ជាតិ
សង្គមជាតិ
​សេដ្ឋកិច្ចកម្ពុជា​ងាយ​រងគ្រោះបំផុត​ដោយសារ​បម្រែបម្រួល​អាកាសធាតុ
22, Apr 2015 , 3:14 pm        
រូបភាព
សៀមរាប៖ មន្ត្រី​នៃ​ស្ថាន​ទូក​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​បរិស្ថាន​នៅ​ព្រឹក​មិញ​ថា សេដ្ឋកិច្ចកម្ពុជា គឺ​ងាយ​រង​ផលប៉ះពាល់​បំផុត ដោយសារ​ការប្រែប្រួល​អាកាស ដែល​ក្នុងនោះ​មាន​បញ្ហា​បរិស្ថាន និង​ការអភិវឌ្ឍ​ធនធាន​យុវជន​ជាដើម។



លោក ជ័យ រ៉ា​ម៉ាន មន្ត្រី​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ចកម្ពុជា គឺ​ងាយ​រងគ្រោះ​បំផុត​ជាង​ប្រទេសណាៗទាំងអស់​ក្នុង​ពិភពលោក ទៅនឹង​ការផ្លាស់ប្តូរ​អាកាសធាតុ។ លោក រ៉ា​ម៉ាន បន្តថា ផលប៉ះពាល់​ទាំងនោះ រួមមាន​បញ្ហា​បរិស្ថាន ការអភិវឌ្ឍ​សង្គមជាតិ យុវជន និង​ប៉ះពាល់​ច្រើន​វិស័យ​ទៀត។

យ៉ាងណា លោក​រ៉ា​ម៉ាន ពិបាក​និយាយថា ការ​ប៉ះ​ពាក់​បរិស្ថាន​គឺ​សម្រាប់​ប្រទេស​កម្ពុជា​តែមួយ​ណាស់ ព្រោះថា កម្ពុ​ជាមាន​ទន្លេ​រួមគ្នា​នឹង​បណ្តា​ប្រទេស​ផ្សេងទៀត ដូច្នេះ​បញ្ហា​ទាំងឡាយ ចាំបាច់​ត្រូវ​ដោះស្រាយ​រួមគ្នា ជា​លក្ខណៈ​តំបន់។

សិក្ខាសាលា​ស្តីពី ការជួយ​ទ្រទ្រង់​បរិស្ថាន ការទទួលខុសត្រូវ និង​ការធ្វើការងារ​ជា​ក្រុម បានចាប់ផ្តើម​ធ្វើ​រយៈពេល៤ថ្ងៃ​នៅក្នុង​ខេត្តសៀមរាប។ សិក្ខាសាលា​នេះ មាន​តំណាង​យុវជន​ប្រមាណ​ជិត១០០នាក់ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម ដែល​ពួកគេ​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ២៥ឆ្នាំ។ សិក្ខាសាលា​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងទិសដៅ​ផ្តោតទៅលើ យុវជន​និង​ការការពារ​បរិស្ថាន។ ស្ថាន​ទូក​សហរដ្ឋអាមេរិក ជា​អ្នក​ឧបត្ថម្ភ​នូវ​សិក្ខាសាលា​នេះ ហើយ​ដែល​រៀបចំឡើង​ដោយ​អង្គការ Cultural Vistas និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​សាខា​សៀមរាប។

លោក ផាន គា​រ៉ា នាយក​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា សិក្ខាសាលា​ខាងលើ មុន​មកដល់​កម្ពុជា គឺ​បានរៀបចំ​រួចហើយ​នៅ​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី។ លោក គា​រ៉ា ជឿជាក់ថា ការជួបជុំ​របស់​ក្រុមយុវជន​នៅលើ​ទឹកដី​ខេត្តសៀមរាប​នៅពេលនេះ នឹង​អាច​ឲ្យ​ពួកគេ កាន់តែ​យល់ដឹង​ច្រើន​ពី​ទំនួល​ខុសត្រូវ​លើ​ការងារ​បញ្ហា​បរិស្ថាន។ លោក គា​រ៉ា៖« យើង​មិនអាច​បណ្តោយ​ពេលវេលា​បន្តទៀត​បាន​នោះទេ​លើ​បញ្ហា​បរិស្ថាន ត្រូវ​នាំគ្នា​ដឹងឮ​ឲ្យ​បាន​ច្រើន និង​ទទួលខុសត្រូវ​រួមគ្នា»។

សិក្ខាសាលា​ដែលមាន​រយៈពេល៤ថ្ងៃ នៅ​សណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រី​ស៊​ត និង​ស្ប៉ា មាន​អ្នកជំនាញ​ផ្នែក​បរិស្ថាន​ជាច្រើនរូប ដើម្បី​ធ្វើ​បទ​បង្ហាញ។ រៀងរាល់​ពេល​រសៀល សិក្ខាកាម​ទាំងអស់ នឹង​ចុះ​ទៅតាម​សហគមន៍​មួយចំនួន​ក្នុង​ខេត្តសៀមរាប មាននៅ​កំពង់​ភ្លក់ ភ្នំ​ត្បាញ  និង​តំបន់​មួយចំនួនទៀត ដើម្បី​រៀន​ពី​ការងារ​ថែរក្សា​បរិស្ថាន។ ក្រៅពីនេះ យុវជន​ទាំងអស់ ក៏​នឹងត្រូវ​ដាំ​ដើមឈើ​រួមគ្នា​ផងដែរ។

បើតាម​ការបញ្ជាក់​ថា​ពី​លោក រ៉ា​ម៉ាន សហរដ្ឋអាមេរិក បាន​ចាយលុយ​ប្រមាណ ២៥ម៉ឺន​ដុល្លារ​រួចមកហើយ សម្រាប់​ការរៀបចំ​សិក្ខាសាលា​ដូចគ្នានេះ​នៅតាម​ប្រទេសផ្សេងៗនៅ​អាស៊ីអាគ្នេយ៍។ យ៉ាងណា​លោក​បញ្ជាក់ថា ថវិកា​ទាំងនោះ​មិន​សំខាន់​ដូច​អនាគត​យុវជន​ទាំង​នោះទេ។ ក្រៅពី​សិក្ខាសាលា​នេះ សហរដ្ឋអាមេរិក មានកម្ម​វិធី​ជាច្រើន​ទៀត​សម្រាប់​ធ្វើការ​លើ​បញ្ហា​នេះ ដូចជា​កម្មវិធី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ជាដើម ដោយ​កម្មវិធី​នេះ ធ្វើការ​នឹង​ដៃគូរ​ក្នុង​ពិភពលោក​ជាច្រើន លើ​បញ្ហា​បរិស្ថាន​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com