អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
អារ៉ាប៊ីសាអូឌីតទាត់ចោលសំណើរអ៊ីរ៉ង់សុំបញ្ឈប់ទម្លាក់គ្រាប់នៅយ៉េមែន
13, Apr 2015 , 3:15 pm        
រូបភាព
រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានទាត់ចោលសំណើររបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ដែលស្នើសុំអោយមានការបញ្ឈប់ការទម្លាក់គ្រាប់នៅក្នុងទឹកដីយេម៉ែន។ ក្រៅពីទាត់ចោលសំណើរអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីតបានព្រមានអ៊ីរ៉ង់ថាកំពុងលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងយេម៉ែន ហើយប្រទេសនេះសង្កត់ធ្ងន់ថា ខ្លួនទម្លាក់គ្រាប់បែកប្រឆាំងក្រុមឧទ្ទាម ព្រោះការពាររដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ។


ចូលដលថ្ងៃចន្ទនេះវាមានរយៈពេលជាង ២សប្តាហ៍ហើយដែលអារ៉ាប៊ីសាអូឌីតនិងរដ្ឋអារ៉ាប់ទម្លាក់គ្រាប់បែកនៅក្នុងប្រទេសយេម៉ែន ដើម្បប្រឆាំងក្រុមឧទ្ទាម។ គោលដៅនៃការវាយប្រហារគឺកម្ទេចក្រុមឧទ្ទាមដែលគេជឿជាក់ថាគាំទ្រដោយអ៊ីរ៉ង់ Houthis ហើយការវាយប្រហារនេះបានទទួលការស្វាគមន៍និងគាំទ្រពីបណ្តារដ្ឋអារ៉ាប់ និងសហរដ្ឋអាមេរិកជាដើម។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Saud al-Faisal កាលពីសម្សិលមិញបានចេញមុខការពារយុទ្ធនាការយោធាផ្លូវការអាកាសរបស់ខ្លួននៅក្នុងប្រទេសយេម៉ែន ដោយលើកហេតុផលថាខ្លួនព្យាយាមការរពាររដ្ឋាភិបាលស្របច្បាប់ដែលត្រូវក្រុមឧទ្ទាមផ្តួលនិងលួចដណ្តើមអំណាច។ ក្រៅពីលើកឡើងពីភាពស្របច្បាប់របស់ខ្លួនដោយសម្រាងលើការស្នើសុំពីរដ្ឋាភិបាលយេម៉ែន ប្រមុខការទូតខាងលើបានព្រមានអ៊ីរ៉ង់ផងដែរដែលបានព្យាយាមលូកដៃចូលក្នុងផ្ទៃក្នុងវិបត្តិនៅយេម៉ែន។

អារ៉ាប៊ីសាអូឌីត ក៏តែងចេញមុខរករឿងអ៊ីរ៉ង់ថាជាអ្នកដែលនៅពីក្រោយក្រុមឧទ្ទាមដែលកាន់កាប់រដ្ឋាភិបាល Houthis ហើយអារ៉ាប៊ីសាអូឌីតនេះជាអ្នកគាំទ្ររដ្ឋាភិបាលប្រធានាធិបតី Hardi ដែលកំពុងរត់ភៀសខ្លួន។ តាមពិតទៅជម្លោះនៅយេម៉ែនកាន់តែរីកធំឡើងៗ ក្រោយពេលដែលមានមហាអំណាចក្នុងតំបន់ដូចជាអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់លូកដៃលូកជើងចូលក្នុងជម្លោះដោយម្ខាងគាំទ្ររដ្ឋាភិបាល និងម្ខាងទៀតគាំទ្រក្រុមឧទ្ទាម។ ដូច្នេះហើយទើបបានជាជម្លោះនេះមិនងាយនឹងបញ្ចប់ទៅបានស្រួល។

បើទោះជាមានការអះអាងថា ការវាយប្រហារតាមផ្លូវអាកាសជាការការពាររដ្ឋាភិបាលស្របច្បាប់ក៏ពិតមែន ប៉ុន្តែរបាយការណ៍ក្រុមត្រួតពិនិត្យសិទ្ធិមនុស្សបានផ្តល់សញ្ញាប្រកាសអាសន្នថា ការវាយប្រហារនេះបានជំរុញអោយមនុស្សជាច្រើនរត់ភៀសខ្លូន បាត់បង់ជំរក ជាពិសេសមានអ្នកស្លាប់និងរបួសដោយសារបញ្ហានេះទៀត។ ម្យ៉ាងក្រៅពីប្រឈមនឹងគ្រោះថ្នាក់ដោយសារការវាយប្រហារប្រជាជនយេម៉ែនក៏រងគ្រោះដោយសារកង្វះខាតស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារៈប្រើប្រាស់ក្នុងស្ថានភាពអាសន្នថែមទៀត។

ចំណែកអារ៉ាប៊ីសាអូឌីតបានទទួលជំនួយឧបត្ថម្ភជាសព្វាវុធ និងរបាយការណ៍ចារកម្មពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីធានាថាការវាយប្រហារនេះអាចបន្តទៅមុខបានទៀត ហើយវាយប្រហារចំគោលដៅ។ គេមិនដឹងថា សង្គ្រាមនេះនឹងត្រូវបន្តរយៈពេលយូរប៉ុណ្ណានោះទេ បើសិនគ្មានការបញ្ឈប់ការលូកដៃពីសំណាក់ប្រទេសមហាអំណាចក្នុងតំបន់ដូចជាអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់នោះ។ ការលូកដៃរបស់ប្រទេសទាំងពីរបានត្រឹមតែជំរុញអោយវិបត្តិកាន់តែធ្ងន់ធ្ងរជាងមុន និងធ្វើអោយប្រទេសយេម៉ែនធ្លាក់ក្នុងគ្រោះមហន្តរាយមនុស្សជាតិតែប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com