អន្តរជាតិ
បុរស​ម្នាក់​ធ្វើការ​ជា​សន្តិសុខ​តែ​បរិច្ចាគ​ប្រាក់ខែ​ជាង៧០ភាគរយ​ជួយ​កុមារ​ក្រីក្រ
16, Apr 2015 , 2:00 pm        
រូបភាព
ដោយ:

បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើការ​ជា​សន្តិសុខ​យាម​ទីតាំង​មួយកន្លែង នៅក្នុង​ទីក្រុង Weihai ភាគ​ខាងកើត​ខេត្ត Shandong ប្រទេស​ចិន បាន​បរិច្ចាគ​ជាង ៧០ ភាគរយ​នៃ​ប្រាក់ខែ​សរុប​របស់គាត់ ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ​ដែល​ត្រូវការ​ជំនួយ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍​ម​ជ្ឈឹ​ម CCTV ។



ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា លោក Ma Yongដែល​បច្ចុប្បន្ន​ធ្វើការ​ជា​សន្តិសុខ ហើយ​ទទួលបាន​ប្រាក់ខែ ៣៥២ ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​ជា​រៀងរាល់ខែ​លោក​បាន​បរិច្ចាគ​ប្រាក់ ២៧២ ដុល្លារ​ប្រហែល​ជាង ៧០ ភាគរយ​នៃ​ប្រាក់ខែ​របស់គាត់ ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ ១៧ នាក់​ដែល​កំពុង​សិក្សា។

លោក Ma Yongបាន​ចំណាយ​ប្រាក់​តិចតួច​ប៉ុណ្ណោះ​ទៅលើ​ថ្លៃ​ម្ហូបអាហារ​និង​សម្លៀកបំពាក់​សម្រាប់​ខ្លួន​គាត់​ដោយសារតែ​ក្រុមហ៊ុន​ដែល​គាត់​ធ្វើការ គេ​ផ្តល់​អាហារ​ដោយ​ឥតគិតថ្លៃ​និង​ឯកសណ្ឋាន​ផងដែរ។ចំណែកឯ​ប្រាក់​ដែល​នៅសល់​ពី​ការបរិច្ចាគ គឺ​គាត់​ទុក​ប្រើប្រាស់​សម្រាប់​ការចំណាយ​ចាំបាច់​មួយចំនួន ដូចជា​មធ្យោបាយ​ដឹកជញ្ជូន​និង​ទូរ​សព្ទ​ប្រចាំថ្ងៃ។

លោក Ma បាន​ប្រាក់​កាសែត​ក្នុងស្រុក​មួយ​ថា ក្នុង​រយៈពេល ១៩ ឆ្នាំ​កន្លងមកនេះ លោក​បាន​បរិច្ចាគ​ថវិកា​សរុប​ប្រមាណ​ជាង ៧៥ ម៉ឺន​ដុល្លារ ទៅ​ឲ្យ​មនុស្សផ្សេងៗគ្នា​ជាច្រើន​នាក់។
ទោះបីជា​លោក Maបានបង្ហាញ​នូវ​ភាព​មនុស្សធម៌​របស់លោក​ក៏ដោយ ប៉ុន្តែ​ទង្វើ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រួសារ​របស់លោក​ផងដែរ ព្រោះថា​បច្ចុប្បន្ននេះ​លោក​រស់នៅ​ជាមួយ​ឪពុកម្តាយ​ដែលមាន​អាយុ​ប្រហែល៧០ ឆ្នាំ​ដូចគ្នា ហើយ​ពួកគាត់​ធ្វើជា​កម្មករ​អនាម័យ។

ម្តាយ​របស់លោក Ma បានដឹង​ព័ត៌មាន​ថា​លោក​បានផ្ដល់​ប្រាក់​ជាច្រើន ជួយ​ដល់​សិស្ស​ទាំងនោះ​ហើយ​គាត់​ក៏បាន​សុំឱ្យ​លោក​ឈប់​បរិច្ចាគ​ប្រាក់​តទៅទៀត ដើម្បី​សន្សំ​ប្រាក់​ខ្លះ​សម្រាប់​ថ្ងៃ​អនាគត​ប៉ុន្តែ​លោក​Ma បាន​បដិសេធ៕


© រក្សាសិទ្ធិដោយ thmeythmey.com