ជាតិ
សង្គមជាតិ
AII និង PPIU តំណាង​ឲ្យ​កម្ពុជា​ក្នុងការ​ប្រកួត​អ្នកតស៊ូ​មតិ​ឆ្នើម និង​វោហា​សព្ទសាធារណៈ​នៅ​អាស៊ី
27, Apr 2015 , 2:06 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សិស្ស​នៃ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង (AII) បាន​ដណ្តើម​ពានរង្វាន់​អ្នកតស៊ូ​មតិ​ឆ្នើមប្រចាំឆ្នាំ ២០១៥ ខណៈ​និស្សិត​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) បាន​ដណ្តើម​ជ័យលាភីវោហា​សព្ទសាធារណៈ​ ក្នុង​វេទិ​កា​​​ប្រកួត​នៅ​​ថ្ងៃទី២៦ ម្សិលមិ​ញ​នេះ​។ បន្ទាប់ពី​ទទួលបាន​ជ័យលាភី​ហើយនោះ  ពួកគេ​នឹង​ធ្វើជា​តំណាង​កម្ពុជា បន្តទៅ​ចូលរួម​ប្រកួត​ប្រចាំ​តំបន់​ដែល​នឹង​ប្រារព្ធ​ឡើង​អំឡុង​សន្និសីទ​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ២០១៥ អំឡុង​ខែមិថុនា ក្នុងប្រទេស​ម៉ាឡេស៊ី ខាងមុខ។



វេទិកា​តស៊ូ​មតិ​និង​វោហា​ស័ព្ទ​ជា​សាធារណៈ​នេះ មាន​សិស្ស និង​និស្សិត​មកពី​គ្រឹះស្ថាន​អប់រំ​ចំនួន ៧ បាន​ចូលរួម​ ក្នុងនោះ​ រួមមាន​ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ (ZAMAN) សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប (AEU) សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) សាកលវិទ្យាល័យ​ន័​រ​តុ​ន (NU) សាកលវិទ្យាល័យ​បៀ​ល​ប្រាយ (BBU)  ​និង​ វិទ្យាស្ថាន​អន្តរ​ទី្វ​ប​អាមេរិកាំង (AII) ។

ការប្រកួតប្រជែង​ពានរង្វាន់​វោហា​ស័ព្ទ​ជា​សាធារណៈ​ និង​អ្នកតស៊ូ​មតិ​ឆ្នើម​ដែល​រៀបចំឡើង ដោយ​សភា​យុវជន​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI)នេះ​ បាន​ប្រព្រឹត្តទៅ​ពេញ​មួយថ្ងៃ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិច​ណូ) ។

បន្ទាប់ពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ និង​ការផ្តល់​ពិន្ទុ​ពី​សំណាក់​ចៅក្រម​វិនិច្ឆ័យ​រួច​នោះ ជា​លទ្ធផល ជ័យលាភី​អ្នកតស៊ូ​មតិ​ឆ្នើម​បាន​ធ្លា​ក់លើ​សិស្ស​មកពី​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង (AII)  រីឯ​ផ្នែក​វោហា​ស័ព្ទ​ជា​សាធារណៈ បាន​លើ​និស្សិត​មកពី​សាកលវិទ្យាល័យ​ភ្នំពេញអន្តជាតិ។

តំណាង​ជ័យលាភី​ក្រុម​អ្នកតស៊ូ​មតិ​ឆ្នើម​នៃ AII កញ្ញា ប៉ែន សុខ​អាន បាន​សម្តែង​អារម្មណ៍ រីករាយ​ជាខ្លាំង នៅពេលដែល​ក្រុម​របស់​កញ្ញា​បាន​ជ័យ​ឈ្នះ។ សុខ​អាន និយាយ​យ៉ាង​ដូច្នេះ ថា៖«មោនភាព​របស់​យើង និង​សាលា​របស់​យើង នៅ​ដែល​ក្រុម​របស់​យើង​ឈ្នះ​លើ​ក្រុម ឆ្នើមៗដ៏ទៃទៀត។ ក្រុម​យើង​បាន​សហការគ្នា​បាន​យ៉ាង​ល្អ ទាំង​ការស្រាវជ្រាវ​លើ​ប្រធានបទ និង​ទាំង​ការតស៊ូ​មតិ​លើ​វេទិកា»។ ទន្ទឹមនឹង​ការបន្ត​ទៅ​ប្រកួត​ប្រចាំ​តំបន់​អាស៊ី នាពេល​ខាងមុខនេះ សុខ​អាន បាន​ប្តេជ្ញា​ថា នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​យកជ័យ​ជំនះ​ឲ្យ​កម្ពុជា​ផងដែរ។ កញ្ញា ញញឹម​ប្រាប់ថា៖«ខ្ញុំ​មិន​ហ៊ាន​ថា​ឈ្នះ ឬ​យ៉ាងណាទេ ប៉ុន្តែ​ក្រុម​យើង​នឹង​សហការគ្នា​ឲ្យ​កាន់តែខ្លាំង ដើម្បី​កម្ពុជា»។

គួ​ររម្លឹកថា សុខ​អាន ជា​ជ័យលាភី​ជើងឯក​វោហា​ស័ព្ទ​ជា​សាធារណៈ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ ២០១៤ នៅ​ប្រទេស​ជប៉ុន។ ពេលនោះ នាង​បាន​ក្លាយជា​បេក្ខជន​តំណាង​អាស៊ី​ចូលរួម​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ថ្នាក់​ពិភពលោក​នៅ​ទីក្រុង Leipzig ប្រទេស​អាល្លឺម៉ង់ ជាមួយ​ដៃគូឆ្នើម៣នាក់​ទៀត​ដែលជា​ជើងឯក​ប្រចាំ​ទ្វីបអាមេរិក អឺរ៉ុប និង អាហ្វ្រិក។ ប៉ុន្តែ សុខ​អាន​ ពុំ​ចំណាត់ថ្នាក់​ជើងឯក​នោះទេ​ ពេលនោះ តំណាង​មកពី​ទ្វីបអាហ្វ្រិក ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​បាន​កា្ល​យ​ជា​ជ័យលាភី​ថ្នាក់​ពិភពលោក។ ទោះបីជា​យ៉ាងណា នារី​វ័យ ១៩ ឆ្នាំ​រូបនេះ នៅតែមាន​មោទនភាព​ចំពោះកម្ពុជា ដែលមានបេក្ខជន​បាន​ក្លាយជា​តំណាង​ឲ្យ​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក។

ដោយឡែក ជ័យលាភី​វោហា​ស័ព្ទ​ជា​សាធារណៈ​ប្រចាំឆ្នាំ ២០១៥នេះ​វិញ​ត្រូវបាន​លើ កញ្ញា តារា រត្ន ដែលជា​និស្សិត​ច្បាប់ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ។ និស្សិត​ឆ្នាំ​ទី៤ រូបនេះ រីករាយ នឹង​លទ្ធផល​នេះ ដោយ​នាង​បាន​លើកឡើងថា នាង​មិន​នឹកស្មាន​ដល់ ចំពោះ​លទ្ធផល នេះ​ទេ។ រៀប​រាប់ទាំង​អារម្មណ៍​រំភើប រត្ន ថា៖«ខ្ញុំ​មិន​គិតថា អាច​ទទួលបាន​ជ័យលាភី​ទេ ព្រោះ​បេក្ខជន​ដ៏​ទៃ​សុទ្ធតែជាឆ្នើមៗ ទាំងអស់»។

មុននឹង​ចាកចេញ​ទៅ​ប្រកួត​វោហា​ស័ព្ទ​នៅ​ម៉ាឡេស៊ី​ដែរនោះ កញ្ញា រត្ន រំពឹងទុក​ទាំង​រឹងមាំ​ថា នាង​នឹង​យកឈ្នះ​ក្នុង​កម្មវិធី​នេះ«ខ្ញុំ​សង្ឃឹម ៩៩,៩ភាគរយ ថា នឹង​អាច​យកឈ្នះ​បេក្ខជន​នៅ ក្នុង​តំបន់​អាស៊ី»។ នេះ​ការរំពឹង​របស់​កញ្ញា រត្ន។

ប្រធានបទ​ប្រកួត​ក្នុង​កម្មវិធី​ឆ្នាំ ២០១៥នេះ​ផ្តោត​សំខាន់​លើ​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ (UN-MDGs) ដែល​ទាក់ទង​នឹង​ប្រធានបទ កាត់បន្ថយ​ភាពក្រីក្រ​ធ្ងន់ធ្ងរ​និង​បញ្ឈប់​ការរីក​សាយ​នៃ​មេរោគ​អេដស៍​ព្រមទាំង​ការផ្តល់​នូវ​ការអប់រំ​បឋមសិក្សា​ជា​សាកល​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០១៥ ។

គួរ​បញ្ជាក់ថា ជ័យលាភី​តំណាង​កម្ពុជា នឹងត្រូវ​ទៅ​ចូលរួម​ក្នុងការ​ប្រកួត​ប្រចាំ​តំបន់​ដែល​នឹង​ធ្វើឡើង​អំឡុង​សន្និសីទ​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ២០១៥ នៅ​ថ្ងៃទី១១ដល់ទី១៤ ខែមិថុនា ក្នុងប្រទេស​ម៉ាឡេស៊ី។ ហើយ​ក្រុម​ដែល​ទទួលបាន​ជ័យជំនះ​ក្នុង​កម្មវិធី​នោះ​នឹង​បន្តទៅ​ប្រកួតប្រជែង​ជ្រើស​ជើងឯក​ពិភពលោក​ដែល​នឹង​ប្រារព្ធ​ក្នុង​ខែ​វិ​ច្ឋិ​កា នៅ​ប្រទេស​ជប៉ុន៕



© រក្សាសិទ្ធិដោយ thmeythmey.com