កីឡាជាតិ
សហព័ន្ធ​បាល់ឱប​កម្ពុជា​ជ្រើស​បាន​កីឡាករ​ជម្រើសជាតិ​ទៅ​ប្រកួត Sea Game ហើយ
27, Apr 2015 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា (Cambodian Federation of Rugby  ) បាន​ប្រកួត​ជ្រើស កីឡាករ​បាល់ឱប​ជម្រើសជាតិ​ចំនួន ១០រូប ជា​ផ្លូវការ នៅ​ថ្ងៃទី២៦ ខែមេសា ម្សិលមិញ​នេះ។ ជម្រើសជាតិ​ទាំងអស់ នឹងត្រូវ​ចេញទៅ​ប្រកួត​កីឡា Sea Game ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី ដែល​នឹង​ប្រព្រឹត្តទៅ​អំឡុង​ខែមិថុនា ខាងមុខ។



សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​បានរៀបចំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជម្រើសជាតិ​បាល់ឱប​រដូវ​កាល​ទី៥ហើយ នៅ​រសៀល​ម្សិលមិញ ក្នុង​ពហុ​កីឡដ្ឋាន​ស្ដា​ត​ចាស់ បន្ទាប់ពី​សហព័ន្ធ​បាន​បើក​ការប្រកួត​ចាប់តាំងពី​ដើមឆ្នាំ ២០១៥ មក​នោះ។

អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា លោក ខេង សុភាព បាន​មានប្រសាសន៍ថា សហព័ន្ធ​បាល់ឱប​បាន​ជ្រើស​កីឡាករ​ដែលមាន​កម្លាំង​រឹងមាំ និង​ស្វាហាប់​ចំនួន ១០នាក់ នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡា​បាល់ឱប​កម្ពុជា ២០១៥នេះ។ លោក​បន្តថា កីឡាករ ជម្រើសជាតិ​ទាំងនេះ នឹងត្រូវ​ចេញទៅ​ប្រកួត​ជាមួយ​ប្រទេស​ផ្សេងទៀត នៅ Sea game ២០១៥ ក្នុងប្រទេស​សិង្ហ​បុរី។

បន្ទាប់ពី​ការប្រកួតប្រជែង នាពេល​កន្លងមក លោក សុភាព ពិនិត្យឃើញថា ការប្រកួត​រដូវ កាល​ថ្មី​នេះ កីឡាករ​បាល់ឱប​កម្ពុ​ជាមាន​ភាពស្វាហាប់​ច្រើនជាង​មុន។ ជាង​នេះ លោក​អះអាងថា ប្រសិនបើ​មាន​អ្នក​ជួយឧបត្ថម្ភ​ច្រើន​នោះ កីឡា​បាល់ឱប​កម្ពុជា​នឹងមាន​ការអភិវឌ្ឍ កាន់តែ​ល្អប្រសើរ។

អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប (CFR) រូបនេះ មាន​ជំនឿ​ជាក់​ថា កីឡាករ​ដែល​កម្លាំង​រឹងមាំ និង​ស្វាហាប់​ទាំង ១០នាក់ អាច​នឹង​យកឈ្នះ​ដៃគូ​ប្រកួត​នៅ Sea game ២០១៥ដែរ។

នាឱកាស​បិទ​ការប្រកួត​នោះដែរ លោក ហ្វី​លី​ព ម៉ូ​ណាំង (Philippe MONNIN) ជាទី​ប្រឹក្សា សហព័ន្ធ​បាល់ឱប​កម្ពុជា និង​គ្រូបង្វឹក​កីឡា​បាល់ឱប​កម្ពុជា បាន​សង្កេត​កីឡាករ​បាល់ឱប កម្ពុ​ជាមាន​ភាព​អភិវឌ្ឍ​ប្រសើរ​ជាមុន។

ក្នុងការ​ប្រកួត​រដូវ​កាល​ទី៥ ដើម្បី​ត្រៀម​កីឡា​ចូល​ប្រកួត Sea Game នៅ​ខែមិថុនា ខាងមុខនេះ លោក ហ្វី​លី​ព រំពឹងទុក​ថា កីឡាករ​កម្ពុជា​នឹង​អាច​ប្រកួត យកឈ្នះ​កីឡាករ បាល់ឱប​ប្រទេស​អាស៊ាន​ដទៃ​ផងដែរ។

ទោះជា​យ៉ាងណា ទីប្រឹក្សា​រូបនេះ បាន​ជំរុញ​ឲ្យ​កីឡា​បាល់ឱប​ទាំងអស់ ត្រូវតែ​បន្ត ព្យាយាម​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ពង្រឹងស្មារតី​ក្នុងការ​ប្រជែង​ជាមួយ​គូរ​ប្រកួត៕




© រក្សាសិទ្ធិដោយ thmeythmey.com