ជាតិ
សង្គមជាតិ
ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៥ ជាខួប ៣ ឆ្នាំ នៃការស្លាប់របស់លោក ឈុត វុទ្ធី រូបថត លោក ឈុត វុទ្ធី កាលលោកនៅមានជីវិត
× នៅថ្ងៃទី ២៦ ខែមេសា ស្អែកនេះ ជាខួប ៣ ឆ្នាំនៃការស្លាប់របស់សព លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញនៅកម្ពុជា ។ លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៤ នៅក្នុងបរិវេណភូមិវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងពេលដែលរូបលោកចុះទៅឃ្លាំមើលសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់នេះ ។
ឃាតករដែលបាញ់សម្លាប់លោក ឈុត វុទ្ធី នោះ គឺលោក អ៊ិន រតនា មន្ត្រីកងរាជអាវុធហត្ថ តែបន្ទាប់ពីសម្លាប់លោក ឈុត វុទ្ធី លោក អ៊ិត រតនា ត្រូវបានជនមិនស្គាល់មុខម្នាក់ទៀតបាញ់សម្លាប់ភ្លាមៗដែរ ។ សំណុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី ត្រូវតុលាការដំបូងខេត្តកោះកុងតម្កល់ទុកឥតចាត់ការ ក្រោមហេតុផងថា បណ្តឹងអាជ្ញារលត់ ព្រោះឃាតករបានស្លាប់ទៅហើយ។ ដោយឡែកឃាតករដែលបាញ់សម្លាប់លោក អ៊ិន រតនា នោះត្រូវតុលាការចោទប្រកាន់ប៉េអឹមម្នាក់ គឺលោក រ៉ាន់ បូរ័ត្ន ថាជាអ្នកសម្លាប់ ហើយតុលាការខេត្តកោះកុង នៅខែតុលា ឆ្នាំ ២០១៣ បានសម្រេចឲ្យមន្ត្រីប៉េអឹមរូបនេះ ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ តែជនជាប់ចោទរូបនោះត្រូវជាប់ពន្ធនាគារតែ ៦ ខែប៉ុណ្ណោះ ដោយទោសដែលនៅសល់ត្រូវព្យួរ ។
ការស្លាប់របស់លោក ឈុត វុទ្ធី មិនត្រឹមតែប្រជាពលរដ្ឋខ្មែរទេ ដែលទទួលស្គាល់ពីវីរភាពសកម្មជនការពារព្រៃឈើរូបនេះ សូម្បីសហគមន៍អន្តរជាតិក៏កោតសរសើរពីវីរៈភាពរបស់លោកផងដែរ។ នៅក្នុងពិធីគំនិតផ្តួចផ្តើមជាសកលរបស់លោក Clinton កាលពីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៤ នៅទីក្រុងញូវយ៉ក កន្លងទៅ លោកប្រធានាធិបតីអាមេរិក បានសរសើរការលះបង់របស់លោក ឈុត វុទ្ធី ដើម្បីព្រៃឈើនៅកម្ពុជា ៕ © រក្សាសិទ្ធិដោយ thmeythmey.com