កីឡាជាតិ
ជាតិ
កីឡាវ៉ូស៊ូ ប្រកួតជើងឯកថ្នាក់ជាតិចុងខែមេសានេះ 
×![]()
ការប្រកួតកីឡាវ៉ស៊ូជ្រើសរើសជើងឯកជាតិឆ្នាំ២០១៥ នឹងចាប់ផ្ដើមនៅចុងខែមេសានេះ មានរយៈពេល ៦ ថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ ៣០ មេសា ឆ្នាំ ២០១៥ នៅអាគារដំបូលទូកបរិវេណពហុកីឡដ្ឋានជាតិ។
យោងតាមសេចក្តីជូនដំណឹងដល់សមាគម ក្លិប ក្រសួងស្ថាប័ន មន្ទីរអប់រំរាជធានី ខេត្តនាពេលថ្មីៗរបស់សហព័ន្ធកីឡាវូស៊ូកម្ពុជា បានបញ្ជាក់ថា នេះជាគម្រោងកម្មវិធីប្រកួតប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និង កីឡា ដែលក្រសួងនឹងរ៉ាប់រងរាល់ការចំណាយទាំងស្រុង និង សហការបច្ចេកទេសជាមយយនាយកដ្ឋានអប់រំកាយនិង កីឡា។
សម្រាប់ការប្រកួតជើងឯកវូស៊ូឆ្នាំនេះ គឺមានការប្រកួតវិញ្ញាសាដូចជា សម្តែងថាវលូ(Taolu)ជាឯកត្តជន រួមមាន ឆាន់ឈានបុរស-នារី ណានតាន់បុរស-នារី ជៀនស៊ូនារី តុនស៊ូបុរស ថៃជិ២៤បុរស-នារី ណាន់តុនបុរស ណាន់ឈានបុរស-នារី ចាងឈានបុរស ថៃជិជៀននារីនិងថៃជិឈាន៤២បុរស-នារី។ចំពោះវិញ្ញាសាថាវលូ ប្រកួតជាក្រុម(ក្នុង១ក្រុម មានចំនួន០៣នាក់) និងសម្តែងជាឯកត្តជនបុរស នារីរយៈពេលមួយនាទី ។ រីឯ វិញ្ញាសាប្រយុទ្ធសាន់ស៊ូ មានផ្នែកបុរស មានប្រភេទទម្ងន់ ៤៨គ.ក្រ ៥២គ.ក្រ ៥៦គ.ក្រ ៦០គ.ក្រ ៦៥គ.ក្រ និង ៧០គ.ក្រឡើង។ តែសម្រាប់ផ្នែកនារី មានតែពីរប្រភេទទម្ងន់ប៉ុណ្ណោះ គឺទម្ងន់៤៥គ.ក្រ និង៦០គ.ក្រឡើង។
កាលពីឆ្នាំ២០១៤កន្លងមក ក្នុងការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកជាតិប្រចាំឆ្នាំនេះ មាន សមាគម-ក្លិប ចំនួន ៨ ចូលរួមដែលមានកីឡាករ១៣៣នាក់ និងកីឡាការិនីចំនួន៨១នាក់។ កាលណោះ មានវិញ្ញាសា Taolu(សំដែង)ជាក្រុមមានចំនួន ១០វិញ្ញាសា និង សំដែងជាឯកត្តជន មាន ២វិញ្ញាសា ហើយវិញ្ញាសាប្រយុទ្ធ(Sanshu)បុរសមាន៨ ប្រភេទទម្ងន់និងនារីមាន ២ ប្រភេទទម្ងន់ ដូចគ្នានឹងឆ្នាំនេះដែរ។
កីឡាវូស៊ូ ធ្លាប់ទទួលបានមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣កន្លងមកចំនួន ១ គ្រឿងដែរដោយកីឡាករ លុយ រីនដា លើវិញ្ញាសាប្រយុទ្ធសាន់ស៊ូទម្ងន់ ៥២ គីឡូក្រាម ហើយក្នុងឆ្នាំ២០១៥នេះ វូស៊ូក៏មានឈ្មោះត្រូវទៅចូលការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ ដែលរៀបចំធ្វើនៅប្រទេសសឹង្ហបុរី នាពាក់កណ្ដាលខែមិថុនាខាងមុខនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com