ជាតិ
សង្គមជាតិ
អ្នកជំនាញ​អះអាង​ថា ភ្លៀងធ្លាក់លាយ​ដុំទឹកកក​តូច​ ជា​បាតុភូត​ធម្មតា​
22, Apr 2015 , 8:08 pm        
រូបភាព
រូបថត​ពី​ហ្វេសប៊ុក​
រូបថត​ពី​ហ្វេសប៊ុក​
អ្នករាជធានីភ្នំពេញ និង​អ្នក​ក្រុង​សៀមរាប​បាន​ភ្ញាក់ផ្អើល​ចំពោះ​បាតុភូតធ្លាក់ដុំទឹកកក​ ដែលលាយឡំជាមួយ​ភ្លៀង​ធំ​នៅ​រសៀល​ថ្ងៃ​ទី​២២​ខែមេសានេះ។



ភ្លៀងមិនបាន​ធ្លាក់ជាទូទៅ​នៅក្នុង​ក្រុង​និង​រាជធានីទាំងពីរ​ទេ ដូច្នេះ​អ្នកខ្លះ​ក៏មិនបានដឹង​អំពី​បាតុភូត​នេះ ហើយ​បាន​ត្រឹម​តែ​មើល​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​អ្នកបានឃើញ​ដុំទឹកកកធ្លាក់ ថតបង្ហោះ​។

លោក អ៊ុំ រីណា ប្រធាន​នាយកដ្ឋានឧតុនិយម​នៃ​ក្រសួង​ធនធានទឹក​ និងឧតុនិយម​បាន​ពន្យល់ប្រាប់សារព័ត៌មាន​ថ្មីៗ​នៅព្រលប់​ថ្ងៃ​ពុធនេះ​ថា នេះគឺ​ជាបាតុភូត​ធម្មតាមួយ​ បន្ទាប់ពី​អាកាសធាតុក្តៅខ្លាំង ហើយ​ថាសីតុណ្ហភាព​នៅក្នុង​ដុំពពកក្រាស់ខ្លះ​មានកម្រិត​ក្រោម​សូន្យ​អង្សារ​នោះ។ លោក អ៊ុំ​ រីណា បាន​បញ្ជាក់យ៉ាង​ដូច្នេះ៖«នេះជាបាតុភូត​ធម្មតាទេ។ វាបានកើតតាំងពីម្សិលមិញ (ថ្ងៃអង្គារ) នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី។ តាមពិត​ដុំទឹកកក​ពិតប្រាកដ​ដែលធ្លាក់ពី​ក្នុងពពកមក ត្រូវធំជាងនេះផង។ ប៉ុន្តែ​ទំរាំវាធ្លាក់មកដល់ដី ត្រូវទឹក ត្រូវ​ខ្យល់ ទើបយើងឃើញ​វា​តូចៗ​អ៊ីចឹង»។
ចំពោះលោក អ៊ុំ រីណា ប្រសិនបើដុំ​ទឹកកក​ធ្លាក់ដូចគ្នា​នៅពេល​គ្មាន​ភ្លៀង នោះទើបជាការ​ព្រួយ​បារម្ភ។ នេះមិនមែនជាឆ្នាំដំបូង​ដែរ ដែល​មាន​ដុំទឹកកក​តូចៗ​ធ្លាក់លាយឡំជាមួយ​ទឹក​ភ្លៀង។ កាលពី​ប៉ុន្មាន​ឆ្នាំមុន ក៏មាន​បាតុភូត​ដូចគ្នា​នៅ​ខេត្ត​មណ្ឌលគិរី និងរតនគិរី ហើយ​មនុស្សម្នា​បាន​ថត​បង្ហាញ​ ចែករំលែក​ប្រាប់គ្នា​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដូចគ្នាន​ដែរ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com