អន្តរជាតិ
ថៃ ៖ចូលឆ្នាំថ្មីមនុស្សជាង៣០០នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
× គិតមកដល់បញ្ចប់ព្រឹត្តិការណ៍សង្ក្រាន្តរបស់ថៃរយៈពេលពេញមួយសប្តាហ៍ ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានរហូតដល់ ជាង ៣០០នាក់ខណៈមនុស្សដែលរងរបួសមានរហូតជាង៣០០០នាក់។ ប្រជាជនថៃបានហៅថ្ងៃចូលឆ្នាំរបស់ពួកគេថាជាថ្ងៃគ្រោះថ្នាក់សម្រាប់ការធ្វើដំណើរផង។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ។
ក្រសួងមហាផ្ទៃថៃបានប្រកាសអោយដឹងថា ក្នុងព្រឹត្តិការណ៍ចូលឆ្នាំទូទាំងប្រទេសរយៈពេលពេញមួយសប្តាហ៍ពីថ្ងៃ ៩ដល់ថ្ងៃ ១៥មេសា មនុស្សដែលបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសថៃមានរហូតដល់ ៣៦៤នាក់ឯណោះ ចំណែកមនុស្សដែលរងរបួសវិញមានរហូតដល់៣៥៥៩នាក់។
បើតាមទិន្នន័យថ្មីដែលស្រង់ដោយក្រសួងមហាផ្ទៃនេះ គេសន្និដ្ឋានថា តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំនេះមានការកើនឡើងគួរអោយព្រួយបារម្ភ បើធៀបនឹងរយៈពេល១សប្តាហ៍ដូចគ្នាកាលពីចូលឆ្នាំ ឆ្នាំមុន។ កាល ពីឆ្នាំមុនក្នុងរយៈពេល១សប្តាហ៍ពោលគឺរាប់ចាប់ពីថ្ងៃ ១១ខែមេសាដល់ថ្ងៃ ១៧ខែមេសា មនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានត្រឹមតែ ៣២២នាក់ប៉ុណ្ណោះហើយអ្នករងរបួសមានប្រហែល ៣២២៥នាក់។ គ្រាន់តែថ្ងៃ ១៥មេសាតែឯង ប្រជាជនថៃដែលរងគ្រោះរហូតដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានរហូតដល់ ៥៨នាក់ស្លាប់ និងជាង៤០០នាក់រងរបួស ដែលចំនួនអ្នកស្លាប់និងរបួសនេះខ្ពស់មែនទែន។
ប៉ុន្តែយ៉ាងណាវាប្រហែលជារឿងធម្មតាសម្រាប់ប្រជាជនថៃដែលក្នុងព្រឹត្តិការណ៍ចូលឆ្នាំមានមនុស្សស្លាប់ច្រើនដោយសារគ្រោះចរាចរណ៍ ហើយពួកគេហៅរយៈពេលចូលឆ្នាំ ៧ថ្ងៃនេះថាជាថ្ងៃគ្រោះថ្នាក់សម្រាប់ការធ្វើដំណើរ។ បើយោងតាមការលើកឡើងរបស់ប្រជាជនមួយចំនួនគ្រោះថ្នាក់ទាំងនោះអាចបណ្តាលមកពីការប្រើប្រាស់ទឹកជះគ្នាទៅវិញទៅមកផងដែរ ព្រោះវាបង្កការលំបាកដល់ការធ្វើដំណើរនិងប៉ះពាល់ដល់ស្មារតីអ្នកបើកបរជាដើមផង។
ប៉ុន្តែ បើតាមមន្ត្រីក្រសួងមហាផ្ទៃ គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សស្លាប់ច្រើនបែបនេះដោយសារ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងភាពស្រវឹង មិនគោរពច្បាប់មិនពាក់មួកសុវត្ថិភាព ហើយពួកគេធ្វើដំណើរមកកាន់ទីក្រុងបាងកកក្នុងពេលដែលពីធីបុណ្យទឹក ឬចូលឆ្នាំកំពុងបន្តប្រារព្ធឡើហ។ គ្រោះថ្នាក់ភាគច្រើនមានចូលរួមពីអ្នកបើកបរម៉ូតូ មិនមែនរថយន្តនោះឡើយ។ ហើយម៉ោងដែលគ្រោះថ្នាក់បំផុតសម្រាប់ការធ្វើដំណើរ នោះគឺចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៨យប់។
បើទោះជាគ្រោះថ្នាក់កើតច្រើនក៏ដោយ មានខេត្តមួយចំនួនមិនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសោះ ក្នុងនោះមានដូចជាខេត្តPhuket, Mae Hong Son, Yala, Samut Songkhram និង Samut Sakhon៕
© រក្សាសិទ្ធិដោយ thmeythmey.com