ពីនេះ ពីនោះ
សូមអ្នក​នយោបាយ​ខ្មែរ ស្ដាប់​ការ​អង្វរ​របស់​រាស្ត្រ
12, Apr 2015 , 1:00 pm        
រូបភាព
ដោយ: ថ្មីៗ
សូមអ្នក​នយោបាយ​ខ្មែរ ស្ដាប់​ការ​អង្វរ​របស់​រាស្ត្រ



ឆ្លងតាម​ប្រវត្តិ​ច្រើន​ជំនាន់         ប្រជា​ធុន​ទ្រាន់​នឹង​ជម្លោះ
ពិសេស​អ្នកដឹកនាំ​ពូកែ​ឈ្លោះ         រួច​ទម្លាក់កំហុស​ឱ្យ​អ្នកដទៃ។
ជម្លោះ​គ្នាឯង​ប៉ែង​ជើង​គ្នា             បោក​រាស្ត្រប្រជា​ព្រោះ​អំណាច
ពឹង​អ្នកជិតខាង​ជួយ​បន្លាច            ដោយ​ពុំ​គិត​ខ្លាច​រណប​គេ។
ថៃ​នេះ​រាស្ត្រ​ខ្មែរ​លើក​ពាក្យចុងចួន        បង្ហាញ​អារម្មណ៍​ខ្លួន​អ្នករងគ្រោះ
សូមអ្នក​ដឹកនាំ​បញ្ឈប់​ជម្លោះ        សម្ដែង​ចិត្ត​ស្មោះ​ស្រាយ​បញ្ហា។
ដំរី​ឈ្លោះ​គ្នា​ងាប់​ស្រមោច​សង្អារ        ជម្លោះ​ម៉ាក់​ប៉ា​ងាប់​កូនចៅ       
ជម្លោះ​បងប្អូន​ងាប់​ញាតិ​ផៅ        ជម្លោះ​ដង្ខៅ​ងាប់​អ្នកបម្រើ។
ជម្លោះ​ថ្នាក់លើ​ងាប់​ថ្នាក់ក្រោម        ជម្លោះ​អ្នកដឹកនាំ​ប្រទេស​វឹកវរ
វិបត្តិ​សព្វ​យ៉ាង​ពេញ​នគរ            ប្រជា​ឆោឡោ​កើតទុក្ខ​ឥត​ល្ហែ។
ជម្លោះ​នយោបាយ​សេដ្ឋកិច្ច​ធ្លាក់ចុះ     នេះ​ជា​កំហុស​ថ្នាក់ដឹកនាំ​ខ្មែរ
ធ្វើឱ្យ​វិនិយោគទុន​ត្រូវ​បង្វែរ        ទៅ​ប្រទេសក្បែរៗទាំង​តូចធំ។
ជម្លោះ​នយោបាយ​ស្រុក​មាន​វិបត្តិ         លែង​បាន​ស្ងប់ស្ងាត់​ចុះសម្រុង
ខំ​កាប់​ចាក់​គ្នា​តែ​ផ្ទៃក្នុង             ធ្វើឱ្យ​ជាតិ​លិចលង់​ព្រោះ​អំណាច។
ប្រជា​មួយចំនួន​កាន់តែ​ក្រក្រី        អស់​ស្រែ អស់​ដី អស់​កេរ​ម៉ែ
បង្ខំចិត្ត​ទៅ​ថៃ ទៅ​កូរ៉េ             ធ្វើជា​ខ្ញុំគេ​ក្រែង​បាន​គ្រាន់បើ។
1.    តែ​អកុសល​ផល​មិន​សម្រេច         មេខ្យល់​បើក​ផ្ដាច់​អស់​លុយ​ច្រើន​ខែ
ធ្វើការ​ឱ្យគេ​គ្មាន​ពេលទំនេរ        តែ​គ្មាន​ប្រាក់ខែ​ត្រូវគេ​បោក។
2.    សូមអ្នក​នយោបាយ​ឈប់​ឈ្លោះ​គ្នា         រួបរួម​ម្នីម្នា​កុំ​កន្តើយ
ស្រាយ​បញ្ហា​ជាតិ​ឱ្យ​ធូរស្បើយ         ម្ល៉េះ​រាស្ត្រ​បាន​ស្បើយ​ផុត​ទុក្ខា។
3.    ប្រជា​សុខសាន្ត​គ្រប់​អាត្មា             កុលបុត្រ​កុលធីតា​រស់​រឹងមាំ
រដ្ឋ​មាន​សន្តិភាព​គ្រប់​ជំនាន់         សន្តិសុខ​គ្រប់គ្រាន់​ពេញ​ច្រកល្ហក។
4.    សូមអ្នក​ដឹកនាំ​ខំ​ធ្វើ​ល្អ             តាម​ពាក្យ​អង្វរ​របស់​រាស្ត្រ​ខ្មែរ
បើ​បាន​អំណាច​ត្រូវ​ខំ​រក្សា​ថែ         ពូជពង្ស​ជាតិខ្មែរ​ឱ្យ​គង់​វង់។


ដោយ សច្ច​វិទូ



© រក្សាសិទ្ធិដោយ thmeythmey.com