អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទំនាក់ទំនង​ជាមួយ​អាមេរិក និង​ចិន​ផ្តល់​ភាព​វិជ្ជមាន​ដល់​ការរួបរួម​ឧបទ្វីប​កូរ៉េ
15, Apr 2015 , 8:30 am        
រូបភាព
លោក Cho Tae-yul អនុរដ្ឋមន្ត្រីការ​បរទេស​កូរ៉េ​ខាងត្បូង
លោក Cho Tae-yul អនុរដ្ឋមន្ត្រីការ​បរទេស​កូរ៉េ​ខាងត្បូង
ដោយ:
ទីក្រុងសេ​អ៊ូ​ល-កូរ៉េ៖ ទំនាក់ទំនង​លើ​គោលនយោបាយ​ការបរទេស​ជាមួយ​សហរដ្ឋអាមេរិក និង​ចិន នឹងមិន​នៅត្រឹម​ចំណុចសូន្យ​នោះទេ ពោល​គឺអាច​ឈានដល់​ការបង្រួបបង្រួម​បងប្អូន កួ​រ៉េ​ទាំងពីរ ដែល​បាន​បែកបាក់​គ្នា​អស់​ជាង ៧០ឆ្នាំ កន្លងមក​នោះ។ នេះ​ជា​ប្រសាសន៍​របស់​អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​កូរ៉េ។



លោក Cho Tae-yul បាន​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​សន្និសីទ​សារព័ត៌មាន​ពិភពលោក ស្តីពី កា​រប​ង្រូ​ប​បង្រួម​ឧបទ្វីប​កូរ៉េ​ថា សម្ព័ន្ធភាព​រវាង​ប្រទេស​កូរ៉េ និង​សហរដ្ឋអាមេរិក និង ទំនាក់ទំនង​កូរ៉េ និង​ចិន មិនមែនជា​ទំនាក់ទំនង​អវិជ្ជមាន​នោះឡើយ។

នា​ពិធី​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​មជ្ឈមណ្ឌល​សារព័ត៌មាន​ទីក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី១៣ មេសា អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េ​បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា៖«ពួកគេ​មិន​ត្រឹមតែ​ទំនាក់ទំនង​គ្នា​ប៉ុណ្ណោះ​ទេ  ពួកគេ​ថែមទាំង​ជំរុញ​ក្នុងការ​អនុវត្ត​ទំនាក់ទំនង​ទៅវិញទៅមក ដោយ​អាស្រ័យ​លើ​តួនាទី​របស់​ប្រទេស​កូរ៉េ​ទាំងពីរ»។

សន្និសីទ​នេះ មាន​គោលបំណង​សម្រាប់​អ្នកសារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ពិភាក្សា​អំពី​ការបង្រួបបង្រួម​ដោយ​សន្តិវិធី​នៅលើ​ខួប​លើក​ទី ៧០ នៃ​ការ​បែក​ចែក​ឧបទ្វីប​កូរ៉េ។

អនុរដ្ឋមន្ត្រី​រូបនេះ បានលើកឡើង​សំដៅ​ដល់​បញ្ហា​ប្រឈម​ភូមិសាស្ត្រ​នយោបាយ​ថ្មី ដើម្បី​គោលនយោបាយ​ការបរទេស​របស់​ទីក្រុង​សេ​អ៊ូ​ល​ក្នុង​ការបន្ត​ការបង្រួបបង្រួម​ឧបទ្វីប កូរ៉េ។

លោក​បាន​ថ្លែងបន្តថា ទោះបីជា​នាពេល​កន្លងមក កូរ៉េ​បានសម្រេច​ចូល​ភាគហ៊ុន​ជាមួយ​ប្រទេស​ចិន​ដែល​ដឹកនាំ​ដោយ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ក៏ដោយ ប៉ុន្តែ​សម្ព័ន្ធភាព​រវាង​កូរ៉េ និង​អាមេរិក នៅតែ​ជា​ឆ្អឹងខ្នង​របស់​ប្រទេស​កូរ៉េ។

លោក​បានឱ្យដឹងថា ការចូលរួម​របស់​ធ​នាគារ​នេះ​អាច​នាំមក​នូវ​ឱកាស​ថ្មី ដោយសារតែ​ទំនាក់ទំនង​របស់​ប្រទេស​កូរ៉េ​ជាមួយនឹង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន គឺ​សញ្ញា​វិជ្ជមាន។

ជាមួយគ្នានេះដែរ លោក​អនុរដ្ឋមន្ត្រី​ក៏បាន​ថ្លែង​បារម្ភ​ពី​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ថា នៅតែ​បន្ត​ភាព​តានតឹង​ក្នុងការ​ពិភាក្សា។

លោក​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​បន្តថា៖«បញ្ហា​ប្រឈម​ធំជាងគេ​ផ្នែក​ការទូត​របស់​យើង នោះ​គឺ ប្រទេស​កូរ៉េខាងជើង ដែល មិនទាន់បាន​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន ហើយ​បាន​នឹង​កំពុង​បន្ត​បង្កើន​ភាព​តានតឹង នៅលើ​ឧបទ្វីប​កូរ៉េ។ គេ​បាន​បដិសេធ​មិន​ចូលរួម​នៅក្នុង​កិច្ចពិភាក្សា»។

ដោយឡែក លោកស្រី Na Kyung-Won ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស និង​ការបង្រួបបង្រួម​ជាតិ​នៃ​រដ្ឋសភា បាន​ថ្លែង​ទៅកាន់​សារព័ត៌មាន​ជាង ១០០នាក់ មកពី​ជាង ៦០ប្រទេស​ថា ការជឿទុកចិត្ត​ផ្នែក​ការទូត​ជា​មូលដ្ឋានគ្រឹះ ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការពិភាក្សា​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង។ លោកស្រី​បន្តថា លោកស្រី​បានស្នើ​យក​ការទំនាក់ទំនង​នេះ ដល់​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង ព្រមទាំង​សង្គម​ស៊ីវិល និង​អង្គការ​អន្តរជាតិ​នានា។

លោកស្រី​បញ្ជាក់ថា៖«វា​ជាការ​ចាំបាច់​ក្នុងការ​ស្ដារឡើងវិញ​នូវ​កិច្ចសន្ទនា​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង។ យើង​គួរតែ​ផ្តោតលើ​ការសន្ទនា​រួមមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​មិនទាន់​សម្រេច​ជាជាង​ការសន្ទនា​សម្រាប់តែ​គោលបំណង​នៃ​ការសន្ទនា ដោយ​ពុំ​មិនមាន លទ្ធផល​អ្វី​ទាំងអស់»។




កិច្ចពិភាក្សា​រវាង​អ្នកសារព័ត៌មាន​ក្នុង​ខួប​លើក​ទី៧០ ស្តីពី​ការបង្រួបបង្រួម ឧបទ្វីប​កូរ៉េ​នេះ ពុំមាន​វត្តមាន​អ្នក​សារ​ព័​ត័​មាន​មកពី​ប្រទេស​កូរ៉េខាងជើង​ចូលរួម​នោះទេ។ អ្នករៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​អញ្ជើញ​អ្នកសារព័ត៌មាន​មកពី​កូរ៉េខាងជើង​ដែរ ប៉ុន្តែថ្នាក់ដឹកនាំ​កូរ៉េខាងជើង​អាចនឹងមិន​អនុញ្ញាត​ឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com