អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកសារព័ត៌មាន​អន្តរជាតិ​បារម្ភ​ពី​សុវត្ថិភាព​វិជ្ជាជីវៈ​សារព័​ត៌មាន
19, Apr 2015 , 1:20 pm        
រូបភាព
ដោយ:
ទីក្រុង​ប៊ូសាន-កូរ៉េខាងត្បូង៖ អ្នកសារព័ត៌មាន​អន្ដរជាតិ​ជាង ១០០នាក់ បាន​សម្តែង​ក្តីបារម្ភ​ថា សិទ្ធិសេរីភាព​សារព័ត៌មាន​ក្នុងប្រទេស​មួយចំនួន​កំពុងស្ថិត​នៅក្នុង​គ្រោះថ្នាក់ នៅពេលដែល​អ្នកសារព័ត៌មាន​មួយចំនួន​ត្រូវបាន​ភេរវ​ករ​បាញ់សម្លាប់។ ពួកគេ​បានលើកឡើង​ដូច្នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ពិភពលោក ក្នុង​ទីក្រុង​ប៊ូ​សា​នៅក្នុង​សប្តាហ៍​នេះ។



សន្និសីទ​ពិភពលោក​ប្រចាំឆ្នាំ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ដែល​ប៉ះពាល់​ដល់​អ្នកសារព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក។ សន្និសីទ​នេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី១៣ ខែមេសា ដល់​ថ្ងៃទី១៧ ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​សុវត្ថិភាព​ក្នុង​សារព័ត៌មាន និង​សេរីភាព​នៃ​សារព័ត៌មាន។ អ្នកសារព័ត៌មាន​លើកយក​ប្រធានបទ​ពី​ការវាយប្រហារ​ស្ថាប័ន​កាសែត​បារាំង Charlie Hebdo ដោយ​ក្រុម​ខ្មាន់កាំភ្លើង​បានសម្លាប់​អ្នកសារព័ត៌មាន​ជាង ១០ នាក់មក​ពិភាក្សាគ្នា។

លោក Shim Jae-Yun និពន្ធ​នាយក​ផ្នែក​នយោបាយ​នៃ​កាសែត Korea Times បាន​កត់សម្គាល់ថា ភេ​វករ​បាន​គំរាមកំហែង​ដល់​សេរីភាព​បញ្ចេញមតិ​ជាស​កល។ លោក​បន្ថែមថា បញ្ហា​នេះ​ត្រូវបាន​សាធារណជន​ទូទៅ​ពិភាក្សា​គ្រប់​ទីកន្លែង​នាពេល កន្លងមក។ លោក​ថា៖«អ្នកអាន​ជាច្រើន​នាក់​បាន​និយាយ​ពី​ព្រឹត្តិការណ៍​នេះ​កាលពី​ខែ​មុន ដែលជា​ចំណុច​សម្គាល់​មួយ​សម្រាប់​របត់​អាជីព​សារព័ត៌មាន»។

«វា​បានបង្ហាញ​យើង​ថា ទង្វើ​នេះ​នៅតែ​បន្ត​កើតមាន ដែល​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​របស់​អ្នកសារព័ត៌មាន​ដោយសារតែ​ការបញ្ចេញ​គំនិត​ក្នុង​អត្ថបទ ឬ​គំនូរ​មួយ»។ នេះ​ជាការ​លើកឡើង ដោយ Hind Pomeraniec អ្នកកាសែត columnist of La Nacion ប្រទេស​អា​ហ្ស​ង់​ទីន។

គាត់​បាន​និយាយ​សង្កត់ធ្ងន់ថា វា​គឺជា​ការបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​ខ្លាំងណាស់ ប្រសិនបើ​អ្នកសារព័ត៌មាន​ត្រូវបាន​គំរាមកំហែង និង​សម្លាប់​ដោយសារ​ការសរសេរ​ដំណឹង។

ការលើកឡើង​ខាងលើនេះ ក៏​ត្រូវបាន​លោកស្រី Karla Lorena Lopez Ferro សហ​និពន្ធ​នៃ​ព័ត៌មាន​អន្ដរជាតិ​ក្នុង​ក្រុមហ៊ុន Grupo Reforma មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​យល់ស្រប​ផងដែរ។

លោកស្រី​ថា៖« Charlie Hebdo បាន​នាំ​មកវិញ​នូវ​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​អ្នកកាសែត​ទូទាំង​ពិភពលោក»។

ទន្ទឹមគ្នា​នេះដែរ លោកស្រី​ក៏បាន​និយាយ​ពី​ការគំរាមកំហែង​របស់​មេ​ម៉ាហ្វីយ៉ា ចំពោះ​អ្នកសារព័ត៌មាន​ម៉ិ​ក​ស៊ិ​ក​ផងដែរ។ លោកស្រី​ថា៖«ពួកគេ​ត្រូវបាន​គេ​បាញ់​ផ្ទុះ​ដោយ​កាំភ្លើង​ម៉ាស៊ីន ឬ​ការគំរាមកំហែង​ដល់​កា​រិ​យា​ល័​ការបោះពុម្ពផ្សាយ​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ដោយបាន​សម្លាប់​មនុស្ស និង​ការគំរាមកំហែង​ដល់​អ្នកយកព័ត៌មាន ខណៈដែល​រដ្ឋាភិបាល​មិនបាន​ជួយ​រក​យុត្តិធម៌»។

វាគ្មិន​មួយចំនួន​បាន​និយាយ​ពី​ចំណុច​គំរាមកំហែង​របស់​អ្នកសារព័ត៌មាន​សំខាន់បំផុត​មួយ នោះ គឺ​ការលើក​កំពស់​តួនាទី​នៃ​អាជីព​នេះ។ ជាងនេះទៀត អ្នកចូលរួម​ក៏បាន​សង្កត់ធ្ងន់​ពី​ការ សាង​នូវ​ទំនុកចិត្ត​ក្នុងការ​សរសេរ​ជាមួយ​សាធារណជន ពោលគឺ​ស្រប​ពេលដែល​អ្នក​សារ ព័ត៌មាន​សន្យាពេញៗមាត់​ថា សាមគ្គី​គ្នា​ប្រឆាំងនឹង​ការគំរាមកំហែង​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ។

«អ្នកសារព័ត៌មាន​ត្រូវតែ​ពិចារណា​លើ​ការរាយការណ៍​របស់ខ្លួន​ថា តើ​បានផ្តល់​គំនិត​អប់រំ ការពិត​ជាមួយនឹង​ចំណាប់អារម្មណ៍​ជា​សាធារណៈ​ដូចម្តេច​ដល់​អ្នកអាន?។ នេះ​ជា​ប្រសាសន៍​របស់លោក Kim Hong-kook និពន្ធ​នាយក​នៃ​ស្ថាប័ន​ព័ត៌មាន Le Monde Diplomatique កូរ៉េខាងត្បូង។

ដោយឡែក លោក Jim Bounmelha ប្រធាន​សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ ដែលមាន​ទីតាំង​ក្នុង​ចក្រភព​អង់គ្លេស បាន​មានប្រសាសន៍ប្រាប់​សារព័ត៌មានថ្មីៗថា បច្ចុប្បន្ននេះ សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​មួយចំនួន មិនទាន់មាន​ភាព​បើកទូលាយ​នោះទេ។ លោក​ថា៖«រដ្ឋាភិបាល​ក្នុងប្រទេស​មួយចំនួន បាន​ចាប់បញ្ជូន​អ្នកសារព័ត៌មាន​ឡើង​តុលាការ ដោយសារ​ការបញ្ចេញ​គំនិត​ក្នុង​អត្ថបទ​របស់ ពួកគេ ជាពិសេស​ក្នុង​ទ្វីបអាហ្វ្រិក»។

របាយការណ៍​ចេញផ្សាយ​ដោយ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន កាលពី​ខែធ្នូ ក៏បាន​លើក ឡើង​ពី​កើនឡើង​នៃ​ចំនួន​ការគំរាមកំហែង​ប្រឆាំងនឹង​អ្នកសារព័ត៌មាន។ របាយការណ៍​នេះ​បាន​បង្ហាញថា អ្នកសារព័ត៌មាន​ជាង​ប្រមាណ​ថា ៦០ នាក់​ត្រូវបាន​សម្លាប់​ក្នុង​ឆ្នាំ ២០១៤ ៕


© រក្សាសិទ្ធិដោយ thmeythmey.com