អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​អាច​ក្តៅ​ជាថ្មី​ពេល​ម៉ាឡេស៊ី​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន
25, Apr 2015 , 11:16 am        
រូបភាព
ដោយ:
សកម្មភាព​របស់​ចិន​ជា​បន្តបន្ទាប់ នៅ​តំបន់​ត្រួតស៊ីគ្នា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ភាគី​ជម្លោះ​ហ្វីលីពីន និង​វៀតណាម អាច​ក្លាយជា​ក្តៅ​ថ្មី​ទៀត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ២០១៥នេះ ស្របពេល​ដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ បាន​បញ្ជាក់ថា លោក​នឹង​លើក​បញ្ហា​នេះ​ដាក់​ជា​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែលមាន​ម៉ាឡេស៊ី​ជា​ប្រធាន។





ស្រប​ពេលដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាន់តែ​ខិតជិត​មកដល់ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នឹង​ក្លាយជា​ប្រធានបទ​ក្តៅ​គ្របដណ្តប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​ខាងមុខ។ មេដឹកនាំ​កំពូល​ហ្វីលីពីន​បាន​អះអាងថា​ខ្លួន​នឹង​ស្នើ​ឲ្យ មេដឹកនាំ​អាស៊ាន ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដើម្បី​ថ្កោលទោស​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែល​ហ៊ាន​រំលោភ​ដែន​អធិបតេយ្យ​របស់ខ្លួន។ យ៉ាងណាក៏ដោយ ចំណោទបញ្ហា​ត្រូវបាន​លើកឡើងថា តើ​សេចក្តីថ្លែងការណ៍​នោះ អាច​នឹងធ្វើ​ទៅរួច​ដែរឬទេ ខណៈពេល​ម៉ាឡេស៊ី ដែលជា​ប្រធាន​នោះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​របស់​លោក Xi Jinping។

នៅ​ថ្ងៃទី ២៦ ខែមេសា ខាងមុខនេះ ម៉ាឡេស៊ី នឹង​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៦  ។ តាម​ការរំពឹងទុក បន្ទាប់ពី​កម្ពុជា កិច្ចប្រជុំ​នៅ​ម៉ាឡេស៊ី​អាច​នឹង​ក្លាយជា​វេទិកា​បញ្ចេញ​កំហឹង​សារជាថ្មី​របស់​ហ្វីលីពីន និង វៀតណាម ដើម្បី​វាយប្រហារ ទៅលើ​មហា​យក្ស​ចិន។

អ្វីដែល​គួរកត់សម្គាល់​នោះ បញ្ហា​នេះ​តែងតែ​ឡើងក​ម្តៅ នៅពេលដែល​សមាជិក​អាស៊ាន ដែលមាន​និន្នាការ​ងាក​ទៅរក​ចិន ធ្វើជា​ម្ចាស់ផ្ទះ។ តួយ៉ាង ក្នុងពេលដែល​កម្ពុជា​ធ្វើជា ប្រធាន​អាស៊ាន​នៅក្នុង​ឆ្នាំ២០១២ កម្ពុជា​បាន​ក្លាយជា​សមរភូមិរ​បស់​ហ្វីលីពីន និង វៀតណាម ក្នុងការ​បញ្ចេញ​កំហឹង ដើម្បី​វាយប្រហារ ទិតៀន​ចិន។

សម្រាប់​កិច្ចប្រជុំ​កំពូល​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ខាងមុខ ប្រធានាធិបតី​ហ្វីលីពីន លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ នឹង​ស្នើ​ឲ្យ មេដឹកនាំ​អាស៊ាន​ចេញ សេចក្តីថ្លែងការណ៍​រួមមួយ ដើម្បី​ថ្កោលទោស និង រិះគន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​លើ​ការទន្ទ្រាន​រំលោភ​ដែនសមុទ្រ​ជម្លោះ​ក្បែរ​កោះ​ស្ព្រា​ត​លី ដែលជា​តំបន់ ត្រួត​ស៊ី​រវាង ហ្វីលីពីន និង ចិន។ ការស្នើសុំ​សេចក្តីថ្លែងការណ៍​នេះ ហាក់ដូចជា​ការផ្ញើ​សារ​មួយ​ទៅកាន់​រដ្ឋាភិបាល​ម៉ាឡេស៊ី ក្នុងនាម​ជា​ប្រធាន​អាស៊ាន គួរ​ត្រៀម​ទុក​មុន និង រក្សា​គោលជំហ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។

ម៉ាឡេស៊ី គឺជា​ប្រទេសមួយ​ក្នុងចំណោម​សមាជិក​បួន​របស់​អាស៊ាន​រួមមាន​ប្រ៊ុយណេ ហ្វីលីពីន និង​វៀតណាម ដែល​ជាប់​ពាក់​ព​ន្ធ័​នឹង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ យ៉ាងណាក៏ដោយ ចិន និង ម៉ាឡេស៊ី មិន​ធា្ល​ប់​មាន​វិវាទ​ធ្ងន់ធ្ងរ​ជាមួយគ្នា​នោះទេ។ ផ្ទុយទៅវិញ ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង​ស្ងប់ស្ងាត់ និង​ជិតស្និទ្ធ​គ្នា ទាំង​វិស័យ​ការទូត និង ពាណិជ្ជកម្ម៕



© រក្សាសិទ្ធិដោយ thmeythmey.com