អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកស្រី អ៊ុង​សាន ស៊ូ​ជី​ទំនង​គ្មាន​សំណាង​ក្លាយជា​ប្រធានាធិបតី​មី​យ៉ាន់ម៉ា
14, Apr 2015 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
ការបោះឆ្នោត​សភា​និង​ប្រធានាធិបតី​កាន់តែ​ជិត​មកដល់​ណាស់​ហើយ​នៅ​មី​យ៉ាន់​ម៉ា ប៉ុន្តែ​មិនមាន​សញ្ញា​ណាមួយ​បញ្ជាក់ថា ប្រធាន​បក្សប្រឆាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី អាចមាន​លទ្ធភាព​ឈរឈ្មោះ​ប្រធានាធិបតី​នាពេលខាងមុខ​នោះទេ។ បើ​គ្មាន​ការកែ​រដ្ឋធម្មនុញ្ញ​ទេនោះ គេ​មិន​រំពឹងថា​លោកស្រី ស៊ូ​ជី អាចមាន​សំណាង​ក្លាយជា​ប្រមុខរដ្ឋ​មី​យ៉ាន់​ម៉ា​ឡើយ។




ឆ្នាំនេះ​ជា​ឆ្នាំ ពិសេស​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីថ្មោង​ដូចជា​មី​យ៉ាន់​ម៉ា ព្រោះ​ការបោះឆ្នោត​សភា​នឹងត្រូវ​រៀបចំឡើង​នៅ​ចុងឆ្នាំ ២០១៥នេះ ហើយ​បន្ត​ដោយ​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៦ផង។ ប៉ុន្តែ​គេ​នៅ​ភ័យខ្លាច​ថា ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​នាពេលខាងមុខ​រៀបចំឡើង​ក្នុងន័យ​បំភាន់​ភ្នែក​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ គ្មាន​សេរីភាព គ្មាន​តម្លាភាព អ្វី​បន្តិច​ឡើយ​ព្រោះ​បច្ចុប្បន្ននេះ​បេក្ខជន​ប្រធានាធិបតី​លោកស្រី ស៊ូ​ជី ដែល​គេ​ជឿថា​អាច​នឹង​ជាប់ឆ្នោត​នោះ​មិនអាច​ឈរឈ្មោះ​បាន​ដោយសារ​ច្បាប់​ហាម។

លោកស្រី ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព អ៊ុង​សាន ស៊ូ​ជី ធ្លាប់​លើកឡើង​ម្តង​ហើយ​ថា លោកស្រី​និង​បក្ស​របស់​លោកស្រី​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ត្រៀមខ្លួន​រួចហើយ​ដើម្បី​ដឹកនាំ​ប្រទេស ប៉ុន្តែ​លោកស្រី​បានបង្ហាញ​ក្តីបារម្ភ​របស់លោក​ស្រី ចំពោះ​ភាពយឺតយ៉ាវ​នៃ​ការកែទម្រង់​នយោបាយ​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​លោក ថេ​ន សេន​ផង។ ម្យ៉ាង​លោកស្រី​ជឿជាក់ថា​រដ្ឋាភិបាល​ស៊ីវិល​នេះ​ក៏​ព្យាយាម​ចង់​ពន្យារ​ការបោះឆ្នោត​ផងដែរ។

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ​កាលពី​ម្សិលមិញ​លោកស្រី​ប្រធាន​គណបក្សប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែងថា​លោកស្រី​អាច​នឹង​ពហិកា​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ​ប្រសិនបើ​រដ្ឋធម្មនុញ្ញ​បន្សល់ទុក​ពី​របប​យោធា​មិនត្រូវ​បាន​គេ​កែប្រែ​ទេនោះ។  យ៉ាងណាក៏ដោយ​ចំពោះ​ការបោះឆ្នោត​សកល​ឆ្នាំនេះ គណបក្ស​លោកស្រី​ទំនងជា​មិន​បោះបង់​ការប្រកួតប្រជែង​ឡើយ ប៉ុន្តែ​សម្រាប់​ការចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ជា​រឿង​មិន​ច្បាស់លាស់​នៅឡើយ។

ឆ្នាំនេះ​លោកស្រី ស៊ូ​ជី ឈានដល់​វ័យ ៧០ឆ្នាំ​ទៅហើយ ហើយ​លោកស្រី​នៅ​បំពេញ​តួនាទី​ជា​សមាជិកសភា​ក្រោយ​បក្ស​របស់​លោកស្រី​ឈ្នះ​បាន​អាសនៈ​រហូតដល់៤៣ ក្នុងការ​បោះឆ្នោត​សេរី​លើកឡើង​ដំបូង។

តាមពិតទៅ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ននេះ ត្រូវបាន​ព្រៀង​និង​បង្កើតឡើង​ដោយ​របប​សឹក តាំងពី​ឆ្នាំ ២០០៨មកម្ល៉េះ ហើយ​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​បាន​ហាម​មិនអោយ​រាល់​អ្នកណាម្នាក់​ដែលមាន​សហព័ទ្ធ​ឬ​កូន​មាន​សញ្ជាតិ​បរទេស​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ឡើយ។ ដូច្នេះហើយ​ទើប​លោកស្រី ស៊ូ​ជី​មិនអាច​មានលទ្ធភាព​ឈរឈ្មោះ​បាន​ប្រសិនបើ​គ្មាន​ការកែប្រែ​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​មុន​ការបោះឆ្នោត​ទេនោះ។

និយាយ​ដល់​រឿង​កែ​រដ្ឋធម្មនុញ្ញ វា​ជា​រឿង​ដែល​ស្មុគស្មាញ​និង​ពិបាក​បំផុត​មួយ ក្នុងការ​កែប្រែ​ក្នុង​បរិបទ​ន​យោ​បា​មី​យ៉ាន់​ម៉ា។ បច្ចុប្បន្ន​ដើម្បី​កែប្រែ​មាត្រា​រដ្ឋធម្មនុញ្ញ ចាំបាច់​ត្រូវមាន​ការយល់ព្រម​ដោយ​សំឡេង៧៥ភាគរយ នៃ​សមាជិកសភា​ទាំងអស់ រួមជាមួយ​សំឡេង៥០ភាគរយ គាំទ្រ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​នៅ​ទូទាំងប្រទេស ក្នុង​ការធ្វើប្រជាមតិ​ផង។  យ៉ាងណាក៏ដោយ ទោះជា​របប​សឹក​រលំរលាយ​រូបរាង​មែន ប៉ុន្តែ​ឥទ្ធិពល​យោធា​មិនបាន​បាត់បង់​ពី​ស្ថាប័ន​យោ​បាយ​មី​យ៉ាន់​ម៉ា​ឡើយ។ ក្រោយ​ប្តូរ​របប អាសនៈ២៥ភាគរយ​ក្នុង​សភា ត្រូវបាន​គេ​រៀបចំ​ទុក​ស្រេច​សម្រាប់​អតីត​មេដឹកនាំ​យោធា។ សំឡេង ២៥ភាគរយ​របស់​យោធា​នេះ​បញ្ជាក់ថា រាល់​ការសម្រេច​ណាមួយសំខាន់ៗ មិនអាច​ចេញរួច​ឡើយ បើ​ប៉ះពាល់​ប្រយោជន៍​ក្រុម​យោធា​នោះ។ ដូច្នេះ​ចំពោះ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​លោកស្រី ស៊ូ​ជី មិន​រំពឹងថា​រក​សំឡេងគាំទ្រ គ្រប់៧៥ភាគរយ​ឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com