ជាតិ
សង្គមជាតិ
បទល្មើស​នេសាទ កើតមាន​ពេញបន្ទុក​នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម
22, Apr 2015 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
លិខិត​មិត្ត​អ្នកអាន

ខ្ញុំបាទ​ឈ្មោះ សំបូរ ជា​ប្រជាពលរដ្ឋ រស់នៅក្នុង​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម សូមជ្រាប​ជូន​លោក​និពន្ធ​នាយក​គេហទំព័រថ្មីៗថា នៅក្នុង​មូលដ្ឋាន​ខ្ញុំ​រស់នៅ មាន​សកម្មភាព​នេសាទ​ខុសច្បាប់​ជាច្រើន​ប្រភេទ កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក និង​យ៉ាង​អាណាធិបតេយ្យ។ សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​នេះ មិនមាន​សកម្ម​ភាពចុះ​បង្ក្រាប​បទល្មើស​នេសាទ ដែលមាន​សកម្មភាព​គ​ឃ្លើ​ន​នឹង​ច្បាប់​នោះឡើយ។



ខ្ញុំ​សូម​ជម្រាប​លោក​និពន្ធ​នាយ​កថា ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ចាប់​ត្រី កូន​ត្រី ហើយ​សូម្បីតែ​កំ​ពិស ក៏​មិនអាច​គេចផុត​បានដែរ។ សម្រាស់​ដែល​ច្បាប់​ហាមឃាត់ មិន​ឲ្យ​ប្រើ ត្រូវបាន​បោះ​បណ្តាក់​គ្នា​នៅក្នុង​ទន្លេ ព្រែក ដើម្បី​ចាប់​ត្រី។ ការចាប់​ត្រី​មួយបែប​នេះ គឺ​ស្ថិតនៅ​ជា​អចិន្ត្រៃយ៍​យូរថ្ងៃ។ ដូច្នេះ​ប្រជាពលរដ្ឋ ជាច្រើន​បាន​សួរ​គ្នា​ថា ហេតុ​អី​បានជា​សមត្ថកិច្ច​បណ្តោយ​ឲ្យ​មាន​សកម្មភាព​នេសាទ​ខុសច្បាប់​នេះ​កើតឡើង? រឿង​អី​ដែល​សមត្ថកិច្ច​លោក​មើលមិនឃើញ?។ ក្រៅពីនេះ  អួន​ស្បៃ​មុង​រាប់រយ​ម៉ែត្រ ត្រូវបាន​គេ​រាយ​កាត់​ទន្លេ និង​ព្រែក ដើម្បី​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ។ មនុស្ស​រាប់សិប​នាក់ បាន​ចុះ​ទឹក អូស​អួន​ប្រ​ឡា​ញឹក ចាប់​ត្រី​ជា​រៀងរាល់ថ្ងៃ។ ឧបករណ៍​ឆក់ ក៏​ត្រូវបាន​ប្រើប្រាស់​ដោយ​ចំហ​រដែរ។

សកម្មភាព​ល្មើសច្បាប់​ខាងលើ បាន​កើតមាន​ច្រើន​ឆ្នាំ​មកហើយ ហើយ​ករណីនេះ​ត្រូវបាន​ពលរដ្ឋ មើលឃើញ ដឹងឮ និង​បារម្ភគ្រប់ៗគ្នា។ ប៉ុន្តែ​ចម្លែក​តែ​សមត្ថកិច្ច​ដូចជា​មើលមិន ឃើញ។ មូលហេតុ​ដែល​ខ្ញុំ និយាយថា​សមត្ថកិច្ច​ដូចជា​មើលមិនឃើញ​បទល្មើស​នេសាទ​នេះ ពីព្រោះ ខ្ញុំ​មិនដែល បានឃើញ​សមត្ថកិច្ច​លោក​ចុះបង្ក្រាប ចាប់​ជនល្មើស​នោះទេ។

ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ម្នាក់ ការសរសេរ​លិខិត​មកកាន់​ការិយាល័យ​និពន្ធថ្មីៗនេះ គឺ​ចង់​ឲ្យ​លោក​ជួយ​ចុះ​ផ្សាយដំណឹង​នេះ ក្រែងលោ​ការចុះ​ផ្យា​យ​នេះ ធ្វើ​ឲ្យ​សមត្ថកិច្ច​ដែលមាន​ប្រធាន​ឃុំ ឬ​ប៉ូលីស​ប៉ុស្តិ៍ ឃុំ​ព្រែក​ដំបូក អាច​ទទួលបាន​ព័ត៌មាន​នេះ ហើយ ចុះបង្ក្រាប​បទល្មើស​នេសាទ​នេះ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ។

ម្យ៉ាង​វិញ បើសិនជា​អាជ្ញាធរ​មូលដ្ឋាន លោក​នៅតែ​មិន​ទទួលបាន​ព័ត៌មាន​នេះ​ទេ ខ្ញុំ​សង្ឃឹមថា អាជ្ញាធរ​ថ្នាក់លើ ថ្នាក់លើ​របស់​សមត្ថកិច្ច​ឃុំ​ព្រែក​ដំបូក ដែលមាន​កម្លាំង​នគរបាល​ស្រុក​ស្រី​សន្ធរ ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ខាង​ជលផល​ជាដើម​នោះ និង​បាន​អាន​ព័ត៌មាន​នេះ ហើយ​ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់ ខ្ញុំ​ទទូច​សូម​ដល់​សមត្ថកិច្ច បើ​បានទទួល​ព័ត៌មាន​នេះហើយ​មេត្តា​ចុះទៅពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ផង។

ជា​ទស្សនៈ​របស់ខ្ញុំ ខ្ញុំ​យល់ថា  បើ​នៅ​បណ្តោយ​ឲ្យ​មាន​បទល្មើស​នេសាទ បែប​អាណាធិបតេយ្យ​នេះ នៅតែមាន​បន្តទៀត ប្រជាពលរដ្ឋនៅក្នុង​តំបន់​ទន្លេ ដែល​ធ្លាប់​សម្បូរ​ត្រី​មួយ​នេះ នឹង​គ្មាន​ត្រី​ទទួលទាន​ឡើយ​នៅ​ថ្ងៃ​ខាងមុខ។ បើ​បទល្មើស​នេសាទ​នៅតែ​បន្ត​មាន វា​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​លើ សមត្ថកិច្ច ចំណែក​ជនល្មើស​ចេះតែ​បានដៃ​ក្នុងការ​បំផ្លាញ​សង្គម។

សូម​លោក​និពន្ធ​នាយក​បណ្តាញ​ព័ត៌មានថ្មីៗ មេត្តាជួយ​ចុះផ្សាយ​ព័ត៌មាន​នេះ តាម​ការគួរ​ផង និង​សូម​ជូនពរ​ដល់ គេហទំព័រ​ព័ត៌មានថ្មីៗ ទទួលបាន​ជោគជ័យ ក្នុងការ​ផ្តល់ព័ត៌មាន​លឿន មាន​វិជ្ជាជីវៈ ដល់​មហាជន។ សូម​លោក​និពន្ធ​នាយក ទទួល​ការ​រាប់អាន​ពី​ខ្ញុំ៕


© រក្សាសិទ្ធិដោយ thmeythmey.com