កីឡាជាតិ
លោក Ohara Kazunori ត្រូវបានតែងតាំងជាគ្រូបង្វឹកសម្រាប់ឈុត World Cup របស់កម្ពុជា 
លោក Ohara Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ រូបថត ហ្វេសប៊ុក
×![]()
នាយកបច្ចេកទេសថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Ohara Kazunori ទទួលបន្ទុកមួយបន្ថែមទៀតក្នុងនាមជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាសម្រាប់យុទ្ធនាការប្រកួតជម្រុះ World Cup នាពេលខាងមុខ។ នេះបើតាមការអះអាងរបស់លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក ខៀវ សាម៉េត បានបញ្ជាក់ថា លោក Oharaជនជាតិជប៉ុន ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិប៊ូតង់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ គឺជាមនុស្សដែលសហព័ន្ធមានការទុកចិត្តខ្ពស់ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា។
ទាក់ទងនឹងការតែងតាំងគ្រូបង្វឹកថ្មី អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា៖ «ដោយសារកម្មវិធីប្រកួតស៊ីហ្គេម និង World Cup ត្រូវជាន់គ្នា ដូច្នេះ យើងត្រូវមានការបែងចែកឲ្យបានច្បាស់ពីតួនាទីគ្រូបង្វឹក។ គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoonត្រូវផ្តោតអារម្មណ៍ខ្ពស់លើយុទ្ធនាការស៊ីហ្គេម ដែល FFC ដាក់ទិសដៅឲ្យឈានទៅដល់វគ្គខ្វែង ខណៈលោក Oharaត្រូវរៀបចំក្រុមសម្រាប់ព្រឹត្តិការណ៍ World Cup»។
លោក ខៀវ សាម៉េត បានបន្ថែមថា ក្រុមគ្រូជំនួយ និងថ្នាក់ដឹកនាំទាំងអស់ដែលនៅជាមួយគ្រូបង្វឹក Lee Tae Hoonសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម គឺត្រូវរក្សាឲ្យនៅដដែល។ សម្រាប់ក្រុម World Cup ក្រៅពីការតែងតាំងលោក Oharaអាយុ៤២ឆ្នាំ ជាគ្រូបង្វឹក លោក ម៉ៃ តុលា ទទួលភារកិច្ចជាអ្នកចាត់ការទូទៅក្រុម ហើយពួកលោកត្រូវចាត់ចែងជ្រើសរើសក្រុមគ្រូជំនួយបន្ថែមទៀត រីឯគ្រូបង្វឹកចាំទី ក៏មានសញ្ជាតិជប៉ុនដូចលោក Oharaផងដែរ។
អនុប្រធាន FFC ទទួលស្គាល់ថា កីឡាករនឹងមានភាពមមាញឹកខ្លាំង ប៉ុន្តែសហព័ន្ធផ្តល់អាទិភាពដល់លោក Lee Tae Hoonក្នុងការរៀបចំក្រុមឲ្យបានរឹងមាំមុន ខណៈវគ្គខ្វែងក្នុងស៊ីហ្គេមគឺជាគោលដៅចំបង។
សម្រាប់ព្រឹត្តិការណ៍វគ្គជម្រុះ World Cup កម្ពុជាស្ថិតក្នុងពូល E ជាមួយជប៉ុន ស៊ីរី អាហ្វហ្គានីស្ថាន និងសឹង្ហបុរី។ បើតាមលោក ខៀវ សាម៉េត បញ្ហាទឹកដីសម្រាប់ការប្រកួតជាមួយស៊ីរី និងអាហ្វហ្គានីស្ថាន កំពុងស្ថិតក្នុងការពិភាក្សា ខណៈពហុកីឡដ្ឋានជាតិអូឡាំពិកនឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវទាំង៤ ។
«កីឡដ្ឋានយើងនឹងរួចរាល់ទាន់ពេលវេលា ខណៈពេលនេះ យើងមិនមានបញ្ហារឿងស្មៅឡើយ ប៉ុន្តែយើងរង់ចាំការអះអាងបន្ថែមពីភាគីក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹងភ្លើង»។ នេះជាការបញ្ជាក់របស់លោក ខៀវ សាម៉េត៕
© រក្សាសិទ្ធិដោយ thmeythmey.com