ជាតិ
សង្គមជាតិ
អ្នកស្នាក់នៅ​ផ្ទះ​ជួល​មួយចំនួន​សម្រេច​ដេក​ក្រៅ​បន្ទប់​ខណៈ​អាកាសធាតុ​ក្តៅ​ខ្លាំង
22, Apr 2015 , 5:11 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ពលរដ្ឋ​ជាច្រើន​បាន​សម្តែង​ការ​រអ៊ូរទាំ​ជា​បន្តបន្ទាប់​ខណៈពេលដែល​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ អ្នក​ដែល​ស្នាក់​នៅតាម​បន្ទប់​ជួល​ក្នុង​រាជធានី​ភ្នំពេញ​មួយចំនួន​បានសម្រេច​ចិត្ត​វេច​ខ្នើយ​ភួយ ប្តូរ​មក​គេង​នៅក្រៅ​បន្ទប់​របស់ខ្លួន​ជា​បណ្តោះអាសន្ន ព្រោះ​ទ្រាំ​នឹង​អាកាសធាតុ​ក្តៅ​មិនបាន។ រីឯ​អ្នក​ខ្លះទៀត រអ៊ូ​ថា ពួកគេ​នឹងត្រូវ​ចំណាយ​ប្រាក់​ប្រចាំខែ​ច្រើនជាង​សព្វដង ព្រោះ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​រាល់​យប់។ ដោយឡែក​ពលរដ្ឋ​ដែល​រស់នៅ​ទីជនបទ​មួយចំនួន​អះអាងថា មាន់ ទា របស់​ពួកគាត់​បាន​ងាប់​អស់​ជាច្រើន​ក្បាល​ព្រោះ​អាកាសធាតុ​ក្តៅ​ខ្លាំង។ចំណែកឯ​បុគ្គលិក​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយចំនួនទៀត​វិញ ពួកគេ​បានសម្រេច​ចិត្ត​មិន​ត្រឡប់​ទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅឯ​ផ្ទះ​ដូច​សព្វដង​នោះទេ​ពួកគេ​បាន​វេច​ខ្ចប់​អាហារ​យកមក​ទទួលទាន​នៅ​កន្លែងធ្វើការ​តែម្តង ព្រោះ​ថ្ងៃ​ក្តៅ​ខ្លះ​ពេក​ពិបាក​ធ្វើដំណើរ។



«យប់មិញ​ខ្ញុំ​ដេក​ទាំង​បែកញើស​ជោគ​ខ្លួន ណាមួយ​គ្រុនផ្តាសាយ​ផង ទ្រាំ​សឹង​មិនបាន​ទម្រាំ​តែ​ដល់​មេឃ​ភ្លឺ»។ នេះ​ជាការ​រអ៊ូរទាំ​របស់លោក សំណាង។ ខណៈពេល​កំពុង​ឈរ​ស្លៀក​ខោខ្លី​ត្រឹម​ពាក់កណ្តាល់​ភ្លៅ​នៅ​រាន​ហាលមុខ​បន្ទប់​ជួល​ជាន់​ទី​ពីរ ក្នុង​សង្កាត់​បឹង​កេងកង​បី រាជធានី​ភ្នំពេញ យុវ​វជន​វ័យ​ប្រមាណ​ជា​ជិត៣០ឆ្នាំ​រូបនេះ​ដក​ដង្ហើមធំ​បណ្តើរ រៀបរាប់​បណ្តើ​រថា ជាធម្មតា​លោក​តែង​ចូល​គេង​ពី​ព្រលប់​រាល់ថ្ងៃ តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​លោក​បាន​វេច​ខ្នើយ​ភួយ​មក​គេង​ក្រៅ​បន្ទប់​រហូតដល់​យប់​ជ្រៅ​ទើប​ត្រឡប់​ចូលទៅក្នុង​បន្ទប់​វិញ។

ជា​អ្នកស្នាក់នៅ​បន្ទប់​ជាប់​នឹង​លោក សំណាង​ដែរ លោក​វិ​រៈរ​អ៊ូ​ថា៖«ទោះបី​បើក​កង្ហារ​ជាប់​ក៏ដោយ ក៏​ទប់​មិន​ឈ្នះ​ដែរ ខ្ញុំ​ដេក​មិនសូវ​លក់​ទេ មួយ​យប់​ងូតទឹក ពី២ ទៅ៣ដង​ឯណោះ។ ខ្ញុំ​សាក​ដេក​លើ​ប៉ៅ​អ៊ី​មុខ​បន្ទប់​ពីរ​យប់​មកហើយ»។

ងាក​មក​ស្តាប់​លោកវិទូ វិញ។ លោក វិទូ ជា​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ម្តាយ​របស់លោក​នៅ​ស្រុក​ឯ​ខេត្តព្រៃវែង​បាន​អះអាងថា កូន​មាន់ កូន​ទា របស់គាត់​បាន​ងាប់​អស់​ជាច្រើន​ក្បាល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ព្រោះតែ​អាកាសធាតុ​ក្តៅ​ខុសពី​ធម្មតា។

ជាមួយគ្នានេះដែរ​លោក ចំ​រ៉ុង ដែលជា​មិត្ត​រួម​ការងារ​ជាមួយ​លោក វិទូ ផងដែរ​នោះបាន​រអ៊ូ​ថា លោក​នឹងត្រូវ​ចំណាយ​ប្រាក់​ច្រើនជាង​ខែមុនៗ ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ​លោក​ប្រើ​ម៉ាស៊ីនត្រជាក់​ជាប់​រាល់​យ​ប់ បើ​មិន​ដូច្នេះ​ទេ​លោក​មិនអាច​ទទួលទានដំណេក​បាន​នោះទេ។

ដោយឡែក​លោក វិសាល ដែលជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​នេះដែរ បានសម្រេច​ចិត្ត​មិន​ត្រឡប់​ទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​ក្រុមគ្រួសារ​នៅឯ​ផ្ទះ​ដូច​សព្វដង​នោះទេ ដោយ​លោក​បាន​វេច​ខ្ចប់​អាហារ​យកមក​ទទួលទាន​នៅ​កន្លែងធ្វើការ​តែម្តង ព្រោះ​អាកាសធាតុ​ក្តៅ​ខ្លាំង​ពិបាកធ្វើ​ដំណើរ។

ទាក់ទិន​នឹង​បម្រែបម្រួល​អាកាសធាតុ​នេះ​លោក អ៊ុំ រី​ណា​ ប្រធាន​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​សារព័ត៌មានថ្មីៗ កាលពី​ថ្ងៃទី២១ ខែមេសា ម្សិលមិញ​ថា មូលហេតុ​ដែល​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​គឺ​ដោយសារតែ​ប្រទេស​កម្ពុជា​កំពុងស្ថិត​នៅក្នុង​ខែចេត្រ (រដូវប្រាំង) មិនទាន់​ចូល​រដូវវស្សា​នៅឡើយ ហើយ​ជាមួយគ្នានេះ​ផងដែរ​កម្ពុជា​ក៏​កំពុង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប៕


© រក្សាសិទ្ធិដោយ thmeythmey.com