ទម្លាប់​​ទទួល​ទាន​​គ្រឿង​​ស្រវឹង​​នៅ​​ថ្ងៃ​​ចូល​ឆ្នាំ ​ធ្វើ​​ឲ្យ​​វប្បធម៌​​ប្រពៃណី​​ប្រឈម​​នឹង​​ការ​បាត់​បង់​

ជាតិ
សង្គមជាតិ
ទម្លាប់​​ទទួល​ទាន​​គ្រឿង​​ស្រវឹង​​នៅ​​ថ្ងៃ​​ចូល​ឆ្នាំ ​ធ្វើ​​ឲ្យ​​វប្បធម៌​​ប្រពៃណី​​ប្រឈម​​នឹង​​ការ​បាត់​បង់​
14, Apr 2018 , 7:00 pm         29308
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ពលរដ្ឋ​ខ្មែរ​ភាគច្រើន បាន និង​កំពុង​ជ្រើស​យក​ការជួបជុំ​ដោយមាន​គ្រឿង​ស្រវឹង​នៅ​កំដរ មិន​ថា​ការជួប​ជុំគ្នា​ធម្មតា ឬ​ពិធីជប់លៀង​នានា​នោះទេ ជាពិសេស​គឺ​ថ្ងៃបុណ្យធំៗ ដូចជា​ភ្ជុំបិណ្ឌ និង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​តែម្តង។ នៅពេលដែល​ការទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ចូលឆ្នាំ​ក្លាយជា​ទម្លាប់ គេ​សង្កេតឃើញ ការកម្សាន្ត​បែប​ប្រពៃណី និង​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅតាម​ស្រុកភូមិ​នានា​ចាប់ផ្តើម​បាត់បង់​បន្តិចម្តងៗ ក្រៅពីនោះ អំពើហិង្សារ និង​បញ្ហា​គ្រោះថ្នាក់​ចរាចរ​តែងតែ​បង្ក​ជា​សោកនាដកម្ម​ជា​រៀងរាល់ឆ្នាំ​ផងដែរ។


ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គេ​សង្កេតឃើញថា​ពលរដ្ឋ​ខ្មែរ​នៅតាម​ស្រុកភូមិ​នានា​ភាគច្រើន​ចូលចិត្ត​ជួយ​ជុំគ្នា​ទទួលទាន​គ្រឿង​ស្រវឹង ជាជាង​ការកម្សាន្ត​បែប​ប្រពៃណី និង​ការលេង​ល្បែង​ប្រជាប្រិយ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី។ ការទទួល​ទាន​គ្រឿ​ស្រវឹង​រាល់ពេល​មាន​ពិធីបុណ្យធំៗ បាន​ក្លាយជា​ទម្លាប់​ទៅហើយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន។

កាលពីមុន នៅពេលដែល​ពី​ធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឈានចូល​មកដល់ម្តងៗ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ទាំងចាស់ មូល​មី​នាំគ្នា​ទៅ​វត្ត​អារាម​ជិត​ឆ្ងាយ និង​បានរៀបចំ​ពិធី​កម្សាន្ត​បែប​ប្រពៃណី​នៅតាម​ស្រុកភូមិ​របស់​ពួកគេ​យ៉ាងច្រើន​ផុសផុល។ តែ​នៅពេល​បច្ចុប្បន្ននេះ ពលរដ្ឋ​មួយចំនួន​ប្រើពេល​ស្ទើ​ពេញ​មួយ​រដូវចូលឆ្នាំ​ជួបជុំគ្នា​ផឹកស៊ី​នៅតាម​លំនៅដ្ឋាន​របស់​ពួកគេ​ទៅវិញ។

នៅពេលដែល «សុរា​ចូលខ្លួន» យុវជន​មួយចំនួន​បាន​បង្ក​ភាពអនាធិបតេយ្យ​នៅតាម​ស្រុកភូមិ​របស់​ពួកគេ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ ដូចជា​ការបង្ក​ជម្លោះ​នៅក្នុង​កម្ម​វី​ធី​រាំ​កម្សាន្ត ការឃាត់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ចាក់ទឹក ប៉ាត​ផ្សៅ និង​ទារប្រាក់​ឧបត្ថម្ភ។ ពេលខ្លះ​ពួកគេ​ឆ្លៀត​បន្លំ​បៀតបៀន​កេរ្តិ៍ខ្មាស​លើនារីៗ បង្កើតជា​អំពើហិង្សារ​ផងដែរ។ លើសពីនេះ​ទៀត​ការសេព​គ្រឿ​ស​ស្រវឹង​លើស​កំណត់​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ និង​ក្លាយជា​សោកនាដកម្ម​រៀងរាល់ឆ្នាំ។

មាន​មូលហេតុ​ជាច្រើន​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ ទាំង​បុរស ស្ត្រី យុវជន និង​យុវតី ចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង ដូចជា៖ ទី១ ដោយសារ​តម្លៃ​ស្រា​បៀរ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តម្លៃថោក​បើ​ធៀប​ទៅនឹង​ប្រទេសជិតខាង​មួយចំនួន។ ទី២ ដោយសារ​ការអនុវត្ត​ច្បាប់​រឹតបន្តឹង​គ្រឿង​ស្រវឹង​នៅ​ធូររលុង។ ទី៣ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជំរុញ​ទឹកចិត្ត​អ្នកប្រើប្រាស់​ខ្លាំងពេក។ ទី៤ កន្លែង​ផឹកស៊ី​កា្ល​យ​ជាទី​ណាត់ជួប។ និង​ទី៥ មាន​សេវា​ផ្លូវភេទ​លួចលាក់ នៅ​ពីក្រោយ​កន្លែង​ផឹកស៊ី។ កត្តា​ទាំងនេះ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង​រហូត​ក្លាយជា​ទម្លាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ អាជ្ញាធរ​គួរ​ចាត់វិធានការ​ទប់ស្កាត់ ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​ការទទួល​ទាន​គ្រឿង​ស្រវឹង បានធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួនធំ ភ្លេច​គោរព និង​អនុវត្ត​ទំនៀម​ទំលាប់​ប្រពៃណី​របស់ខ្លួន​នៅ​ថ្ងៃ​ចូលឆ្នាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង