អន្តរជាតិ
ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងជើង ប្រើប្រាស់​យន្តហោះ​ចាស់​ជាងគេ​នៅលើ​ពិភពលោក
18, Apr 2015 , 12:30 pm        
រូបភាព
ដោយ:

ក្រុមហ៊ុន​អាកាសចរណ៍​មួយ ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង មាន​ឈ្មោះថា Air Koryo ត្រូវបាន​គេ​ចាត់ទុកថា​ជា ក្រុមហ៊ុន​អាកាសចរណ៍​ដែល​អន់​ជាងគេ នៅលើ​ពិភពលោក ដោយសារតែ​ក្រុមហ៊ុន​នេះ នៅតែ​ប្រើប្រាស់​យន្តហោះ​ប្រភេទ Ilyushin Il-18 ដែល​ផលិត​ដោយ​អតីត​សហភាពសូវៀត ក្នុង​ឆ្នាំ១៩៥៧ មក​ម្លេះ។ នេះ​បើ​យោងតាម Business Insider ។



ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹងថា យន្តហោះ Ilyushin Il-18 នេះ​បាន​ប្រតិបត្តិការ​ជា​លើកដំបូង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Aeroflot របស់​សហភាពសូវៀត ហើយ​ត្រូវ​បម្រើការ​ជា​យន្តហោះ​ពិសេស​មួយ សម្រាប់​ធ្វើការ​របស់​ម​ន្ត្រី​ប្រទេស​មហាអំណាច នៅ​ក្នុងសម័យ​សង្គ្រាមត្រជាក់។ បច្ចុប្បន្ននេះ គេ​ឃើញ​មាន​យន្តហោះ​ប្រភេទ Ilyushin Il-18 គឺមាន​នៅសល់តែ​ក្នុងប្រទេស​កូរ៉េខាងជើង​តែប៉ុណ្ណោះ។

មិន​ត្រឹមតែ​យន្តហោះ​ចាស់​តែមួយ​មុខ ធ្វើ​ឲ្យ ក្រុមហ៊ុន​អាកាសចរណ៍ Skytrax បានផ្ដល់​ចំណាត់ថ្នាក់​នេះ ដល់​ក្រុមហ៊ុន Air Koryo ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​អន់​ជាងគេ នៅលើ​ពិភពលោក​នោះទេ ការចាត់​ថ្នាក់​នេះ​គឺ​ដោយសារ​តែមាន​សេវាកម្ម​ចំនួន​ទៀត នៅមានកម្រិត​ទាប​នៅឡើយ។ សេវាកម្ម​ទាំងនោះ​មានដូចជា អ្នកបម្រើ​នៅលើ​យន្តហោះ​គ្មាន​ជំនាញ ស្ទើរតែ​គ្មាន​អាហារ​សម្រាប់​ភ្ញៀវ​បរិភោគ ហើយ​ការផ្សព្វផ្សាយ​ពី​សេវាកម្ម​ហោះហើរ គឺ​មានតែ​នៅពេល​ភ្ញៀវ​មក​ជិះ​លើ​យន្តហោះ​តែប៉ុណ្ណោះ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com