ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់​ទេសចរណ៍​នៅ​ទន្លេសាប​ឈប់​យកលុយ​ពី​ភ្ញៀវ
27, Apr 2015 , 11:28 am        
រូបភាព
សៀមរាប៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្គាប់​ឲ្យ​ស្ថាប័ន​គ្រប់គ្រង និង​ជាពិសេស​ក្រុមហ៊ុន​លក់​សំបុត្រ​ចូល​ទស្សនា​បឹង​ទន្លេសាប ត្រូវ​បញ្ឈប់​ការលក់​សំបុត្រ​ដល់​ភ្ញៀវទេសចរ​គ្រប់​រូបភាព។ នេះ​បើ​យោងតាម សេចក្តីជូនដំណឹង ដែល​ចេញផ្សាយ​កាលពី​ពាក់កណ្តាល​ខែមេសា​កន្លង​ទៅ។



ក្នុង​ស.ជ.ណ ឫ​សេចក្តីជូនដំណឹង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រុមហ៊ុន​ចំនួន២ ឲ្យ​បញ្ឈប់​អាជីវកម្ម​លក់​សំបុត្រ​ដល់​ភ្ញៀវទេសចរ ដែល​ចូលទៅ​ទស្សនា​នៅ​តំបន់​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប (លើកលែងតែ​តំបន់​ចុង​ឃ្នៀ​ស) មាន​តំបន់​កំពង់​ភ្លុក​ជាដើម។ ក្រុមហ៊ុន​ទាំងនោះ​មាន​ក្រុមហ៊ុន ស៊ូ​ជី​ញ (Sou Ching Port Investment Co,.LTD) និង​ក្រុមហ៊ុន ស៊ី​ផេ​ក (Sea Pac Investment Co,.LTD) របស់​កូរ៉េ។ «ក្នុងករណីក្រុមហ៊ុន មិនអនុវត្តតាមបទបញ្ជានេះ ក្រុមហ៊ុននឹងត្រូវប្រឈម​នឹងការដកហូត​គោលការណ៍វិនិយោគជាយកថាហេតុ»។ នេះជាខ្លឹមសារចុងក្រោយនៃស.ជ.ណ។

អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប លោក ប៊ុន ថា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា ខេត្ត​បាន​បញ្ជូន​ស.ជ.ណ ទៅ​ក្រុមហ៊ុន​ទាំងនោះ​ហើយ។ តាម​ធម្មតា តម្លៃ​សំបុត្រ​ចូលទៅ​តំបន់​កំពង់​ភ្លុក មានតម្លៃ ៣ដុល្លារ​សម្រាប់​ភ្ញៀវទេសចរ​បរទេស ដោយឡែក​សម្រាប់​ពលរ​ដ្ឋ​ខ្មែរ ចូលទៅ​កម្សាន្ត​ដោយ​ឥតគិតថ្លៃ លើកលែងតែ​រដូវ​បុណ្យទាន ដែល​តម្លៃ​សំបុត្រ មាន​ពី១ដុល្លារ ទៅ៣ដុល្លារ​ផងដែរ។

មគ្គុទ្ទេសក៍​ទេសចរណ៍ លោក ម៉ី សី​ដា បាន​សាទរ​ចំពោះ​ការបញ្ឈប់​ការលក់​សំបុត្រ​របស់​ក្រុមហ៊ុន​ខាងលើ។ លោក​បញ្ជាក់ថា កន្លងមក​ក្រុមហ៊ុន ស៊ូ​ជី​ញ ធ្លាប់មាន​ទំនាស់​ជាច្រើន​នឹង​ម្ចាស់​ទូក​ដឹក​ភ្ញៀវទេសចរ ដូចជា​ការដំឡើងថ្លៃ​ទូក​ជាដើម។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖« ទូក​ដឹក​ភ្ញៀវ​របស់​សហគមន៍ គឺ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ស៊ូ​ជី​ញ។ បើ​នៅ​កំពង់​ភ្លុក ក្នុង​ទួ​កមួយ​ជើង​តម្លៃ ២៥ដុល្លារ ក្រុមហ៊ុន​យក ៥ដុល្លារ​ពី​ម្ចាស់​ទូក។ ថ្មីៗនេះ​ឮថា ក្រុមហ៊ុន ចង់​បិទ​លែង​តំបន់​កំពង់​ភ្លុក និង​បង្វែរ​ភ្ញៀវ​មក​តែ​តំបន់​ចុង​ឃ្នៀ​ស​វិញ»។

បើទោះជា​មា​នស.ជ.ណ បញ្ឈប់​ការលក់​សំបុត្រ​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្តសៀមរាប យ៉ាងណាក្តី តែ​ក្រុម​មគ្គុទ្ទេសក៍​មួយចំនួន​គិតថា ក្រុមហ៊ុន ស៊ូ​ជី​ញ នៅតែមាន​សិទ្ធិ គ្រប់គ្រង​លើ​ទូក​ទេសចរណ៍​សហគមន៍​នៅ​តំបន់​នោះ​ដដែល។ អាច​មិន​យក​តម្លៃ​សំបុត្រ តែ​ដំឡើង​តម្លៃ​ទូក​វិញ​ក៏​ថា​បាន៕


© រក្សាសិទ្ធិដោយ thmeythmey.com