អន្តរជាតិ
មហន្តរាយ​ជនអន្តោប្រវេសន៍៖អ៊ីតាលី​ខឹង​សហភាព​អឺរ៉ុប​ដែល​ទំលាក់​ថ្ម​បាក់​លើ​ខ្លួន
17, Apr 2015 , 2:20 pm        
រូបភាព
ដោយ:
ការ​លិច​ទូក លិច​ទាំង​ជនអន្តោប្រវេសន៍​រាប់រយ​នាក់ នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន បានធ្វើអោយ​រដ្ឋាភិបាល​អ៊ីតាលី​ខឹងសម្បារ​សហភាព​អឺរ៉ុប​កាន់តែខ្លាំង។ រដ្ឋាភិបាល​ក្រុង​រ៉ូម​បាន​ចោទ​អឺរ៉ុប​ថា ទុកអោយ​ខ្លួន​ដោះស្រាយ​បញ្ហា​ទាំងនេះ​តែម្នាក់ឯង។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទូក​ដឹក​មនុស្ស​ជាង៤០នាក់​ផ្សេងទៀត ក៏បាន​លិច​នៅ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​ដែរ ធ្វើអោយ​មនុស្ស៤១នាក់​បាត់​ខ្លួន។



នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ជនភៀសខ្លួន​ជាង៥០០នាក់​បាន​ជិះទូក​ចេញមក​ពី​លី​ប៊ី ដើម្បី​ចូលទៅ​អ៊ីតាលី។ ជា​អកុសល ទូក​បាន​លិច​នៅ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ។ ក្រុម​សង្គ្រោះ​ស្រង់​បានតែ​មនុស្ស​ប្រមាណ១៥០នាក់ រីឯ៤០០នាក់​ទៀត បាន​បាត់​ដំណឹង​សូន្យឈឹង។ តួលេខ​នេះ​មិន​គិតពី​ជនភៀសខ្លួន៥០០នាក់​ដែល​បាន​ស្លាប់ ដោយ​ការ​លិច​ទូក តាំងពី​ដើមឆ្នាំ២០១៥ផង។ ប្រៀប​នឹង​ឆ្នាំមុន ក្នុងពេល​ដូចគ្នានេះ ជនអន្តោប្រវេសន៍​រង​គ្រោះ​ដោយ​ការ​លិច​ទូក មាន​មិន​ដល់៥០នាក់​ឡើយ។ រដ្ឋាភិបាល​អ៊ីតាលី​ខឹងសម្បារ​យ៉ាងខ្លាំង​ចំពោះ​សហភាព​អឺរ៉ុប ដែល​ហាក់​គ្មាន​សមត្ថភាព​ដោះស្រាយ​មហន្តរាយ​ជនភៀសខ្លួន ទុកអោយ​អ៊ីតាលី​រ៉ាប់​បញ្ហា​តែម្នាក់ឯង។

អ៊ីតាលី​ស្ថិតនៅ​ភាគខាងត្បូង​ទ្វីបអឺរ៉ុប ចេញពី​អ៊ីតាលី ឆ្លង​តែ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​បន្តិច គឺ​ទៅដល់​ទ្វីបអាហ្វ្រិក​ហើយ។ ជនអន្តោប្រវេសន៍​ភៀស​ខ្លួន​ពី​សង្គ្រាម​និង​អសន្តិសុខ នៅ​អាហ្វ្រិក​តែង​ប្រថុយ​ជីវិត រត់តាម​ទូក ចូលទៅ​អ៊ីតាលី រឺ​ប្រទេស​ផ្សេងទៀត នៅ​អឺរ៉ុប​ខាងត្បូង​បែបយ៉ាង​អេ​ស្ប៉ា​ញ។ សង្គ្រាម​មួយរយៈ​ចុងក្រោយ​នៅ​លី​ប៊ី បានធ្វើអោយ​មនុស្ស​ភៀស​ខ្លួន​ទៅ​អឺរ៉ុប​កាន់តែច្រើន។ ភាគខាងត្បូង​អ៊ីតាលី​រង​ថ្ម​បាក់​មុនគេ ព្រោះ​នៅក្បែរ​អាហ្វ្រិក​បំផុត។ ក្រុង​អ៊ីតាលី​មួយចំនួន​ដែល​ទទួល​ជួយ​ជនភៀសខ្លួន បែបយ៉ាង​ក្រុង​Reggio ដែល​ជួប​បញ្ហា​សេដ្ឋកិច្ច​ស្រាប់​ហើយ​នោះ ឥឡូវ​ត្រូវ​ប្រឈម​ជនភៀសខ្លួន ត្រូវ​ជួ​ួ​យ​ព្យាបាល​ជំងឺឆ្លង​របស់​ពួកគេ ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​ពួកគេ​ទៀត។ រដ្ឋាភិបាល​បាន​សុំ​រដ្ឋអំណាច​ឃុំ​សង្កាត់​អោយជួយ​រក​កន្លែង​រាប់ពាន់ ជាបន្ទាន់ សម្រាប់​ជនភៀសខ្លួន។ បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក ក្រសួងមហាផ្ទៃ​ប្រហែលជា​ត្រូវយក​បន្ទាយ​ទាហាន​ច្រើន​កន្លែង អោយ​ជនអន្តោប្រវេសន៍​ស្នាក់នៅ​ផងដែរ។

ខណៈ​នៅ​អឺរ៉ុប​ខាងត្បូង អ៊ីតាលី​ទប់​នឹង​លំហូរ​ជនភៀសខ្លួន​ស្ទើរ​ប្រកាច់ប្រកិន បណ្តា​ប្រទេស​ភាគ​ខាងជើង​អឺរ៉ុប​វិញ​បាន​រឹតបន្តឹង​ការត្រួតពិនិត្យ អន្តោប្រវេសន៍​ខុសច្បាប់ តែ​នៅតាម​អាកាសយានដ្ឋាន​ប៉ុណ្ណោះ។ ពួក​អឺរ៉ុប​ខាងជើង​គិតថា ដោះស្រាយ​រឿងនេះ​រួច​គឺ​រួចហើយ ភ្លេច​គិត​ជួ​ួ​យ​មើល​អ៊ីតាលី​នៅ​ខាងត្បូង ដែល​ទប់​ជនអន្តោប្រវេសន៍​ខុសច្បាប់​តែម្នាក់ឯង។ ប្រាកដ​ណាស់​ដែល​អ៊ីតាលី​ខឹង​នឹង​ភាព​មិនចេះ​ជួយ​គ្នា​នៅ​អឺរ៉ុប​នេះ។ ពេលនេះ អន្តោប្រវេសន៍​ខុសច្បាប់​មិនមែនជា​បញ្ហា​ចោទ​ទេ​សម្រាប់​អ៊ីតាលី។ បញ្ហា​ចោទ​គឺថា សហភាព​អឺរ៉ុប​គ្មាន​ដំណោះស្រាយ​អ្វី​មាន​ប្រសិទ្ធភាព។ រឿង​ធ្ងន់​គឺថា បើ​ទូក​ជនអន្តោប្រវេសន៍​នៅតែ​បន្ត​ចូលមក​អឺរ៉ុប​និង​បន្ត​លិច​នៅ​សមុទ្រ មហន្តរាយ​គឺ​អាយុជីវិត​អ្នករត់​គេច​ពី​សង្គ្រាម​ទាំង​នោះឯង។

ជនភៀសខ្លួន ទាំងនោះ​ភាគច្រើន​ត្រូវ​បង់លុយ​មេខ្យល់ ដើម្បី​បាន​ឡើង​ជិះទូក​ឈើ​កញ្ចាស់​មក​អឺរ៉ុប។ ក្រោយ​របប​កា​ដា​ហ្វុ​ី​នៅ​លី​ប៊ី​ដួលរលំ​មក ការ​កេងចំណេញ​លុយ​ពី​ជនភៀសខ្លួន​បានក្លាយ​ជា​របរ​របស់​ក្រុម​ឧក្រិដ្ឋ និង​ក្រុម​ម៉ា​ហ្វុ​ី​យ៉ា។ បើទោះជា​មនុស្ស​ស្លាប់​លិច​ទូក​រាប់រយ​នាក់ ជនឧក្រិដ្ឋ​មិន​ខ្លាច​នឹង​គំរាម​វាយតប់​កង​ល្បាត​ឆ្នេរ ដណ្តើមយក​ទូក​កញ្ចាស់​របស់​ពួកគេ យកទៅ​រកស៊ី​បន្ត​ទៀតឡើយ។ មិនមែន​ថា​អឺរ៉ុប​គ្មាន​វិធានការ​ឡើយ តែ​ជា​វិធានការ​ទន់ខ្សោយ។ អឺរ៉ុប​ធ្លាប់​ដាក់ចេញ​ប្រតិបត្តិការ​មួយ​ឈ្មោះ​Mare Nostrum ប្រយុទ្ធ​នឹង​ក្រុម​ឧក្រិដ្ឋ និង​បាន​ជួយសង្គ្រោះ​ជីវិត​ជនភៀសខ្លួន។ ប៉ុន្តែ តាំងពី​ខែវិច្ឆិកា​ឆ្នាំមុន​មក ប្រតិបត្តិការ​នេះ​បាន​បញ្ឈប់ និង​ជំនួស​ដោយ​ប្រតិបត្តិការ​ថ្មី​មួយទៀត ឈ្មោះ​Triton មាន​ទិសដៅ​ប្រឆាំង​តែ​ក្រុម​ល្មើស​ប៉ុណ្ណោះ គ្មាន​ទិសដៅ​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​ដូច​មុន​ឡើយ។

ពាក្យ​ថា អន្តោប្រវេសន៍​ខុសច្បាប់​គ្មាន​ន័យ​ល្អ​ប៉ុន្មាន​ឡើយ​សម្រាប់​អឺរ៉ុប។ ទោះ​យ៉ាងនេះ​ក្តី អ៊ីតាលី​មិនអាច​បើកភ្នែក ទុកអោយ​ជនភៀសខ្លួន​បន្ត​លង់ទឹក​ស្លាប់​ឡើយ អ៊ីតាលី​ត្រូវតែ​ទទួល​ពួកគេ​អោយ​ស្នាក់នៅ។ អ៊ីតាលី​បានទាមទារ​អោយ​សហភាព​អឺរ៉ុប​ជួយ​ជា​ថវិកា​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ  និង​ជួយ​ដោះស្រាយ​បញ្ហា​នៅ​តំបន់​សង្គ្រាម​និង​អសន្តិសុខ​ដូចជា​ស៊ី​រី អ៊ីរ៉ាក់ នី​ហ្សេ រឺក៏​ម៉ាលី ព្រោះ​វា​ជា​ប្រភព​អន្តោប្រវេសន៍​ខុសច្បាប់ ប្រភព​មហន្តរាយ​ជីវិត​ជនភៀសខ្លួន៕





© រក្សាសិទ្ធិដោយ thmeythmey.com