ជាតិ
សង្គមជាតិ
រដ្ឋគ្រោងសង់លំនៅដ្ឋានលក់ និងជួលឲ្យប្រជាជនក្រីក្រនៅទូទាំងប្រទេស លោក បេងហុង សុជាតិខេមរ៉ូ
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់លំនៅដ្ឋានសម្រាប់ប្រជាជនដែលមានកម្រិតខ្វះខាតនៅទូទាំងប្រទេស តាមរយៈគណៈកម្មការសិទ្ធិលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ប៉ុន្តែគម្រោងនេះ កំពុងស្ថិតនៅក្រោមការសិក្សារបស់អាជ្ញាធរនៅឡើយ។
អាជ្ញាធរនៃអគ្គនាយកដ្ឋានលំនៅបាននឹងកំពុងសិក្សាពីសមត្ថភាពក្នុងការសង់លំនៅដ្ឋានដល់ពលរដ្ឋខ្វះខាតនៅទូទាំងប្រទេស ដើម្បីឈានដល់ការអនុវត្តនូវការផ្តល់សេវាលំនៅ ដ្ឋាននេះ។ លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន បានឲ្យដឹងថា គណៈកម្មការសិទ្ធិលំនៅដ្ឋានកំពុងរៀបចំផែនការមេចំនួន ៤ មុននឹងឈានទៅសង់សំណង់នោះ ។ លោកបន្ថែមថា ផែនការទាំងនោះ រួមមាន ទី១ ការកសាងសមត្ថភាពទៅដល់មន្ត្រី ទី២ ការបង្កើតមូលនិធិសម្រាប់លំនៅដ្ឋាន ទី៣ ការរៀបចំបទដ្ឋានលំនៅដ្ឋាន និងទី៤ ឈានទៅការអនុវត្តគម្រោងសាកល្បងនោះតែម្តង។
ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពី ការអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យ នៅថ្ងៃទី២៣ នៅទីស្តីការក្រសួងរៀបចំដែនដី អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ គណៈកម្មការសិទ្ធិលំនៅដ្ឋាន ទើបចាប់ផ្តើមអនុវត្តការងារទី១ គឺ កសាងសមត្ថភាព។
អគ្គនាយកដ្ឋានលំនៅឋាន ទើបនឹងត្រូវរដ្ឋាភិបាលសម្រេចបង្កើតបានជាង ៨ខែ ប៉ុណ្ណោះ។ លោក បេងហុង សុជាតិខេមរ៉ូ ថា៖ «ការបង្តើតឲ្យមានកម្មវិធីនេះឡើង គឺដោយសារតែមានការបំលាស់ទីរបស់ ប្រជាពលរដ្ឋពីជនបទមកទីក្រុង ពីកន្លែងមួយទៅកាន់តែកន្លែងមួយទៀត។ រាជរដ្ឋាភិបាល មានគម្រោងពីរ សម្រាប់ពួកគាត់ ដែលទី១ គឺ គម្រោងសម្រាប់លក់ដាច់ឲ្យពួកគាត់ (ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ក្រីក្រ) និងទី២ គម្រោងលំនៅឋានសម្រាប់ជួល» ។
គណៈប្រតិភូចំនួន ១០ប្រទេស ក៏បានមកចូលរួមផ្តល់បទពិសោធន៍ នៃការផ្តល់សេវាលំនៅដ្ឋានឲ្យបានសមរម្យដល់ប្រជាជន ក្នុងកិច្ចប្រជុំស្តីពី ការអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យដែលរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមេសា ឆ្នាំ២០១៥នេះ។ ប្រទេសទាំងនោះ រួមមាន ប្រទេសឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា ស្រីលង្កា ហ្វីលីពីន ម៉ុងហ្គោលី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន និងប្រទេសនេប៉ាល់។
បើតាមរបាយការណ៍របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ កម្ពុជាមានប្រជាជនរស់នៅ ក្រោមបន្ទាត់នៃភាពក្រីក្រចំនួន ១៨ភាគរយ ក្នុងចំណោមប្រជាជនសរុបជាង ១៥លាននាក់។
គួរបញ្ជាក់ថា គម្រោងនេះ កន្លងមក អង្គការសម្ព័ន្ធភាពអាស៊ីដើម្បីសិទ្ធិលំនៅឋាន (ACHR) និងអង្គការមួយចំនួនទៀត ក៏ធ្លាប់បានអនុវត្តនូវគម្រោងនេះដែរ។ ប៉ុន្តែគម្រោងទាំងនោះ ពុំសូវមានប្រសិទ្ធប្រសើរប៉ុន្មាននោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com