អន្តរជាតិ
កូ​ឡុំ​ប៊ី​ចាត់វិធានការ​សងសឹក​ក្រុម​ឧទ្ទាម​ Farc
16, Apr 2015 , 10:00 am        
រូបភាព
ដោយ:
ក្រោយ​មានការ​វាយប្រហារ​សម្លាប់​ទាហាន​កូ​ឡុំ​ប៊ី១០នាក់ នៅ​យប់​ថ្ងៃ​អង្គារ​ឈានចូល​ព្រឹក​ថ្ងៃ​ពុធ ប្រធានាធិបតី​កូ​ឡុំ​ប៊ី​សម្រេច​បន្ត​ការ​ទំលាក់​គ្រាប់បែក លើ​ទីតាំង​ក្រុម​ឧទ្ទាម​Farc បន្តទៅទៀត។



កាលពី​យប់​ថ្ងៃ​អង្គារ​ឈានចូល​ព្រឹក​ថ្ងៃ​ពុធ ទាហាន​កូ​ឡុំ​ប៊ី១០នាក់​បាន​ស្លាប់ និង៩នាក់​ទៀត​រងរបួស ក្នុងការ​វាយប្រហារ​គ្រាប់បែក និង​កាំភ្លើង ក្នុងភូមិ Esperenza ស្ថិតក្នុង​ខែត្រ Cauca ភាគ​ខាងលិច​ប្រទេស។ ភូមិ​នេះ​ជា​កន្លែង​របស់​ក្រុម​ឧទ្ទាម​Farcដែល​ចរចា​សន្តិភាព​ជាមួយរ​ដ្ឋា​ភិ​បាល តាំងពី​ចុងឆ្នាំ២០១២មក។

ប្រមុខ​មេបញ្ជាការ​ទាហាន​កូ​ឡុំ​ប៊ី លោក Mario Valenciaបាន​ចោទ​ក្រុម​ឧទ្ទាម​Farc ថា​បង្ក​ការវាយប្រហារ​នេះ​ឡើង។ អ្នកចរចា​សន្តិភាព​ខាង​ក្រុម​ឧទ្ទាម​វិញ បាន​លើកឡើងថា ការវាយប្រហារ​នេះ​ប្រហែលជា​ដោយសារ​មកពី​នយោបាយ​រដ្ឋាភិបាល ដែល​បាន​បើក​ប្រតិបត្តិការ​យោធា​កំចាត់​ក្រុម​ឧទ្ទាម ក្នុងពេល​ក្រុម​ឧទ្ទាម​កំពុង​គោរព​បទ​ឈប់​បាញ់។

ប្រធានាធិបតី Juan Manuel Santos បាន​ថ្កោលទោស​ការវាយប្រហារ​នេះ ហើយ​បានសម្រេច​ថា​បន្ត​ទំលាក់​គ្រាប់បែក​លើ​ទីតាំង​ក្រុម​ឧទ្ទាម​តទៅទៀត។ គួររំលឹកថា តាំងពី​ចុងឆ្នាំ២០១២មក ក្រុម​ឧទ្ទាម​Farc បាន​ចរចា​សន្តិភាព​ជាមួយរ​ដ្ឋា​ភិ​បាល។ នៅ​សប្តាហ៍​មុន ប្រធានាធិបតី​កូ​ឡុំ​ប៊ី​បានសម្រេច​ពន្យារពេល​ផ្អាក​ទំលាក់​គ្រាប់បែក​លើ​ទីតាំង​ក្រុម​ឧទ្ទាម។ ជា​ការផ្តោះប្តូរ ក្រុម​ឧទ្ទាម​Farc ត្រូវតែ​គោរព​បទ​ឈប់​បាញ់​ឯកតោភាគី ពោលគឺ​បទ​ឈប់​បាញ់​ដែល​មានតែ​ភាគី​ក្រុម​ឧទ្ទាម​មួ​ួ​យ​តែប៉ុណ្ណោះ។ រដ្ឋាភិបាល​លោក​Manuel Santos តែងតែ​បដិសេធ​មិន​ធ្វើ​បទ​ឈប់​បាញ់​ទ្វេភាគី​ជាមួយ​ក្រុម​Farc៕



© រក្សាសិទ្ធិដោយ thmeythmey.com