អន្តរជាតិ
Zhou Qunfei ៖ ពី​កម្មការិនី​រោងចក្រ​ក្លាយជា​មហាសេដ្ឋី​ស្ត្រី​ទីមួយ​នៅក្នុង​ប្រទេស​ចិន
17, Apr 2015 , 3:00 pm        
រូបភាព
ដោយ:
លោកស្រី Zhou Qunfei គឺជា​អតីត​កម្មការិនី​រោងចក្រ​មួយ​នៅក្នុង​ប្រទេស​ចិន​ហើយ​ធ្លាប់​រកប្រាក់​ចំណូល​បាន​តិចជាង ១៥០ ដុល្លារ​ក្នុង​មួយខែ បាន​ក្លាយជា​មហាសេដ្ឋី​ស្ត្រី​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​បំផុត នៅក្នុង​ប្រទេស​ចិន។ នេះ​បើ​យោងតាម​កាសែត New york post ។



បើតាម​ប្រ​ភព​ដដែល​នេះ លោកស្រី Zhou Qunfei  មាន​អាយុ ៤៥ ឆ្នាំ កើត​នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ នៅក្នុង​ខេត្ត​ហ៊ូ​ណាន ភាគ​កណ្តាល​ប្រទេស​ចិន។ លោកស្រី​ត្រូវបាន​គេ​ស្គាល់​ថា ជា​មហាសេដ្ឋី​ផ្នែក​ជំនួញ​ម្នាក់ ដែល​ធ្លាប់​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ ផ្នែក​ផលិត​កញ្ចក់ ហើយ​នៅពេលនេះ​លោកស្រី​បានក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ផ្ទាល់ខ្លួន ដែលមាន​ទ្រព្យសម្បត្តិ ៧,៤ ពាន់​លាន​ដុល្លារ បើ​យោងតាម​ទស្សនា​វ​ដ្តី Forbes ។

លោកស្រី Qunfei បាន​ប្រើ​ចំណេះដឹង​និង​ជំនាញ​ក្នុង​ការផលិត​កញ្ចក់រ​បស់​គាត់ ដើម្បី​បង្កើត ក្រុមហ៊ុន​ផលិត​កញ្ចក់​ផ្ទាល់ខ្លួន កាលពី​ឆ្នាំ ២០០៣ ដែល​នាង​បាន​ក្រុមហ៊ុន​នេះ​ថា Lens Technology ។ ក្រុមហ៊ុន​នេះ​បាន រីកលូតលាស់​យ៉ាង​ឆាប់រហ័ស និង​បាន​ពង្រីក​ទំហំ​កាន់តែ​ធំ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ហើយ​អាច​ទាក់ទាញ​អតិថិជនធំៗបាន​ដូចជា ដូចជា ក្រុមហ៊ុន Apple និង Samsung ជាដើម។

ក្រុមហ៊ុន​របស់លោក​ស្រី Qunfei គឺជា​កន្លែង​ផ្គត់ផ្គង់​កញ្ចក់​សម្រាប់​បំពាក់​នៅក្នុង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ដូចជា​ទូរ​សព្ទ​ទំនើប កុំព្យូទ័រ និង​ម៉ាស៊ីន​ថត​ជាដើម។ នៅពេលថ្មីៗនេះ ក្រុមហ៊ុន​ផលិត​កញ្ចក់​មួយ​នេះ គឺជា​អ្នក​ផលិត​កញ្ចក់​នាឡិកា​ឆ្លាត​វៃ Apple Watch ដែល​នឹងត្រូវ​ចេញលក់​នៅ​ថ្ងៃទី ២៤ខែមេសា នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com