កីឡាជាតិ
ជាតិ
ជប៉ុន-កម្ពុជា បង្កើតពានហ្វុតសាលដើម្បីអបអរដល់ស្ពាន «ត្សឹបាសា» ដែលវែងជាងគេនៅកម្ពុជា 
×![]()
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសហការគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ហ្វុតសាលមួយដែលមានឈ្មោះថា «Tsubasa Futsal Cup for Tomorrow» នាសៅរ៍ ទី២៥ ខែមេសា ខាងមុខនៅពហុកីឡដ្ឋានជាតិ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីអបអរការដាក់ឲ្យប្រើប្រាស់ស្ពានវែងបំផុតនៅកម្ពុជា គឺស្ពាន «ត្សឹបាសា» ឬស្ពាន «អ្នកលឿង» ដែលជាចំណងដៃរបស់រដ្ឋាភិបាលជប៉ុន។
ក្រុមកីឡាបាល់ទាត់ហ្វុតសាលចំនួន៥របស់កម្ពុជា និងក្រុម៥ផ្សេងទៀតមកពីជប៉ុន នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ «Tsubasa Futsal Cup for Tomorrow» ។ ពានរង្វាន់ដែលផ្តួចផ្តើមឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃនាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០១៥ នៅក្នុងសាលនៃពហុកីឡដ្ឋានជាតិ។
«Tsubasa Futsal Cup for Tomorrow» គឺជាព្រឹត្តិការណ៍ប្រកួតជាលក្ខណៈមិត្តភាពដើម្បីរឹតចំណងការទូតរវាងរាជាណាចក្រកម្ពុជា និងជប៉ុន បន្ទាប់ពីស្ពាន «ត្សឹសាបា» ដែលគេស្គាល់ថា ជាស្ពានអ្នកលឿង ត្រូវបានដាក់ឲ្យដំណើរការកាលពីដើមខែកន្លងមក។ ក្រោមជំនួយឥតសំណងប្រមាណ៩៥លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន ត្សឹបាសា លេចជារូបរាងឡើងក្នុងនាមជាស្ពានដែលវែងជាងគេនៅកម្ពុជា និងមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ស្ថិតនៅខេត្តព្រៃវែងដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំប្រទល់ប្រទេសវៀតណាម។
ក្លិប Albirex Niigata Phnom Penh ដែលបានដកខ្លួនចេញពីការប្រកួតដណ្តើមពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ដើម្បីផ្តោតលើកម្មវិធីកីឡាបាល់ទាត់ថ្នាល និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ គឺជាអ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រកួតនេះ។
បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC សម្រាប់ជំនួបរវាងក្រុមមិនមែនអាជីពនេះ ក្រុមកម្ពុជា និងជប៉ុន មានកីឡាករ៤ក្រុម និងកីឡាការិនី១ក្រុមរៀងៗខ្លួន។ ក្រុមកម្ពុជា មានមួយក្រុមត្រូវបានរើសចេញពីតំបន់អ្នកលឿងនៃខេត្តព្រៃវែងដែលនៅខាងកើតស្ពាន Tsubasa ក្រុមខេត្តកណ្តាលដែលស្ថិតនៅដើមស្ពានខាងលិច ក្រុមអង្គការដើម្បីភាពញញឹម នៃកុមារ និងក្រុម NOCC ខណៈក្រុមនារី គឺក្រុម A Yo GG ដែលបានឈ្នះជើងឯកក្នុងព្រឹត្តិការណ៍ Cam Ed Women Futsal-Cup 2015 ។
ដោយឡែកភាគីជប៉ុន បុរសទាំង៤ក្រុមមិនមានកីឡាករអាជីពនោះឡើយ ហើយក្រុមនារីជប៉ុន តំណាងដោយក្រុម Nankatsu Shooters ដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៥
ដោយលោក Yoichi Takahashi ដែលជាអ្នកនិពន្ធ និងជាអ្នកគូរូបត្លុកដ៏ល្បីល្បាញម្នាក់នៅប្រទេសជប៉ុន។ វត្តមានរបស់ក្រុមមួយនេះ ក៏ដើម្បីលើកកម្ពុជាវិស័យកីឡាបាល់ទាត់ផ្នែកនារីផងដែរ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ឲ្យដឹងថា ក្រុមបុរសទាំង៨ក្រុមនឹងធ្វើការប្រកួតជាលក្ខណ:វិលជុំ ដោយ២ប្រកួតមានរយៈពេល២០នាទី ហើយក្រុម៤ដែលមានពិន្ទុខ្ពស់ជាងគេនឹងឈានជាបន្តបន្ទាប់រហូតដល់វគ្គផ្តាច់ព្រ័ត្រ៕ © រក្សាសិទ្ធិដោយ thmeythmey.com