សង្គមអន្តរជាតិ
អន្តរជាតិ
គ្រាប់មីនកម្ពុជាជំរុញតារាហូលីវូតJames Bond អោយក្លាយជាទូតដោះមីនរបស់UN
× តារាហូលីវូតដ៏ល្បីល្បាញDaniel Craig ដែលសំដែងជាតួ ចេមស្បន ០០៧ តាំងពីឆ្នាំ២០០៦មក ត្រូវបានលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិតែងតាំងអោយធ្វើជាឯកអគ្គរដ្ឋទូតទី១របស់អង្គការ ទទួលបន្ទុកកំចាត់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ ការតែងតាំងនេះធ្វើឡើងកាលពីថ្ងៃ១៤មេសា ក្នុងខួបលើកទី១០ នៃទិវាអន្តរជាតិផ្សព្វផ្សាយបញ្ហាទាក់ទងនឹងគ្រាប់មីន។
ក្នុងឆាកសំដែង ជាភ្នាក់ងារ០០៧ លោកDaniel Craig បានរកវិធីគ្រប់យ៉ាងដើម្បីដោះគ្រាប់បែក មិនអោយផ្ទុះ។ ក្នុងឆាកជីវិតពិត លោកបានសម្រេចជ្រើសយកផ្លូវប្រហាក់ ប្រហែល គ្នាដែរ គឺចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន។ លោកDaniel Craig បានប្រាប់ថា គឺដោយសារលោកធ្លាប់ទៅកម្ពុជា កាលពីប៉ុន្មានឆ្នាំមុននេះ ទើបបានជាលោកសម្រេចចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រាប់មីន។
ប៉ុន្មានឆ្នាំមុន តារាជនជាតិអង់គ្លេសរូបនេះបានធ្វើដំណើរទៅភាគខាងជើងប្រទេសកម្ពុជា រកមើលទីតាំងដែលមានគ្រាប់មីន ដើម្បីថតកុន។ ពេលចុះទៅទីនោះ លោកមានការរញ្ជួយចិត្តជាខ្លាំង។ លោកប្រាប់ថា លោកភ័យខ្លាចចំពោះអាវុធនៃសង្គ្រាមដែលមិនទាន់ផ្ទុះ តែក្រោយសង្គ្រាមបិទបញ្ចប់ វាក៏នៅមានវត្តមាននៅឡើយនៅទីនោះ ដូចជាសម្រាម។ លោកចេមស្បនពិបាកនឹងទទួលយកនូវអ្វីដែលលោកបានឃើញនេះណាស់ លោកក៏បានគិតដល់អារម្មណ៍របស់ឳពុកម្តាយកុមារកម្ពុជា ដែលត្រូវប្រឈមនឹងបញ្ហានេះដែរ។
សម្រាប់៣ឆ្នាំខាងមុខ តារាចេមស្បន Daniel Craig នឹងធ្វើជាអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ ក្នុងសកម្មភាពបោសសំអាតគ្រាប់មីន។ យោងតាមអង្គការHandicap International គ្រាប់មីនបានបង្កគ្រោះថ្នាក់ដល់មនុស្ស៣៣០៨នាក់ ក្នុងនោះមាន១០៦៥នាក់ស្លាប់ ក្នុងឆ្នាំ២០១៣ ៕
© រក្សាសិទ្ធិដោយ thmeythmey.com