ជាតិ
ភាពយន្ត​ឯកសារ «កុំ​ស្មាន​បង​ភ្លេច៖ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់» ទាក់​ទាញ​ចំណាប់​​អារម្មណ៍​ច្រើន​នៅ​អាមេរិក
23, Apr 2015 , 9:00 pm        
រូបភាព
ក្រុម​តន្ត្រី​ដែលមាន​ឈ្មោះថា បក្សី​ចាំក្រុង។ រូបថត Mol Kamach
ក្រុម​តន្ត្រី​ដែលមាន​ឈ្មោះថា បក្សី​ចាំក្រុង។ រូបថត Mol Kamach
ដោយ: រួបរួម
ខ្សែភាពយន្ត​ឯកសារ​ដែលមាន​ចំណងជើង​ថា «កុំ​ស្មាន​បង​ភ្លេច៖ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់» (Don’t Think I’ve Forgotten: Cambodia’s Lost Rock and Roll» របស់​ផលិតករ​អាមេរិក លោក John Pirozzi ត្រូវបាន​ចាក់​បញ្ចាំង​ក្នុង​សាល​នៃ​វេទិកា​ភាពយន្ត (Film Forum) នៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃ​ទី២២ ដល់​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ។



ភាពយន្ត​ឯកសារ​ដែលមាន​រយៈពេល១០៥នាទី​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​នឹង​ភាពសំបូរ​បែប​នៃ​បទ​ចម្រៀង និង​តន្ត្រី​ខ្មែរ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៦០ និង​ឆ្នាំ១៩៧០ ជាពិសេស​តន្ត្រី​រ៉ក់ និង​រ៉ូ​ល ដ៏​ពេញនិយម​នា​សម័យ​នោះ។ លោក John Pirozzi និង​ក្រុមការងារ​របស់លោក បាន​ចំណាយពេល​ប្រមាណ១០ឆ្នាំ​ដើម្បី​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​សិល្បៈ​ខ្មែរ​ដែល​បាន​បាត់បង់​ដោយសារ​សង្គ្រាម។

«Don’t Think I’ve Forgotten: Cambodia’s Lost Rock and Roll» រំលេច​ឲ្យ​ឃើញ​នូវ​ស្នាដៃ​សិល្បៈ​តន្ត្រី​របស់​ខ្មែរ កាលពី​ជាង៤០ឆ្នាំ ដែល​ទទួលបាន​ឥទ្ធិពល​ពី​តារាចម្រៀង​បារាំង Johnny Hallyday និង​តារាចម្រៀង​អង់គ្លេស Cliff Richard ជាដើម។ បន្ថែម​ពីលើ​នេះ ផលិតករ​បានធ្វើ​បទ​សម្ភាស​ជាមួយ​សិល្បកៈ តន្ត្រីករ និង​អ្នកជំនាញ​សិល្បៈ ដែល​នៅ​រស់រៀនមានជីវិត​ពី​របប​ខ្មែរក្រហម។

តន្ត្រី​រ៉ក់ និង រ៉ូ​ល មាននៅ​ក្នុង​ចម្រៀង​ជាច្រើន​បទ​របស់​អធិរាជ​ចម្រៀង​មាស លោក ស៊ីន ស៊ី​សាមុត អ្នកស្រី រស់ សេរី​សុទ្ធា និង​អ្នកស្រី ប៉ែន រ៉​ន ជាដើម។ អតីតព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ក៏​គាំទ្រ​ដ៏​ខ្លាំងក្លា​ផងដែរ។

ក្នុង​វេទិកា​ភាពយន្ត (Film Forum) នៅ​ក្រុង​ញូវយ៉ក ស្នាដៃ​ភាពយន្ត​ឯកសារ «Don’t Think I’ve Forgotten: Cambodia’s Lost Rock and Roll» ទទួលបាន​នូវ​ការចាប់អារម្មណ៍​ជាច្រើន​ផងដែរ​ពី​បណ្តាញសារព័ត៌មាន​ធំ​នៅ​សហរដ្ឋអាមេរិក ដូចជា New York Times, Hollywood Reporter, Blouin Arfinfo, NPR ជាដើម។

លោក ស៊ីន សេដ្ឋ​កុល ចៅប្រុស​បង្កើត​របស់​អធិរាជ​សំនៀង​មាស ស៊ីន ស៊ី​សាមុត រួមទាំង​សិល្បករ និង​តន្ត្រីករ​មួយចំនួនទៀត ដូចជា​លោក ម៉ិ​ញ សុធី​វណ្ណ ជាដើម ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ចាក់​បញ្ចាំងភាពយន្ត​ឯកសារ​ដ៏​មានតម្លៃ​នេះ​ផងដែរ។



ផលិត​ចប់​រួចរាល់​នៅ​ឆ្នាំ២០១៤ ភាពយន្ត​ឯកសារ «កុំ​ស្មាន​បង​ភ្លេច៖ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់» ត្រូវបាន​ចាក់​បញ្ចាំង​ជា​លើក​ដំ​បួង​នៅ​សាល​មហោស្រព​ចតុមុខ​កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ ហើយ​បាន​បោះជំហាន​ជា​បន្តបន្ទាប់​ទៅកាន់​ទីផ្សារ​ភាពយន្ត​អន្តរជាតិ ដូចជា​សហរដ្ឋអាមេរិក កាណាដា បារាំង ហូ​ឡង់ ជាដើម។



ក្រៅពី​ការ​បញ្ចាំង​ក្នុង Film Forum នៅ​ក្រុង​ញូវយ៉ក ខ្សែភាពយន្ត​ឯកសារ​នេះ មាន​វត្តមាន​ផងដែរ​នៅ​រោងភាពយន្ត The Film Society of Minneapolis St.Paul នៃ​រដ្ឋ Minnesota ពីថ្ងៃ​ទី៩ ដល់​ថ្ងៃទី២៥ ខែមេសា។ តាម​គម្រោង រហូតដល់​ថ្ងៃខែ​មិថុនា ខ្សែភាពយន្ត​នេះ នឹងត្រូវ​ចាក់​បញ្ចាំង​យ៉ាងហោចណាស់​ចំនួន២០លើក​ទៀត៕






© រក្សាសិទ្ធិដោយ thmeythmey.com