អន្តរជាតិ
ជប៉ុន​ប្រកាសអាសន្ន​រលក​យក្ស​ស៊ូណាមិ​ក្រោយ​រញ្ជួយ​ដី​កម្រិត៦.៨ រ៉ិ​កទ័រ
20, Apr 2015 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ

សញ្ញា​រលក​យក្ស​ស៊ូណាមិ​លេចចេញ​ជាថ្មី​ម្តង​ទៀតហើយ​នៅក្នុង​ប្រទេស​ជប៉ុន ដោយមាន​រលក​រញ្ជួយ​បាតសមុទ្រ​កម្រិត ៦.៨រ៉ិ​កទ័រ​នៅ​ថ្ងៃ​ចន្ទ​នេះ។ ក្រោយ​មាន​រលក​រញ្ជួយ អាជ្ញាធរ​ជប៉ុន​បានផ្តល់​សញ្ញា​ប្រកាសអាសន្ន​ខ្លាំង​នៅ​តំបន់​ពីរ​ដូចជា Miyakojima និង​Yaeyama ដែល​អាច​រងគ្រោះ​ដោយ​រលក​យក្ស ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការប្រកាសអាសន្ន​ត្រូវបាន​ដកចេញ​ក្រោយ​គ្មាន​រលក​រញ្ជួយធំៗកើតឡើង។



នៅ​ថ្ងៃ​ចន្ទ​នេះ សញ្ញា​ប្រកាសអាសន្ន​ស្តីពី​រលក​យក្ស​ស៊ូ​ណា​មី​ត្រូវបាន​ដាក់ចេញ​ដោយ​អាជ្ញាធរ​ជប៉ុន ក្រោយ​មាន​រលក​រញ្ជួយ​ក្រោម​សមុទ្រ​កម្រិត​ខ្ពស់ ៦.៨ រ៉ិ​កទ័រ។ ករណី​រញ្ជួយ​នេះ​បានកើត​ឡើង​នៅ​តំបន់​សមុទ្រ​ក្បែរ​តំបន់​តៃវ៉ាន់  ហើយ​ក្រោយ​កើតឡើង​ភ្លាម​អាជ្ញាធរ​ជប៉ុន​បានដាក់​ចេញ​សញ្ញា​ប្រកាសអាសន្ន​ក្រែង​រលក​យក្ស​ស៊ូ​ណា​មី​កើតឡើង​ផង។ តំបន់​ចំនួន​ពីរ​ស្ថិតក្រោម​ការត្រួតពិនិត្យ និង​អាច​ប្រឈម​ការវាយប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមិ ក្នុងនោះ​មានដូចជា Miyakojimaនិង Yaeyama។

អាជ្ញាធរ​ជប៉ុន​បានប្រកាស​អោយ​ប្រជាជន​ចាកចេញ​អោយ​ឆ្ងាយ​ពី​តំបន់​ដែល​ស្ថិតក្នុង​ភាព​ប្រកាសអាសន្ន ដើម្បី​ធានាថា ប្រជាជន​ជប៉ុន​គ្មាន​គ្រោះថ្នាក់ បើ​មានការ​វាយប្រហារ​ដោយ​រលក​យក្ស​មែន​នោះ។ ការរញ្ជួយ​ក្រោម​សមុទ្រ​កម្រិត ៦.៨រ៉ិ​កទ័រ​នេះ កើតមានឡើង​នៅ​ចន្លោះ​កោះ​អូ​គី​ណា​វ៉ា​ជប៉ុន និង​កោះ​តៃវ៉ាន់។

បើ​យោងតាម​ស្ថាប័ន​ផ្តល់​សញ្ញា​ប្រកាសអាសន្ន​ស្តីពី​គ្រោះមហន្តរាយ​រលក​យក្ស​ស៊ូណាមិ​ប៉ាស៊ីហ្វិក គេ​ព្រួយបារម្ភ​ថា​រលក​យក្ស​មាន​រយៈកម្ពស់​ទាប​បំផុត១ម៉ែត្រ​អាច​កើតឡើង​និង​វាយប្រហារ​តំបន់​ស្ថិតនៅ​ភាគ​នីរ​តី​ប្រទេស​ជប៉ុន ប៉ុន្តែ​យ៉ាងណាក៏ដោយ​មិនមាន​សញ្ញា​ណាមួយ​បញ្ជាក់ថា​មាន​រលក​យក្ស​ស៊ូ​ណា​មី​ឡើយ។

មកទល់ពេលនេះ គេ​មិនទាន់​ឃើញ​មាន​រលកធំៗ ឬ​ការវាយប្រហារ​ដោយ​រលក​យក្ស​កើតមានឡើង​ឡើយ។ ក្រោយ​មិនមាន​រលកធំៗដូច​ការភ័យខ្លាច​ទេនោះ អាជ្ញាធរ​ជប៉ុន​បានសម្រេច​ដកចេញ​ការប្រកាសអាសន្ន​វិញ ៕





© រក្សាសិទ្ធិដោយ thmeythmey.com