេះ​ជះឥទ្ធិពល​អាក្រក់​ដល់​ការបោះឆ្នោត​ក្នុងពេល​ខាងមុខ។ ដើម្បី​បន្ថយ​ភាព​តានតឹង​មុនពេល​បោះឆ្នោត និង​កសាង​ឈ្មោះ​រដ្ឋាភិបាល​ឡើងវិញ មើលទៅ បក្ស​កាន់អំណាច​មានតែ​សើរើ​ច្បាប់​ពាក់ព័ន្ធ​អំណាច​ប៉ូលិស​ឡើងវិញ​តែប៉ុណ្ណោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com