ជាតិ
សង្គមជាតិ
យ៉ាង​យូរមួយ​សប្តាហ៍​ទៀត​ទឹក​ក្នុង​ស្រះ​អង្គរ​នឹងមាន​ធម្មតា​វិញ
22, Apr 2015 , 3:52 pm        
រូបភាព
ការបូមទឹកបញ្ចូលក្នុងស្រះប្រាសាទអង្គរវត្ត។ រូបភាព៖ អាជ្ញាធរអប្សរា
ការបូមទឹកបញ្ចូលក្នុងស្រះប្រាសាទអង្គរវត្ត។ រូបភាព៖ អាជ្ញាធរអប្សរា
សៀមរាប៖ សកម្មភាព​បូមទឹក​ប​ញ្ចូ​ល​ក្នុង​ស្រះ​ប្រាសាទអង្គរវត្ត​កំពុង​បន្ត រហូតមកដល់​រសៀល​ថ្ងៃ​ពុធ​នេះ។ មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹងថា រាល់ដង​ការបូមទឹក​បញ្ចូល​ស្រះ​ដែល​រីងស្ងួត​នោះ មាន​រយៈពេល​ទៅមួយ​សប្តាហ៍​ទើប​អាច​ពេញ ដូច​ធម្មតា។



ការបូមទឹក​បញ្ចូល​ក្នុង​ស្រះ​ប្រាសាទអង្គរវត្ត ដែល​គោក​ហួតហែង ដោយសារ​រដូវប្រាំង​អួ​ស​បន្លាយ​យូរ បានចាប់ផ្តើម​កាលពី​ល្ងាច​ថ្ងៃទី២១ មេសា។ ក្រុមការងារ​នៃ​អាជ្ញាធរ​អប្សរា បាន​ប្រើ​ទឹក​ពី​កសិណ​ខាង​លិ​ច ឈាង​ខាងជើង ចំងាយ​ប្រមាណ៣០០ម៉ែត្រ ពី​ស្រះ​ទឹក។ តាម​បទពិសោធន៍​កន្លងមក ទំរាំ​បូម​បំពេញ​ស្រះ​បាន ត្រូវ​ប្រើពេល​យ៉ាងហោច​មួយ​សប្តាហ៍។ គេ​នៅ​មិនទាន់​ដឹងថា តើ​ការបញ្ចូល​ទឹក​លើក​នេះ ប្រើពេល​ដូច​លើកមុនៗដែរ​ឫ​យ៉ាងណា​នោះទេ។

តាម​ការបញ្ជាក់​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់ថា ការខកខាន​បូមទឹក​ដាក់​ស្រះ​ខាងលើ មាន​រយៈពេល​យូរ​មកហើយ។ ប្រភព​ដដែល​បញ្ជាក់ថា កន្លងមក ក​ណិ​ណ​ជុំវិញ​ប្រាសាទអង្គរវត្ត ក៏​ធ្លាប់​គោក​ក្នុង​រដូវប្រាំង​ផងដែរ ដែល​ពេលនោះ អាជ្ញាធរ បានធ្វើ​សកម្មភាព​បូមទឹក​ពី​ស្ទឹង​សៀមរាប ដើម្បី​រំដោះ​គ្រោះថ្នាក់​នោះ។

យ៉ាងណា នៅ​រសៀល​ថ្ងៃទី២២ មេសា​នេះ សកម្មភាព​បូមទឹក​ប​ញ្ចូ​ល​ស្រះ​កំពុង​បន្ត ហើយ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​អប្សរា ពុំមាន​ផលប៉ះពាល់​ណាមួយ ដោយសារ​ការបូមទឹក​នេះ​ទេ។ ក្រុម​ជំនាញ​របស់​អាជ្ញាធរ​អប្សរា កំពុង​បន្ត​ការតាមដាន​ទៅលើ​ការងារ​ទាំងនោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com