ជាតិ
សង្គមជាតិ
ហេតុអ្វី«ច្រកចេញចូល​តែមួយ»ក្រុង​ស្ទឹងសែន ជា​គំរូ​ទូទាំងប្រទេស?
25, Apr 2015 , 2:15 pm        
រូបភាព
ដោយ:
កំពង់ធំ៖ រយៈពេល៥ឆ្នាំ​ហើយ ដែល​ច្រកចេញចូល​តែមួយ​ត្រូវបាន​បង្កើត​នៅក្នុង​ក្រុង​ស្ទឹងសែន​នៃ​ខេត្តកំពង់ធំ។ ដំណើរការ៥ឆ្នាំនេះ បាន​នាំ​កិត្តិយស និង​កិត្តិនាម​ដល់​រដ្ឋបាល​ច្រកចេញចូល​តែមួយ​នៃ​ក្រុង​ស្ទឹងសែន។ ដោយសារ​តែមាន​មន្ត្រី​មាន​សមត្ថភាព​ច្រើន ហើយ​បាន​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ទៀត​នោះ ច្រកចេញចូល​តែមួយ នៃ​ក្រុង​ស្ទឹងសែន​បានក្លាយ​ជា គំរូ​ទូទាំងប្រទេស។



ក្រោយពី​ការអនុវត្ត​ដោយ​ជោគជ័យ​គម្រោង ការងារ​ច្រកចេញចូល​តែមួយ​នៅក្នុង​ក្រុង​បាត់ដំបង និង​ក្រុង​សៀមរាប​ហើយ​នោះ ច្រកចេញចូល​តែមួយ​នៃ​ក្រុង​ស្ទឹងសែន គឺ​គម្រោង​ក្រុមទី២ ដែល​ទទួលបាន​សរសើ​រ​ពី​ថ្នាក់លើ។ ច្រកចេញចូល​តែមួយ​នៃ​ក្រុង​ស្ទឹងសែន​ក៏​ក្លាយជា​មេរៀន​សម្រាប់​ក្រុង​ក្រុមទី៣ ដែល​ត្រូវបង្កើត​ច្រកចេញចូល​តែមួយ។ ក្នុងពេល​កន្លងមក មន្ត្រី​ថ្នាក់ស្រុក​នៃ​ខេត្តបាត់ដំបង ស្វាយរៀង និង​កំពត​ជាដើម បានមក​ធ្វើ​កម្មសិក្សា​នៅ​ក្រុង​ស្ទឹងសែន។

លោក ហៀវ ប៊ុនហេង អនុប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា  ក្រសួងមហាផ្ទៃ​ក៏បាន​ចុះមក​ថត​ស្ព​ត ឬ​វីដេអូ​ឃ្លី​ប ដើម្បី​ផ្សព្វផ្សាយ​នៅតាម​ទូរទស្សន៍​អំពី​ភាព​គំរូ​នៃ​ការិយាល័យ​នេះ។ លោក​អនុប្រធាន​បាន​រៀបរាប់​បន្ថែ​មយ៉ាង​ដូច្នេះ៖«មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះមក​ធ្វើការ​វាយតម្លៃ​ជាច្រើន​ដង។ បន្ថែម​លើសពីនេះ គេ​បាន​ទាំង​ចុះ​សង្កេត​ផ្ទាល់​នៅ​ច្រក​យើង ដោយ​បន្លំ​ជា​ប្រជាជន​សាមញ្ញ​ធម្មតា ដែល​មក​ទទួល​សេវា​ពី​ខាង​មន្ត្រី​ច្រក​រយៈ​ប្រហែល១ខែ​កន្លះ​ឯណោះ ដោយ​មិនឱ្យ​យើង​ដឹង​ឡើយ»។
លោក​បន្តថា៖«ធម្មតា​វា​តែងមាន​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។ ប៉ុន្តែ​ច្រក​យើង​ទទួលបាន​ចំណុច​វិជ្ជមាន​ច្រើន​ចំពោះ​ការផ្តល់សេវា​ពី​បុគ្គលិក​ច្រក។ លើសពីនេះ មន្ត្រី​យើង​មាន​ភាព​រួសរាយ រាក់ទាក់ ស្និទ្ធស្នាល មិនមាន​អំពើពុករលួយ និង​បម្រើសេវា​បាន​លឿន»។

ការ​មាន​ឧ​ត្ត​ម​គតិ មនសិការ​ការងារ​ប​ម្រើ​ពលរដ្ឋ​ដោយស្មោះ​ត្រង់ ថែមទាំង​ការជួយ​គ្នា​ក្នុងចំណោម​សហការី ទាំងអស់​នេះហើយ បើតាម​លោក ហៀវ ប៊ុនហេង ដែល​បានធ្វើ​ឲ្យ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​ក្រុង​ស្ទឹងសែន​ទទួលបាន​ការទទួលស្គាល់​ខ្លាំង៕


© រក្សាសិទ្ធិដោយ thmeythmey.com