បទវិភាគ
ល្បែងប្រជាប្រិយបាត់បង់បន្តិចម្តងៗ
15, Apr 2017 , 8:00 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មីម្ដងៗ តែងតែមាន​ការលេង​ល្បែង​ប្រជាប្រិយ​នៅតាម​វត្ត​អារាម ឬ​ទីសាធារណៈ​ដែល​រៀបចំ​ពី​អាជ្ញាធរ​មូលដ្ឋាន។ តាំងពី​យូរលង់​មកហើយ ល្បែង​ប្រជាប្រិយ ត្រូវបាន​គេ​លេង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​ធ្លាប់មាន​រយៈពេល​មួយ​សប្ដាហ៍​ឬ​ច្រើនជាង​នេះ និង​មាន​រយៈពេល​បី​ថៃ្ង​ក្នុងសម័យ​បច្ចុប្បន្ន។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ជាទូទៅ​យើង​បាន​សង្កេតឃើញថា​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ក្នុង​ទិវា​បុណ្យចូលឆ្នាំថ្មី​ក្នុងសម័យ​បច្ចុប្បន្ន​បាន​ថយចុះ​គួរកត់សម្គាល់។



តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​បណ្ដាលឱ្យ​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ក្នុង​ទិវា​ចូលឆ្នាំថ្មី មានការ​ថយចុះ​ដូច្នេះ?


យោងតាម​ការពិនិត្យសង្កេត និង​ការវិភាគ​របស់​យើង យើង​អាច​សន្និដ្ឋានបានថា មូលហេតុធំៗ ដែលនាំឱ្យ​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ក្នុង​ទិវា​ចូលឆ្នាំថ្មី មានការ​ថយចុះ មាន​ដូចតទៅ៖ 

1.    ខ្វះ​ការផ្ដួចផ្ដើម​គំនិត​និង​ការរៀបចំ​ពី​ភាគី​ពាក់ព័ន្ធ ដូចជា ចាស់ទុំ​ក្នុងស្រុក ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត
2.    ខ្វះ​ការលើកទឹកចិត្ត ការជំរុញ និង​ការបង្ក​លក្ខខណ្ឌ​ងាយស្រួល​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​រៀបចំ​ការលេង​ល្បែង​ប្រជាប្រិយ
3.    វត្ត​មួយចំនួន​មិនមាន​ទីធ្លា​សមស្រប​សម្រាប់​លេងល្បែង​ប្រជាប្រិយ ជាពិសេស វត្ត​នៅ​ទីក្រុង និង​ទីប្រជុំជន ដោយសារតែ ទីធ្លា​ទាំងនោះ​ត្រូវគេ​សង់​កុដិ និង​ចេតិយ​ស្អេកស្កះ។ ចំពោះ​វត្ត​នៅ​ជនបទ​វិញ ថ្វីបើ​នៅមាន​ទីលាន​អាច​លេង​បាន ប៉ុន្តែ​ក៏​មិនមាន​ប្រជាជន​ច្រើន​ទៅលេង​ទេ ដោយសារតែ អ្នកស្រុក ជាពិសេស យុវជន​បានធ្វើ​ចំណាកស្រុក​ទៅរ​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស។ ម្យ៉ាងទៀត ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​ក៏​មិន​យល់ថា ខ្លួន​មាន​កាតព្វកិច្ច​ត្រូវតែ​រៀបចំ​វត្ត​អារាម​ដើម្បី​ត្រៀម​ឱ្យ​ប្រជាជន​មកលេង​ល្បែង​ប្រជាប្រិយ​ដែរ។
4.    ប្រជាជន​មួយចំនួន ជាពិសេស អ្នកមាន​លទ្ធភាព​តែងតែ​ធ្វើដំណើរ​ទៅ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា នាឱកាស​ចូលឆ្នាំថ្មី ដោយ​មិនបាន​នៅ​ចូលរួម​លេងល្បែង​ប្រជាប្រិយ​នៅតាម​វត្ត​អា​រ៉ា​ម ឬ​ស្រុកភូមិ​របស់ខ្លួន។ ឯ​នៅ​តំបន់​ទេសចរណ៍​ទៀតសោត ភាគច្រើន​ក៏​មិនមាន​ការលេង​ល្បែង​ប្រជាប្រិយ​ដែរ មានតែ​ការបរិភោគ​ជុំគ្នា ការទិញ​វត្ថុ​អនុស្សាវរីយ៍ ការ​ជះ​ទឹក ការ​ប៉ាត​ម្សៅ និង​អាច​មានការ​រាំ​កម្សាន្ត​ខ្លះ​ដែរ ប៉ុន្តែ ភាគច្រើន​គេ​ចូលចិត្ត​រាំ​ចង្វាក់​បរទេស​ច្រើនជាង។
5.    ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន មាន​មធ្យោបាយ​ធ្វើដំណើរ​បាន​ឆាប់រហ័ស និង​បាន​ឆ្ងាយ​ជាង​មុន ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​ពួកគេ​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​កន្លែងឆ្ងាយៗពី​ស្រុកកំណើត ជាហេតុ​ដែលនាំឱ្យ​ពួកគេ​មិនសូវ​បាន​ចូលរួម​លេងល្បែង​ប្រជាប្រិយ​នៅ​តំបន់​របស់ខ្លួន
6.    ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ជាពិសេស​យុវវ័យ ទទួលយក​ឥទ្ធិពល​នៃ​វប្បធម៌​របស់​ប្រទេសជិតខាង ដូចជា ការបាញ់ទឹក ការ​គប់​ទឹក ការ​ជះ​ទឹក និង​ការ​ប៉ាត​ម្សៅ​ជាដើម ដែល​ពួកគេ​យល់ថា​សប្បាយ​ជាង​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ
7.    ប្រជាជន​មួយចំនួន ចូលចិត្ត​លេងល្បែង​ស៊ីសង ដូចជា បៀ អាប៉ោង ខ្លា​ឃ្លោក ប្រជល់មាន់...ជាង​ល្បែង​ប្រជាប្រិយ។
តាមពិត​នៅមាន​កត្តា​ជាច្រើន​ទៀត ដែល​យើង​មិនអាច​រៀបរាប់​អស់​នៅទីនេះ។ ជាការ​ឆ្លើយតប​នឹង​បញ្ហា​នេះ តើ​យើង​ត្រូវធ្វើ​ដូចម្ដេច​ដើម្បី​ដោះស្រាយ? ក្នុងនាម​អ្នកតាមដាន​បញ្ហា​នេះ

យើង​គិតថា ដើម្បី​លើកកម្ពស់​ការស្រុតចុះ​នៃ​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី យើង​គួរ​ធ្វើ​ដូចខាងក្រោម៖
1.    ចាស់ទុំ​ក្នុងស្រុក ព្រះសង្ឃ និង​គណៈកម្មការ​វត្ត ត្រូវ​ផ្ដួច​ផ្ដើមគំនិត​ក្នុងការ​រៀបចំ​ឱ្យមាន​ការលែង​ល្បែង​ប្រជាប្រិយ​ឱ្យបាន​កុះករ អធិកអធម​ក្នុង​មូលដ្ឋាន​របស់ខ្លួន
2.    ក្រសួង មន្ទីរ ការិយាល័យ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​លើកទឹកចិត្ត ជំរុញ បង្ក​លក្ខខណ្ឌ​ងាយស្រួល និង​ផ្ដល់​លទ្ធភាព​ដើម្បី​ឱ្យមាន​ការរៀបចំ​លេងល្បែង​ប្រជាប្រិយ​នៅ​គ្រប់​វត្ត​អារាម និង​ទីសាធារណៈផ្សេងៗ ដូចដែល​គេ​បាន​ធ្វើជា​រូបភាព​អង្គ​រស​ង្ក្រា​ន​នៅ​ខេត្តសៀមរាប និង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅ​វត្តភ្នំ​រៀងរាល់ឆ្នាំ​ជាដើម។
3.    គួរ​បំផុស​ឱ្យមាន​ការចូលរួម​ពី​ពលរដ្ឋ​គ្រប់​ស្រទាប់ ទាំង​អ្នកមាន​ទាំង​អ្នកក្រ ជាពិសេស គួរ​លើកទឹកចិត្ត​ឱ្យ​អ្នកមាន​ផ្ដល់​លទ្ធភាព​ក្នុង​ការទិញ​សម្ភារៈ និង​មធ្យោបាយផ្សេងៗដើម្បី​សម្រួល​ដល់​ការលេង​ល្បែង​ប្រជាប្រិយ​ក្នុង​វត្ត​អារាម ឬ​មូលដ្ឋាន​របស់ខ្លួន
4.    ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ព្រះសង្ឃ គណៈកម្មការ​វត្ត និង​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ត្រូវតែ​យល់ថា ពួកគេ​មាន​កាតព្វកិច្ច​សង្គម ក្នុងការ​ចូលរួម​រៀបចំ​ឱ្យមាន​ការលែង​ល្បែង​ប្រជាប្រិយ ដើម្បី​ការសប្បាយរីករាយ​ផង​និង​ដើម្បី​ជួយ​រក្សា​មរតក​វប្បធម៌​របស់​យើង​ក៏ដូចជា​ការជួយ​ទាក់ទាញ​ទេសចរណ៍​ផងដែរ។



Tag:
 ល្បែងប្រជាប្រិយ
  ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com