អន្តរជាតិ
អគារ​ខ្ពស់​ទាំង ១០ ក្នុង​ពិភពលោក ដែល​ចំណាយ​ប្រាក់​សាងសង់​ច្រើនជាងគេ​បំផុត
17, Apr 2015 , 8:20 pm        
រូបភាព
ដោយ:
ការសាងសង់​អគារខ្ពស់ៗកប់​ពពក ត្រូវគេ​សាងសង់ឡើង និង​មាន​អគារ​ខ្លះទៀត​កំពុង​ត្រូវបាន​គេ​សាងសង់​នៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក ដើម្បី​ជាការ​ប្រកួតប្រជែង​ពី​កម្រិត​រីកចម្រើន​របស់​ប្រទេសនីមួយៗ ។ មិន​ត្រឹមតែ​អគារ​កាន់តែ​ខ្ពស់​នោះទេ ប៉ុន្តែ​អគារ​ទាំងនោះ​ត្រូវបាន​គេ​សាងសង់ឡើង​ដោយមាន​បំពាក់​បច្ចេកវិទ្យាទំនើបៗ ដែលជា​សម្ភារៈ​ចុងក្រោយបង្អស់ និង​ធ្វើយ៉ាងណា​ដើម្បី​ប្រើប្រាស់​ឲ្យ​បានយូរ​ឆ្នាំ។



កាលពីពេល​ថ្មី​នេះ ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ផ្នែក​អគារ និង​គម្រោង​សាងសង់ មាន​ឈ្មោះថា Emporis មាន​មូលដ្ឋាន​នៅ​ប្រទេស​អាឡឺម៉ង់ បាន​ចាត់ថ្នាក់​អគារខ្ពស់ៗចំនួន ១០ គឺជា​អគារ​កប់​ពពក​ដែល​គេ​ចំណាយ​ទឹកប្រាក់​សម្រាប់​សាងសង់ ច្រើនជាងគេ​បំផុត ក្នុងចំណោម​អគារខ្ពស់ៗជាច្រើន​នៅលើ​ពិភពលោក។

យោងតាម​ទិន្នន័យ​នោះ អគារ One World Trade Center នៅក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក គឺជា​អគារ​ដែល​បាន​ចំណាយ​ប្រាក់​ច្រើនជាងគេ​ក្នុងការ​សាងសង់ ដោយ​ត្រូវ​ចំណាយ​អស់​ថវិកា​សរុប​ចំនួន ៣,៩ ពាន់​លាន​ដុល្លារ។ អគារ​នេះ គឺជា​អគារ​ថ្មី​មួយ ដែល​ត្រូវបាន​សាងសង់ឡើង ដើម្បី​ជំនួស​ឲ្យ​អគារ​ភ្លោះ World Trade Center ចាស់​ត្រូវបាន​ក្រុម​ភេ​វរ​កម្ម ប្រើ​យន្តហោះ​ដើម្បី​បុក​កម្ទេច​កាលពី​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០០១ កន្លង​ទៅនោះ។

ខាងក្រោម​នេះ​គឺជា​អគារខ្ពស់ៗទាំង ១០ ដែល​ចំណាយ​ប្រាក់​សាងសង់​អស់​ច្រើនជាងគេ៖
ទី១៖ អគារ One World Trade Center នៅក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក អគារ​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ ចំណាយ​អស់​ថវិកា​សរុប​ចំនួន ៣,៩ ពាន់​លាន​ដុល្លារ ជាមួយនឹង​កម្ពស់ ១៧៧៦ ហ្វី​ត(ប្រហែល ៥៤១ ម៉ែត្រ) គឺជា​លេខ​នៃ​ឆ្នាំ​ដែល​អាមេរិក​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស។
ទី២៖ អគារ The Palazzo ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ត្រូវ​ចំណាយ​ប្រាក់​សាងសង់​អស់ ១,៩ ពាន់​លាន​ដុល្លារ ជាមួយនឹង​កម្ពស់ ១៩៥ ម៉ែត្រ។
ទី៣៖ អគារ The Shard ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ត្រូវ​ចំណាយ​ប្រាក់ ១,៩ ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់ ជាមួយនឹង​កម្ពស់ ៣០៦ ម៉ែត្រ។
ទី៤៖ អគារ Taipei 101ក្នុង​ទីក្រុង Taipei កោះ​តៃវ៉ាន់ ដែល​បាន​ចំណាយ​ប្រាក់​សាងសង់​អស់​ចំនួន ១,៧៦ ពាន់​លាន​ដុល្លារ ជាមួយនឹង​កម្ពស់ ៥០៩ ម៉ែត្រ។
ទី៥៖ អគារ BurjKhalifa ក្នុង​ទីក្រុង Dubai ប្រទេស​អារ៉ាប់​រួម ត្រូវ​ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន ១,៥ ពាន់​លាន​ដុល្លារ ហើយ​មាន​កម្ពស់ ៨២៩ ម៉ែត្រ។
ទី៦៖ អគារ Sheraton Huzhou Hot Spring Resort មាន​រាង​ដូច​ខែរះ ក្នុង​ទីក្រុង​Huzhou ប្រទេស​ចិន ត្រូវគេ​សាងសង់ឡើង​អស់​ទឹកប្រាក់​ចំនួន ១,៥ ពាន់​លាន​ដុល្លារ កម្ពស់ ១០០ ម៉ែត្រ។
ទី៧៖ អគារ CapitaGreen ក្នុងប្រទេស​សិង្ហ​បុរី ដែល​អគារ​នេះ​ត្រូវ​សាងសង់ឡើង​ដោយ​ចំណាយ​ទឹកប្រាក់ ១,៤ ពាន់​លាន​ដុល្លារ មាន​កម្ពស់ ២៤២ ម៉ែត្រ។
ទី៨៖ អគារ  Elbphilharmonie ក្នុង​ទីក្រុង Hamburg ប្រទេស​អាឡឺម៉ង់ អគារ​នេះ​ត្រូវ​ចំណាយ​ប្រាក់​សាងសង់​អស់​ចំនួន ១,០៣ ពាន់​លាន​ដុល្លារ ហើយ​មាន​កម្ពស់ ១១០ ម៉ែត្រ។
ទី៩៖ អគារ ធន​គារ​ជាតិ​អាមេរិក Bank of America Tower ស្ថិតក្នុង​ទីក្រុង New York អគារ​នេះ​ត្រូវ​ចំណាយ​ប្រាក់​សាងសង់​អស់​ចំនួន​ប្រហែល ១ ពាន់​លាន​ដុល្លារ មាន​កម្ពស់ ៣៦៥,៧ ម៉ែត្រ។
ទី១០៖ អគារ Chifley Tower ក្នុង​ទីក្រុង Sydney ប្រទេស​អូស្ត្រាលី អគារ​នេះ​ត្រូវ​ចំណាយ​ប្រាក់​សាងសង់​អស់​ចំនួន ១ ពាន់​លាន​ដុល្លារ មាន​កម្ពស់ ២៤៤ ម៉ែត្រ៕



© រក្សាសិទ្ធិដោយ thmeythmey.com