ជាតិ
សង្គមជាតិ
រឿង«៣.៥០»នឹងត្រូវចាក់បញ្ចាំងនៅដើមខែមិថុនា ក្រោយបានភ្លើងខៀវពីក្រសួង 
×![]()
នៅទីបំផុតទៅភាពយន្តរឿង«បីកន្លះ» ឬ«៣.៥០» ដែលត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឲ្យចាក់ផ្សាយ តាំងពីឆ្នាំ២០១៣មក នឹងចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅដើមខែមិថុនាខាងមុខ។ការបញ្ជាក់ពីការចាក់បញ្ចាំងខ្សែភាពយន្ត ដែលឆ្លុះបញ្ចាំងពីអំពើជួញដូរផ្លូវភេទនិងមនុស្សខុសច្បាប់នៅកម្ពុជាគឺបន្ទាប់ពីមានការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ដើមឡើយខ្សែភាពយន្តនេះ ត្រូវចាក់បញ្ជាំងនៅថ្ងៃទី៣១តុលាឆ្នាំ២០១៣ប៉ុន្តែបានអាក់ខានដោយសារតែក្រសួងវប្បធម៌និងវិចិត្រសិល្បៈមិនអនុញ្ញាតក្រោមហេតុផលថា ប៉ះពាល់ដល់សីលធម៌និងសេចក្តីថ្លែថ្នូររបស់ស្ត្រីកម្ពុជា។
លោក ឆាយ បូរ៉ា ផលិតកររឿង «៣.៥០»បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះថា ភាពយន្តរឿង«៣.៥០» ជាភាពយន្តមួយដែលឆ្លុះបញ្ជាំងពីការរំលោភបំពានផ្លូវភេទលើស្ត្រី និងការជួញដូរផ្លូវភេទដែលធ្លាប់មាន និងកំពុងកើតមាននៅកម្ពុជា និងចង់ផ្តល់សារដល់ជនរួមជាតិ កុំឲ្យចាញ់បោករបស់ជនខិលខូចមួយចំនួន យកទៅជួញដូរផ្លូវភេទ នៅតំបន់ផ្សេងនៅភ្នំពេញ និងតំបន់ទេសចរណ៍ផ្សេងទៀតនៅកម្ពុជា។
ផលិតករភាពយន្តរូបនេះ បានសម្តែងក្តីរំភើបជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងនេះ។ លោក ថា៖«ខ្ញុំសប្បាយចិត្តជាខ្លាំង ព្រោះគ្មានអ្វីធំជាងខ្សែភាពយន្តដែលយើងខំផលិត ដោយចំណាយទាំងពេលវេលា លុយកាក់ បានចាក់ផ្សាយសាធារណៈនោះទេ»។
បើតាមលោក ឆាយ បូរ៉ា បើទោះបីក្រសួងអនុញាតឲ្យចាក់ផ្សាយមែន ប៉ុន្តែក្រសួងតម្រូវឲ្យកាត់នាទីចោលខ្លះ នៅឈុតមួយនៅក្នុងសាច់រឿង គឺឈុត«ដេរសន្ទះព្រហ្មចារី» មកនៅត្រឹម១នាទី ដែលដើមឡើយឆុតនេះ មានរយៈពេល៣នាទីនោះ។
យ៉ាងណាក៏ដោយ ផលិតករភាពយន្តដែលទទួលជោគជ័យខ្លាំង ក្នុងការផលិតភាពយន្តឯកសារ«ឃ្លាតទៅសែនឆ្ងាយ» (Lost Loves)រូបនេះ មិនរំពឹងថារឿង»៣.៥០«នេះ នឹងទទួលបានគាំទ្រច្រើនពីសំណាក់ប្រជាជនកម្ពុជាឡើយ ដោយលោកលើកហេតុផលថា យុវជនបច្ចុប្បន្នគេចូលចិត្តមើលតែរឿងបែបមនោសញ្ចេតនា កំប្លែង ឬរឿងខ្មោចជាដើម។ បើទោះបីជាយ៉ាងនេះក្តី ម្ចាស់ផលិតកម្មដើមត្នោតរូបនេះ ចង់ឲ្យរឿង«៣.៥០» បានដាក់បញ្ជាំងនៅតាមស្ថានីយទូរទស្សន៍ផងដែរព្រោះការចាក់ផ្សាយនៅតាមទូរទស្សន៍អាចឲ្យប្រជាជនខ្មែរទូទាំងប្រទេសបានទស្សនា និងយល់ពីទិដ្ឋភាពដែលកើតមាននៅក្នុងសង្គមខ្មែរមួយនេះ។
សូមបញ្ជាក់ថា ភាពយន្តដែលនិយាយពីតម្លៃរបស់ក្មេងស្រីម្នាក់ ស្មើនឹងប្រាក់ ៣.៥០ដុល្លារ ដើម្បីទទួលបានសេវាកម្មផ្លូវភេទពីនាងនេះ ធ្លាប់បានចាក់បញ្ជាំងនៅក្នុងប្រទេសផ្សេងទៀតនៅអាស៊ី និងអឺរ៉ុប និងអាមេរិកផងដែរ ដូចជាប្រទេសសិង្ហបុរី អេស្ប៉ាញ និងនៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ហើយទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ៕
ទស្សនាវីដេអូខ្លី
© រក្សាសិទ្ធិដោយ thmeythmey.com