កីឡាជាតិ
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា លេចរូបរាងសារជាថ្មី 
×![]()
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបង្កើតសាជាថ្មីវិញសម្រាប់អាណត្តិឆ្នាំ ២០១៤ – ២០១៨ ក្រោយសហព័ន្ធមួយនេះលែងដំណើរការអស់ជាច្រើនឆ្នាំ មក គិតពីឆ្នាំ ២០០៨ ដោយសារសម្លឹងឃើញថាកីឡានេះមានសក្ដានុពលនៅលើឆាកអន្តរជាតិ។
លោកឧត្តមសេនីយ៍ឯក មៀច សុផាន់ណា តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឈរធ្វើជាប្រធានសហព័ន្ធដែលត្រូវបង្កើតឡើងវិញមួយនេះ ដែលអមដោយមន្ត្រីជាន់ខ្ពស់មួយចំនួនមកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ជាអនុប្រធាន និង ជាសមាជិកប្រតិបត្តិ នៅថ្ងៃបើមហាសន្និបាតសហព័ន្ធនារសៀលថ្ងៃទី ២៧ មេសា ម្សិលមិញនេះ ក្នុងស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
តាមពិតសហព័ន្ធកីឡាបាញ់កាំភ្លើងចាស់ ធ្លាប់បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៤ ដល់ ២០០៨ ម្ល៉េះ ប៉ុន្ដែសហព័ន្ធនេះលែងមានដំណើរការទៅវិញព្រោះមិនបានធ្វើមហាសន្និបាតប្រចាំអាណត្តិរបស់ខ្លួន ស្របពេលដែលធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធមិនតិចជាង ១០ គ្រឿងមកព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ និង កីឡាស៊ីហ្គេម ផងដែរ។
លោក មៀច សុផាន់ណា រំពឹងថាការចាប់កំណើតថ្មីរបស់សហព័ន្ធនេះអាចនឹងជួយឱ្យកីឡានេះបន្តសក្ដានុពលរបស់ខ្លួនឡើងវិញ ទាំងអាចដណ្ដើមបានមេដាយជូនជាតិ ការពារជាតិ ការពារសន្តិសុខសង្គម ជាដើម។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា កីឡាបាញ់កាំភ្លើងជាវិញ្ញាសាកីឡាមួយអាយុកាលចំណាស់នៅក្នុងកីឡាអូឡាំពិក។ កីឡានេះត្រូវការប្រើអារម្មណ៍ដើម្បីសម្រេចគោលដៅ។ លោកសង្ឃឹមថាសហព័ន្ធថ្មីនេះនឹងអាចបង្ហាញខ្លួនឱ្យបានខ្លាំងលើឆាកអន្តរជាតិបានឡើងវិញ ដើម្បីសម្រេចថាដាក់ក្នុងវិញ្ញាសាកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឬអត់។
© រក្សាសិទ្ធិដោយ thmeythmey.com